គណៈកម្មការចំពោះកិច្ច FFC ចុះពិនិត្យកីឡដ្ឋានជាតិ មរតកតេជោ ដើម្បីដាក់ស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2020

គណៈកម្មការចំពោះកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចុះពិនិត្យ កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ហើយដើម្បីដាក់សំណើដេញថ្លៃ ធ្វើម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ AFF Suzuki Cup 2020 នាចុងឆ្នាំ២០២១នេះ។


ការចុះពិនិត្យនេះ ដឹកនាំដោយលោកស្រី ពុធ ធីតា ប្រធានគណៈកម្មការចំពោះកិច្ចក្រោយមានការ សម្របសម្រួលពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពី ល្ងាច ថ្ងៃទី៣០ ខែសីហា ដើម្បីពិនិត្យនូវគ្រឿងបរិក្ខា និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ក្នុងកីឡដ្ឋានជាតិ មរតកតេជោ ដើម្បីដាក់សំណើស្នើធ្វើជាម្ចាស់ផ្ទះការ ប្រកួត AFF Suzuki Cup នាចុងឆ្នាំនេះផង និងសម្រាប់ត្រៀមដំណើរការការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ផង។


ការចុះពិនិត្យកីឡដ្ឋានដ៏ទំនើបនេះដែរ ធ្វើឡើងក្រោយទទួលបានភ្លើងខៀវ ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះ ពានរង្វាន់ប្រចាំតំបន់ ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដការងារឆមាសទី២ ឆ្នាំ២០២១ របស់ CAMSOC កាលពីថ្មីៗនេះ។
ឯកឧត្តមប្រធានសហព័ន្ធ បានបង្ហាញពីបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះ ពានរង្វាន់ AFF Suzuki Cup 2020 ដោយស្នើសុំរៀបចំការប្រកួតផ្ទាល់ នៅកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណងដើម្បីអបអរសាទរ និងផ្សព្វផ្សាយនូវសមិទ្ធផលដ៏អស្ចារ្យ នៃសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាលនេះ ក៏ដូចជាផ្ដល់នូវ ចំណីចក្ខុ ដល់ប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ-១៩។ ម្យ៉ាងវិញទៀត ក៏ដើម្បីជាការសាកល្បង កីឡដ្ឋានថ្មី និងពង្រឹងសមត្ថភាព កីឡាករ សម្រាប់ត្រៀមការប្រកួតកីឡា ស៊ីហ្គេម ២លើកចំពោះមុខផងដែរ។


សូមបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup 2020 ត្រូវបានពន្យារពេលចំនួន២លើកមកហើយ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្នុងតំបន់ក៏ដូច ជាលើពិភពលោក។ តាមការគ្រោងទុក ព្រឹត្តិការណ៍ ប្រ ចាំ តំបន់ដែលកម្ពុជាត្រៀមចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះនេះ នឹងរៀបចំការប្រកួតពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។ ប៉ុន្ដែបេក្ខភាព ដែលមានបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ មិនមែនមានតែកម្ពុជានោះទេ គឺមានគូប្រជែង ៣ប្រទេសផ្សេងទៀត រួមមានសិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី ៕ ( Camsoc )

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner