បណ្តាប្រទេសអាស៊ានទាំង១០ និងអង្គការអន្តរជាតិ ដែលជាដៃគូរបស់អាស៊ានអូស្ហណេត បានចូលរួមក្នុងកិច្ចប្រជុំរបស់បណ្តាញសុវត្ថិភាព និងសុខភាពការងារលើកទី២២

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត យី កន្និដ្ឋា ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានដឹកនាំមន្ត្រីរបស់នាយកដ្ឋាន ចូលរួមក្នុងកិច្ចប្រជុំរបស់បណ្តាញសុវត្ថិភាព និងសុខភាពការងារលើកទី២២ (22nd ASEAN-OSHNET CBM) និងសន្និសីទលើកទី៨ (AOC-8) ក្រោមប្រធានបទ “ការធ្វើការងារពីផ្ទះ” កិច្ចប្រជុំនេះមារយៈពីរថ្ងៃ គឺចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ តាមរយ:ប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី សហ-ការជាមួយលេខាធិការដ្ឋានអាស៊ានអូស្ហណេត។

កិច្ចប្រជុំនេះ គឺត្រូវរៀបចំធ្វើក្នុងរយៈពេលមួយឆ្នាំម្តង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពការងារ នៅក្នុងតំបន់ និងតាមដាននូវលទ្ធផលការងារ សម្រេចបានក្នុងក្របខ័ណ្ឌនៃការអនុវត្តផែនការសកម្មភាព របស់អាស៊ានអូស្ហណេត ឆ្នាំ២០១៦-២០២០ និងឆ្នាំ២០២០-២០២៥។

ក្នុងកិច្ចប្រជុំនេះដែល ក៍មានការចូលរួមពីបណ្តាប្រទេសអាស៊ានទាំង ១០ លេខាធិការដ្ឋានអាស៊ានអូស្ហណេត និងអង្គការអន្តរជាតិ ដែលជាដៃគូរបស់អាស៊ានអូស្ហណេត រួមមាន៖អង្គការអន្តរជាតិខាងការងារ(ILO), ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារ កូរ៉េ (KOSHA), រដ្ឋបាលផ្នែកសុវត្ថិភាពការងារ នៃសាធារណ:រដ្ឋប្រជាមានិតចិន(SAWS), ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពប្រទេសជប៉ុន(MHLW), សមាគមអធិការកិច្ចការងារអន្តរជាតិ(IALI), វិទ្យាស្ថានដើម្បីការអភិវឌ្ឍន៍កូរ៉េ (KDI), អង្គការសុវត្ថិភាព និងសុខភាពការងារអាស៊ី-ប៉ាស៊ីហ្វិក (APOSHO), និងមជ្ឈមណ្ឌលស្ថិតិ និងបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម សម្រាប់បណ្តាប្រទេសឥស្លាម (SESRIC)។

ដោយឡែកក្នុងកិច្ចប្រជុំនាឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយផ្សារភ្ជាប់នូវសន្និសីទលើកទី៨ ក្រោមប្រធានបទ “ការធ្វើការងារពីផ្ទះ” តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:កម្ពុជា នឹងចូលរួមចែករំលែកនូវបទបង្ហាញស្តីពី ការធ្វើការងារពីផ្ទះ ក្នុងបរិបទនៃការរីករាលនៃជំងឺកូវីដ-១៩ ជូនដល់អង្គប្រជុំផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner