មុត ចន្ថា៖ ចោរស្រែកឱ្យចាប់ចោរ!

ភ្នំពេញៈលោក មុត ចន្ថា ដែលគេស្គាល់ថា ជាអតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ បានបន្តលើកឡើង ដោយបង្ហាញឱ្យឃើញពីពុតត្បុតរបស់ទណ្ឌិត សម រង្ស៊ី។

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ មន្រ្តីដែលស្និទ្ធនឹងលោក កឹម សុខា អតីតប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិបានសរសេរលើបណ្តាញសង្គមហ្វេស៊ុករបស់លោក ថា«…លោក សម រង្ស៊ី បានអំពាវទៅអ្នកគាំទ្រឱ្យ​បញ្ឈប់ការវាយប្រហារគ្នា ជាលក្ខណៈបុគ្គល ហើយងាកមកគិតពីប្រយោជន៍ជាតិនូវអ្វីដែលលោកថាជាការពង្រឹងផ្ទៃ ក្នុងបក្ស ដើម្បីជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា…»។

លោក មុត ចន្ថា បន្តថា ” ខ្ញុំយល់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី គ្រាន់តែមានបំណងលាងសំអាតខ្លួនពីការទទួលខុសត្រូវ និងចង់ជួសជុលការខូចខាតដែលខ្លួនគាត់បានបង្កើតឡើង ក្នុងរយៈពេលជិត៥ឆ្នាំមកនេះ។ ចេតនាពិតរបស់លោក សម រង្ស៊ី គឺទម្លាក់កំហុស និងការទទួលខុសត្រូវមកលើអ្នកគាំទ្រចំពោះការបែកបាក់ផ្ទៃក្នុងដោយលើកហេតុផលថាបណ្តាលមកពីពួកគេវាយប្រហារគ្នារឿងបុគ្គល “។ Sic!

លោកបន្ថែមថា អ្វីដែលលោក សម រង្ស៊ី លើកឡើងគឺជាចំណែកដ៏តូចមួយដែលបានធ្វើឱ្យមានការបែកបាក់ដោយការ​ ប្រកាន់និន្នាការ ឬប៉ូលនយោបាយរៀងៗខ្លួន ប៉ុន្តែវាក៏ស្ថិតក្នុងក្របខ័ណ្ឌនៃការទទួលខុសត្រូវរបស់គាត់ក្នុងនាមជាមេដឹកនាំម្នាក់ដែលមិនបានបំពេញតួនាទីនេះដោយគាត់មិនដែលប្រឆាំង ឬថ្កោលទោសចំពោះបុគ្គលដែលបានប្រើប្រាស់បណ្តាញសង្គមជាវេទិកាវាយប្រហារគ្នា និងវាយប្រហារទៅមេដឹកនាំ។ ភាពស្ងាត់ស្ងៀមរបស់គាត់ត្រូវបានគេចាត់ទុកជាអំពើគាំទ្រ ឬបើកដៃលើកទឹកចិត្តឱ្យមនុស្សរបស់គាត់នៅអាមេរិក កាណាដា អូស្រ្តាលី ជប៉ុន ន័រវេស ។ល។ វាយប្រហារមកលើលោក កឹម សុខា។ ឋានៈជាអតីតសមាជិរដ្ឋសភា និងព្រឹទ្ធសភា វាយប្រហារមកលើមេដឹកនាំខ្លួន គឺលោក កឹម សុខា គឺមិនមែន ជារឿងបុគ្គល ឬឯកជន ប៉ុន្តែវាក្លាយជាគោលនយោបាយមួយដែលកំណត់មុខសញ្ញាវាយប្រហារលើនិន្នាការ និងមានចរិត រើសអើងនយោបាយ។ រឿងកើតឡើងទាំងអស់នេះមិនអាចរំលង ឬមិនអាចថាមិនដឹងដល់លោក សម រង្ស៊ី នោះទេ។

លោក មុត ចន្ថា សរសេរថា “ខ្ញុំយល់ថាអ្វីដែលធ្វើឱ្យបែកបាក់កម្លាំងផ្ទែក្នុងអតីតគណបក្សសង្រ្គោះជាតិ គឺផ្តើមចេញពីលោក សម រង្ស៊ី តែម្តង។ បើសិនជាលោក សម រង្ស៊ី គោរពច្បាប់ផ្ទៃក្នុងបក្ស និងគោលការណ៍ និងគោលនយោបាយរួមគាត់ប្រាកដ ជាបង្ហាញភាពជាគំរូដល់មន្រ្តី និងអ្នកគាំទ្រគណបក្សប៉ុន្តែគាត់ខ្លួនឯងបានរំលោភបំពានច្បាប់កំពូលផ្ទៃក្នុងបក្សម្តងហើយម្តងទៀត ដែលបានបង្កើតលំអាន និងគំរូអាក្រក់ដល់ថ្នាក់ក្រោម។ បើសិនមេដឹកនាំមិនគោរពច្បាប់ផងរឿងអីថ្នាក់ក្រោមត្រូវគោរព។ មេដឹកនាំល្មើសច្បាប់តែមាននិទណ្ឌភាព ឬរួចទោស ដូច្នេះរឿងអីថ្នាក់ក្រោមត្រូវខ្លាច និងរាងចាលចំពោះអំពើល្មើសនឹងច្បាប់!។

លោក ចន្ថា បានបន្ថែមទាក់ទងនឹងលុយបង្កើតទូរទស្សន៍ព្រះអាទិត្យដែលមិនដែលឃើញស្រមោលថា ក្នុងករណីបាត់លុយបក្ស និងលុយគម្រោងទូរទស្សន៍ព្រះអាទិត្យ អ្នកគាំទ្ររបស់គាត់ចេញមុខមកការពារថា គេពុករលួយលួចលុយជាតិច្រើនជាងគាត់ ហេតុអីមិនចោទសួរផង។ រឿងបាត់លុយបក្ស លុយគម្រោងទូរទស្សន៍ព្រះអាទិត្យ លុយមាតុភូមនិវត្តន៍ និងលុយលក់ប័ណ្ណនាឡិកា លោក សម រង្ស៊ី មិនដែលហើបមាត់មួយមាត់។ នៅពេលអ្នកកាសែត The Cambodia Daily បានចោទសួរគាត់រឿងលុយទាំងនេះគាត់បែរជាច្រឡោតខឹងដែលធ្វើឱ្យគេយល់ថាគាត់ដឹង និងជាប់ពាក់ព័ន្ធរឿងបាត់លុយទាំងនេះ។

ឫសគល់នៃការបំបែកបំបាក់ផ្ទៃក្នុងបក្ស គឺផ្តើមចេញពីអំពើទាំងឡាយដែលលោក សម រង្ស៊ី បានប្រព្រឹត្ត។ ដូច្នេះបើសិនជា គាត់មានបំណងសុចរិតដើម្បីដើរតួសម្របសម្រួលជម្លោះ និងបង្រួបបង្រួមគាត់ត្រូវមានភាពក្លាហានទទួលស្គាល់ពីកំហុសដឹកនាំរបស់គាត់ជាមុនសិន។ កុំខ្លួនឯងធ្វើខុសសោះ បែរជាមកទម្លាក់កំហុសលើអ្នកគាំទ្រ ធ្វើពុធខ្លួនឯងជាមនុស្សស្អាតស្អំ។ ដូចពាក្យដំណាលពោលថាៈ «ខ្លួនឯងជាចោរ ស្រែកចាប់ចោរ!»

លោក សម រង្ស៊ី មិនមែនជាទេតាដែលនិយាយអ្វី និងធ្វើអ្វីមិនចេះខុសនោះទេ។ កន្លងមកពុំសូវមានគេរិះគន់ចំពោះការដឹកនាំរបស់គាត់។ ដូច្នេះគាត់ពុំគួរយល់ថាខ្លួនគាត់ជាមនុស្សល្អគ្រប់១០ ឬស្អាតស្អំ។ ការតាំងខ្លួន និងមោទនភាពខ្លួនខ្លាំងជាបិតាប្រជាធិបតេយ្យឬជើងឯងខាងប្រឆាំងលើសគេនៅកម្ពុជាពេកបង្កើតឱ្យមានចរិតមើលស្រាលដល់ការលះបង់ និងពលិកម្មរបស់មនុស្សមួយនគរ ដែលបានចូលរួមកសាងនិងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការការសិទ្ធិមនុស្សព្រមទាំងការអភិវឌ្ឍសង្គម។ គេត្រូវចាំថាការប្រឆាំងតាមរបៀបៈ ធ្វើឱ្យគេក្តៅក្រហាយ ធ្វើឱ្យគេឈឺចាប់ ធ្វើឱ្យមានការរើសអើងឬកម្ចាត់មួយទុក មួយតាមទ្រឹស្តីនិងយុទ្ធសាស្រ្តរបស់លោកសម រង្ស៊ី គឺ «មានស៊ី អត់សែន» មិនអាចធ្វើឱ្យប្រទេសជាតិមានឯកភាព និងសុខសន្តិភាពបានឡើយ។ ការប្រឆាំងតាមរបៀបនេះមិនអាចធ្វើឱ្យខ្លួនរស់នៅក្នុងពិភពលោកមួយដែលខ្លួនចង់រស់នៅ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរដោយវិជ្ជមាននិងដោយស្ថាបនា សម្រាប់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ដ ការអភិវឌ្ឍ សុខដុមរមនា ឡើយ។ ការប្រឆាំងរបៀបនេះ គឺគេហៅថា «ប្រឆាំង ដើម្បីតែប្រឆាំង»៕
ដោយៈ ជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner