គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ការព្រួយបារម្ភរបស់ក្រុមសង្គមស៊ីវិលអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ គឺបង្ហាញឱ្យឃើញច្បាស់ពីចរិតគ្មានការទទួលខុសត្រូវ

ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការឆ្លើយតប និងបានហៅការព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិលមួយក្តាប់តូចអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ គឺបង្ហាញឱ្យឃើញច្បាស់ពីចរិតគ្មានការទទួលខុសត្រូវ និងរបៀបវារៈនយោបាយរបស់សង្គមស៊ីវិលទាំងអស់នេះ។

ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២២១ បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍន៍នាពេលថ្មីៗនេះ ចំពោះបំណងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ខណៈដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែប្រឈមជាបន្តបន្ទាប់។ ទោះបីជាស្ថាប័នសិទ្ធិមនុស្សជាតិមានភាពចាំបាច់ខ្លាំងនៅប្រទេសកម្ពុជាយ៉ាងណាក្តី ប៉ុន្តែបើបង្កើតស្ថាប័ននោះឡើងក្នុងបរិយាកាសបែបនេះ នឹងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញប្រសិទ្ធភាព និងទំនុកចិត្តនៃស្ថាប័ននេះ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅកាលថ្ងៃទី២៥ ខែសីហាថា ការចេញសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលពាក់ព័ន្ធការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ វាបង្ហាញឱ្យឃើញច្បាស់ពីចរិតគ្មានការទទួលខុសត្រូវ និងរបៀបវារៈនយោបាយរបស់សង្គមស៊ីវិលទាំងអស់នេះ។ ពីដើមសង្គមស៊ីវិលទាំងអស់នឹងជាអ្នកទាមទារ ហើយការងារនេះ ត្រូវបានប្រគល់ឲ្យសង្គមស៊ីវិលជាអ្នករៀបចំ ក៏ប៉ុន្តែជាង១០ឆ្នាំហើយរៀបអត់ចេញទេ នៅពេលរាជរដ្ឋាភិបាលយកមកធ្វើខ្លួនឯង និងរៀបចំចាត់ចែងធ្វើ បែរជាធ្វើការរិះគន់រដ្ឋាភិបាល រិះគន់ទៅលើស្ថាប័នសិទ្ធិមនុស្សជាតិថា គ្មានប្រសិទ្ធភាពក្នុងពេលដែលមិនទាន់នឹងបានចេញជារូបរាងផង។

នេះបង្ហាញពីទម្លាប់ និងរបៀបធ្វើការ និងចរិតដែលគ្មានការទទួលខុសត្រូវរបស់អង្គការសង្គមស៊ីវិល ហើយជំនួសឱ្យការរិះគន់គ្មានការទទួលខុសត្រូវនេះ អង្គការសង្គមស៊ីវិលនេះ គួរតែពិនិត្យមើលទៅលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលគណៈកម្មាធិការសិទ្ធិមនុស្សប្រគល់ជូនឱ្យពិនិត្យ ហើយផ្តល់យោបល់ ហើយក្រុមអង្គការសង្គមស៊ីវិលនេះ គឺអត់យកភ្នែកមើលទេ អត់ខ្ចីពិនិត្យធ្វើការពិនិត្យ ដើម្បីធ្វើឲ្យស្ថាប័នសិទ្ធិមនុស្សនេះកាន់តែមានប្រសិទ្ធភាពផ្អែកតាមគោលការណ៍ទីក្រុងប៉ារីស និងគោលការណ៍អន្តរជាតិ គឺមិនខ្ចីខ្វល់ មិនខ្ចីពិនិត្យ ហើយមិនខ្ចីផ្តល់យោបល់តែបែរជាធ្វើការរិះគន់ ធ្វើការបន្តុចបង្អាក់ក្នុងពេលដែលស្ថាប័នសិទ្ធិមនុស្សនេះមិនទាន់បានបង្កើតផង។ នេះជាទម្លាប់របៀបធ្វើការដោយគ្មានការទទួលខុសត្រូវរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។

អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបន្តថា អ្វីដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចព្រួយបារម្ភពីឯករាជ្យភាព ប្រសិទ្ធភាពការងារ និងរបៀបរបបរបស់ស្ថាប័នសិទ្ធិមនុស្សជាតិ គឺមានចែងនៅក្នុងសេចក្តីព្រាងច្បាប់ទាំងអស់ហើយ ដោយផ្អែកទៅតាមគោលការណ៍ទីក្រុងប៉ារីស និងផ្អែកទៅតាមគោលការណ៍អន្តរជាតិ ក៏ប៉ុន្តែការរិះគន់របស់ក្រុមអង្គការសង្គមស៊ីវិលនេះ គឺពួកគាត់អត់យកភ្នែកមើលសេចក្តីព្រាងច្បាប់នេះទាល់តែសោះតែម្តង យើងបញ្ជូនទៅឱ្យគាត់មើលដើម្បីពិនិត្យហើយផ្តល់យោបល់ធ្វើម៉េចឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈល្អសុក្រឹត្យ និងគ្រប់ជ្រុងជ្រោយឆ្លើយតបបានទៅ និងស្តង់ដារអន្តរជាតិ គោលការណ៍ទីក្រុងប៉ារីស និងគោលការណ៍អន្តរជាតិផ្សេងៗទៀត ក៏ប៉ុន្តែក្រុមសង្គមស៊ីវិលទាំងអស់នេះមិនយកភ្នែកមើល ហើយក៏មិនខ្ចីអាន ក៏មិនខ្ចីពិនិត្យដែរបានជាធ្វើការរិះគន់ទៅលើការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ វាយតម្លៃអំពីប្រសិទ្ធភាព បង្ហាញនូវក្តីបារម្ភនៅពេលដែលយន្តការទាំងអស់នេះបានបញ្ចូលនៅក្នុងច្បាប់នេះរួចទៅហើយ។ ហើយរិះគន់ពីប្រសិទ្ធភាពធ្វើការបន្តុចបង្អាក់នៅពេលដែលស្ថាប័ននេះមិនទាន់បានបង្កើតនិងធ្វើការនៅឡើយ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner