គម្រោងក្រុងប៉េកាំង ដើម្បីធ្វើអោយខ្យល់អាកាសបរិសុទ្ធ ជាជ័យជម្នះដ៏កម្រមួយលើមតិសាធារណជន

ហុងកុង៖ ក្រុង​​ប៉េកាំង​ធ្លាប់​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ទី​ក្រុង​​មាន​ការ​បំពុល​អាកាស​​ខ្លាំង​បំផុត​មួយ​របស់​ពិភព​លោក​ ​ពោពេញ​​ទៅ​ដោយ​ផ្សែង​អ័ព្ទ​ក្រាស់ៗ​ និង​ខ្យល់​កខ្វក់​ជា​ប្រចាំថ្ងៃ​​​​។​ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​​ចិន​​អះ​អាង​​​ថា​ ផ្ទៃ​មេឃ​​ក្នុង​ក្រុង​ភាគ​ច្រើន​មាន​ពណ៌​ខៀវ​ស្រងាត់​ ដែល​ជាស​ញ្ញា​មួយ​បង្ហាញ​ថា​រដ្ឋ​ធានី​របស់​ចិន​ កំពុង​ឈាន​ចូល​យុគ​សម័យ​ថ្មី​នៃ​ខ្យល់​អាកាស​បរិសុទ្ធ​។​

​លោករដ្ឋ​មន្រ្តី​ Huang ​Runqiu ​និយាយ​ប្រាប់​សារព័ត៌មាន​រដ្ឋ​ Global​ Times​ ស្រប​ពេល​ដែល​ក្រុង​នេះ​​កត់​ត្រា​គុណ​ភាព​ខ្យល់​ប្រចាំ​ខែ​ល្អ​បំផុត​តាំង​ពី​ឆ្នាំ​ ២០១៣មក​ ហើយ​លោក​​ថា​៖​ «​ក្រុង​ប៉េកាំង​ពណ៌​ខៀវ​ បាន​ក្លាយ​ជា​សភាព​ធម្មតា​ថ្មី​របស់​យើង​បន្តិច​ម្តង​ៗ​»​។ ​លោក​បន្ថែម​ថា​ ទោះ​បី​ជា​​ក្រុង​ចិន​ជា​ច្រើន​​​ឈរ​នៅ​លំដាប់​ថ្នាក់​​ខ្ពស់​លើ​គុណភាព​ខ្យល់​​អាក្រក់​បំផុត​របស់​ពិភព​លោក​ក៏ដោ​យ​ ​​វា​ក៏ប​ង្ហាញ​ពីភា​ព​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ជាក់​ស្ដែង​ក្រុងប៉េកាំង​​ បាន​​កត់​​ត្រា​​ការ​​បំពុល​បរិយាកាស​​ត្រឹម​តែ​ ១០ ​ថ្ងៃ​ប៉ុណ្ណោះ​​កាល​ពី​ឆ្នាំ​មុន​ ធ្លាក់​ចុះ​ ៨០​ ភាគ​រយ​បើ​ធៀប​ឆ្នាំ​ ២០១៥​។​ ​

​បម្លាស់​ប្ដូរ​នៃ​គុណភាព​ខ្យល់​ក្នុង​ក្រុង​ បង្ហាញ​ពី​ភាព​ជោគ​ជ័យ​នៃ​យុទ្ធនាការ​ប្រឆាំង​ការ​បំពុល​បរិស្ថាន​របស់​ប្រទេស​ចិន​ ដែល​ចាប់​​ផ្តើម​ឡើង​ក្នុង​ឆ្នាំ ​២០១៣ ​ជា​ឆ្នាំ​ដែល​ក្រុង​ប៉េកាំង​​រង​នូវ​​​កំហាប់​​​ភាគ​​ល្អិត​ PM2.5 ក្នុង​​បរិយាកាស​​អាក្រក់​​បំផុត​ ដែល​ឈាន​ដល់​ ៩០០ ​មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ប្រហែល​ ៩០ ​ដង​ខ្ពស់​ជាង​កម្រិត​ប្រចាំ​ថ្ងៃ​នៃ​ការ​កំណត់​របស់​អង្គ​ការ​សុខភាព​ពិភព​លោក​​​​​។

អ្នក​ជំនាញ​បរិស្ថាន​ចិន​​និយាយ​ថា​ ការ​បំពុល​បរិស្ថាន​នៅ​ទីក្រុង​ប៉េកាំង​ និង​តំបន់​ជិត​ខាង​ ភាគ​ច្រើន​បណ្តាល​មក​ពី​វត្តមាន​ឧស្សាហកម្ម​ធុន​ធ្ងន់​ និង​ការ​ប្រើប្រាស់​ធ្យូង​ថ្ម​ខ្ពស់​។​

អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ការ​បំពុល​បរិយាកាស​នៅ​ក្នុង​រដ្ឋធានី​ត្រូវ​បាន​គេ​ហៅ​ថា​អ័ព្ទ​ ប៉ុន្តែ​ឥឡូវ​នេះ​​ដោយ​សារ​មាន​ព័ត៌មាន​ថ្មី​ស្តី​ពី​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​គុណភាព​ខ្យល់​​មិន​ល្អ​ ប្រជាជន​ចិន​លែង​​អត់​ទ្រាំ​នឹង​បញ្ហា​នេះ​ទៀត​ហើយ​​​។

​លោក​ Daniel​ Gardner ​សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៅ​​មហាវិទ្យាល័យ​ Smith ​និង​ជាអ្នក​និពន្ធ​សៀវភៅ​ “​ការ​បំពុល​បរិស្ថាន​នៅ​ប្រទេស​ចិន​៖​ អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​​ដឹង​”​  និយាយ​ប្រាប់​សារព័ត៌មាន​ CNN ​ថា​៖​ «​វា​មិន​​គ្រាន់​តែ​​ធ្វើ​ឱ្យ​មនុស្ស​ក្នុង​ក្រុង​ប៉េកាំង​ក្អក​​ ​ប៉ះពាល់​ដល់​ប្រជាជន​ប្រចាំ​ថ្ងៃ​នោះ​ទេ​ គឺ​វា​ជា​អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត​»​។​

​លោក​បន្ថែម​ថា​៖​ «​បច្ចុប្បន្ន​នេះ ​នៅ​ពេល​ដែល​ពួក​គេ​ក្អក​ វា​គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​ ពួក​គេ​កំពុង​ទទួល​យក​ភាគ​ល្អិត​ដែល​នាំ​ឱ្យ​មាន​ជំងឺ​ និង​មរណភាព​។​ ដូច្នេះ​ហើយ​ ខ្ញុំ​គិត​ថា​ឥឡូវ​នេះ​មនុស្ស​ចាប់​ផ្តើម​មើល​ឃើញ​ពី​គុណភាព​ខ្យល់​ខុស​គ្នា​ខ្លាំង​នៅ​ឆ្នាំ​ ២០១៣​»។​​

​កម្រិត​ភាគ​ល្អិត​និចល ​PM2.5 ​មិន​យូរ​ប៉ុន្មាន​ បានក្លា​យ​ជា​ផ្នែក​មួយ​នៃ​វាក្យសព្ទ​ប្រចាំ​ថ្ងៃ​ ព្រោះ​មនុស្ស​ចាប់​ផ្តើម​រៀប​ចំ​ជីវិត​របស់​ខ្លួន​ជុំវិញ​កម្រិត​នៃ​ការ​បំពុល​ផ្សេង​ៗ​គ្នា​។​ ហើយ​នៅ​ពេល​ដែល​ការ​យល់​ដឹង​ជា​សាធារណៈ​​កើន​ឡើង​ ការ​តវ៉ា​ប្រឆាំង​នឹង​រោងចក្រ​ធ្យូង​ថ្ម​ ក៏​ចាប់​ផ្តើម​​ក្នុង​ទី​ក្រុង​ដូច​ជា​ Kunming ​និង​ Shenzhen​ ជា​ដើម​។​

​លោក​ ស៊ី ​ជីនពីង ​(Xi Jinping) ​ដែល​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​នៅ​ខែ​មីនា​ឆ្នាំ ​២០១៣ ​​ពីរ​ខែ​បន្ទាប់​ពី​ក្រុង​ប៉េកាំង​រង​នូវ​បញ្ហា​បរិយាកាស​​ធ្ងន់ធ្ងរ​ បាន​យក​ឱកាស​នេះ​ដោយ​សន្យា​ថា​នឹង​សម្អាត​ការ​បំពុល​បរិស្ថាន​ ជា​យុទ្ធសាស្ត្រ​មួយ​ជួយ​ឱ្យ​លោក​ទទួល​បានកា​រ​គាំទ្រ​ពី​សាធារណជន​​ កែ​លម្អ​មុខ​មាត់​អន្តរជាតិ​របស់​ចិន​ ​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​បរទេស​ ជា​ដើម​។​

​លោក ​Gardner  និយាយ​ថា​៖ ​«​វិបត្តិ​ទីមួយ​ដែល​កើត​ឡើង​សម្រាប់​លោក​គឺ​បញ្ហា​ខ្យល់​កខ្វក់​ ដោយ​មិន​មែន​គ្រាន់​តែ​ទី​ក្រុង​ប៉េកាំង​នោះ​ទេ​ គឺ​គ្រប់​ក្រុង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​ទាំង​អស់​​​»​។​ លោក​បន្ត​ថា​៖​ «​ឆ្នាំ ​២០១៣ ​គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុងនិយាយ​ដោយ​បើក​ចំហ​ថា​ ចិន​កំពុង​ចាក​ចេញ​ពី​គោល​នយោបាយ​ “​កំណើន​សេដ្ឋកិច្ច​ដាច់ខាត​​”  ហើយ​បន្ត​ឆ្ពោះ​ទៅ​ទិសដៅ​ថ្មី​ដែល​មាន​ភាព​សុខដុម​រវាង​កំណើន​សេដ្ឋកិច្ច​ និង​ការ​រក្សាប​រិស្ថាន​»​។​

​​តាំងពី​ឆ្នាំ​នោះ ​រដ្ឋាភិបាល​បាន​វិនិយោគ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ផែនការ​សកម្មភាព​បំពុល​ខ្យល់​ជាតិ​ ដោយ​​ដាក់​ចេញ​នូវ​បទ​បញ្ជា​ថ្មី​ បង្កើត​ស្ថានីយ៍​ត្រួត​ពិនិត្យ​ខ្យល់​ទូទាំង​ប្រទេស​ ហើយ​​ចាប់​ផ្តើម​បិទ​រ៉ែ​​ធ្យូង​​​ថ្ម ​និង​រោង​ចក្រ​ធ្យូង​ថ្ម​។ ​នៅឆ្នាំ​ ២០១៤ ​ប្រទេស​ចិន​ក៏​បាន​ប្រកាស​ពី​​ «​សង្រ្គាម​ជាតិ​ប្រឆាំង​នឹង​ការ​បំពុល​បរិស្ថាន​»​ និង​បាន​​ណែនាំ​គោលការណ៍​​ស្តង់​ដារ​​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ទាប​បំផុត​សម្រាប់​​ម៉ាស៊ីន​ភ្លើង​ដើរ​ដោយ​ធ្យូង​ថ្ម​។​

​យ៉ាង​ណា​មិញ​ ​ការ​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​ការ​តវ៉ា​លើ​សកម្មជន​បរិស្ថាន​ក៏​កើត​មាន​ផង​ដែរ​។​ ខណៈ​ដែលបក្សកុម្មុយនិស្តរបស់លោក ស៊ី ​រឹតបន្តឹង​ការ​គ្រប់​គ្រង​សង្គម​ស៊ីវិល​ និង​រារាំង​សកម្មភាព​របស់​សកម្មជន​ ​ប៉ូលីស​​បាន​​បិទ​ការ​តវ៉ា​ផ្នែក​បរិស្ថាន​នៅ​ទី​ក្រុង​ Chengdu ​ក្នុង​ឆ្នាំ​ ២០១៦ ​និង​នៅ​ទី​ក្រុង​ Wuhan ​ក្នុង​ឆ្នាំ​ ២០១៩​។

ភាព​យន្ត​ឯកសារ​ជា​ច្រើន​​អំពី​បញ្ហា​បរិស្ថាន​ដូច​ជា​កាក​សំណល់​ប្លាស្ទិក​​ត្រូវ​បាន​ហាម​ឃាត់​​។​ ​ភាពយន្ត​ «​​ក្រោម​ដំបូល​ផ្ទះ​» ​​ដែល​ជា​ភាពយន្ត​ឯកសារ​ឆ្នាំ​ ២០១៥ ​​​រិះ​គន់​ក្រុម​ហ៊ុន​ ​រដ្ឋ​មន្រ្តី​ពុក​រលួយ​ និង​ក្រសួង​រដ្ឋាភិបាល​ចំពោះ​តួនាទី​របស់​ពួក​គេ​នៅ​ក្នុង​វិបត្តិ​គុណភាព​ខ្យល់​ ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ទាំង​ស្រុង​ ក្រោយ​បង្ក​ឱ្យ​មាន​ការ​ជជែក​វែក​ញែក​គ្នា​យ៉ាង​ខ្លាំង​លើ​អ៊ីនធឺណិត​ក្នុង​ចំណោម​ប្រជាជន​ចិន​ជាង​ ២០០​ លាន​នាក់​ដែល​បាន​មើល​ខ្សែ​ភាព​យន្ត​នេះ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ដំបូង​​​។​

​ទោះបែប​នេះ​ក្ដី​​ មេដឹក​កំពូល​ចិន​ក៏​មានមោទនភាព​ចំពោះ​យុទ្ធនាការ​ប្រឆាំង​ការ​បំពុល​បរិស្ថាន​របស់​ចិន​ ដែល​ជា​រឿយៗ​បាន​បិទ​ទ្វារ​រោង​ចក្រ​ និង​កំណត់​ចំនួន​រថយន្ត​នៅ​លើ​ផ្លូវ​ ដើម្បី​ធានា​ផ្ទៃ​មេឃ​ពណ៌ខៀ​វ​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​សំខាន់ៗ​ដូច​ជា​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ ២០១៤ ​របស់​មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក។​​

​​​យ៉ាង​ណា​ក៏​ដោយ​ ​តាម​លោក​រដ្ឋ​មន្រ្តី​ Huang ​បញ្ហាប្រ​ឈម​នៅ​តែ​បន្ត​មាន​។ ​ការ​បំភាយ​ឧស្ម័ន​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​តំបន់​ប៉េកាំង​-ធានជីន​-ហឺប៉ី​ និង​នៅ​ខេត្ត​ភាគ​កណ្តាល​នានា​ ខណៈ​កម្រិត​​ PM2.5 ទា​ប​បំផុត​សម្រាប់​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ នៅ​​តែ​មិន​ទាន់​បំពេញ​តាម​ស្តង់​ដារជាតិ​។

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner