៥ចំណុចឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល ដែលបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា

ភ្នំពេញៈអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើការឆ្លើយតបទៅនិងការព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិលមួយក្តាប់តូចអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ គឺបង្ហាញឱ្យឃើញច្បាស់ពីចរិតគ្មានការទទួលខុសត្រូវ និងរបៀបវារៈនយោបាយរបស់សង្គមស៊ីវិលទាំងអស់នេះ។ការឆ្លើយតបនេះបានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២0២១បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍនាពេលថ្មីៗនេះ ចំពោះបំណងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។

ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថាការបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជារបស់ក្រុមអង្គការសង្គមស៊ីវីលទាំង៦០នេះ បានបង្ហាញពីចរិតនយោបាយ និង ភាពគ្មានទំនួលខុសត្រូវរបស់ក្រុមអង្គការសង្គមស៊ីវីលមួយក្តាប់តូចនេះ ដោយហេតុថា៖

១.តាំងពីដំបូងមកក្រុមសង្គមស៊ីវីលជាអ្នកស្នើសុំបង្កើតស្ថាប័ននេះនិងទទួលយកទៅរៀបចំដោយខ្លួនឯងតាំងពីឆ្នាំ ១៩៩៧ម៉្លេះ។ដោយការងារនេះស្ថិតក្នុងដៃសង្គមស៊ីវីលយូរឆ្នាំពេកនិងមិនបានចេញជារូបរាងឡើងនោះទើបរាជរដ្ឋាភិបាលសម្រេចយកការងារនេះមកធ្វើវិញដោយប្រគល់ភារកិច្ចនេះជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាអ្នកដឹកនាំ និងរៀបចំនៅក្នុងឆ្នាំ២០១៩។

២.ស្ថាប័ននេះមិនទាន់កើតចេញជារូបរាងផង ទើបតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយពួកគេនាំគ្នាវាយតម្លៃរារាង និងរិះគន់ពីប្រសិទ្ធភាពការងាររបស់ស្ថាប័ននេះទៅហើយ។ ពួកគេមិនគួរណាបារម្ភពេកទេអំពីកូនដែលមិនទាន់កើតមកផងនោះ តែផ្ទុយទៅវិញគួរតែបើកចិត្តឱ្យទូលាយចូលរួមសហការនិងជួយជ្រោមជ្រែងឱ្យការបង្កើតស្ថាប័ននេះ សម្រេចបានជោគជ័យ និងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធទើបមានប្រយោជន៍​សម្រាប់សង្គមជាតិជាង។

៣.សេចក្តីព្រាងដំបូងនៃច្បាប់នេះបានប្រគល់ជូនទៅក្រុមអង្គការសង្គមស៊ីវីលទាំងអស់នេះតាមរយៈការរិយាល័យឧត្តម ស្នងការសិទ្ធិមនុស្ស OHCHR ដើម្បីធ្វើការពិនិត្យនិងផ្តល់យោបល់មកវិញ តែផ្ទុយទៅវិញពួកគេមិនខ្ចីមើលនិងពិនិត្យ ផ្តល់យោបល់មកវិញទេ បែជាធ្វើការរិះគន់និងរារាំងដល់ការបង្កើតស្ថាប័ននេះទៅវិញ។

៤.ការបង្ហាញក្តីបារម្ភរបស់ពួកគេពីគោលការណ៍ទីក្រុងប៉ារីសនិងគោលការណ៍អន្តរជាតិមួយចំនួនទៀតពាក់ព័ន្ធនឹងឯករាជ្យភាពការចូលរួម និងអាណត្តិការងាររបស់ស្ថាប័ននេះបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេពិតជាមិនបានមើលនិងអានសេចក្តីព្រាងដំបូងនៃច្បាប់នេះទេព្រោះគោលការណ៍ទាំងនេះបានដាក់បញ្ចូលរួចអស់ទៅហើយនៅក្នុងសេចក្តីព្រាងដំបូងនៃច្បាប់នេះ។

៥.សម្រាប់ទស្សនវិស័យសិទ្ធិមនុស្សរបស់ក្រុមសង្គមស៊ីវីលមួយក្តាប់តូចនេះគឺទាល់តែគណបក្សដែលពួកគេគាំទ្រនិង ជាសម្ព័ន្ធមិត្តរបស់ពួកគេបានឡើងកាន់អំណាច ទើបកម្ពុជាមានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ និងជាពេលស័ក្តិសមក្នុងការបង្កើតស្ថាប័ននេះដែលនេះបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈនិងសកម្មភាពនយោបាយរបស់ពួកគេ ដោយជ្រកក្រោមផ្លាកអង្គការសង្គមស៊ីវីលនៅកម្ពុជា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner