រយៈពេល៨ខែ ឆ្នាំ២០២១ ការនាំចេញអង្កររបស់កម្ពុជាមានចំនួន៣៤ម៉ឺន៣ពាន់៤៤៧តោន បន្តធ្លាក់ចុះជាង ២៣% (Video Inside)

ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ មានចំនួន៣៤ម៉ឺន៣ពាន់៤៤៧តោន ដោយមានការថយចុះចំនួន១០ម៉ឺន៤ពាន់៧៥៦តោន មានទឹកប្រាក់ចំនួន ២៩១លាន៩២ម៉ឺន៩ពាន់៩៥០ដុល្លារ ស្មើនឹង-២៣,៣៧% បើធៀបនឹងរយៈពេល៨ខែ ឆ្នាំ២០២០ ដែលមានរហូតដល់ទៅ៤៤ម៉ឺន៨ពាន់២០៣តោន នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមបានប្រាប់ថា មូលហេតុដែលការនាំចេញអង្ករមានការថយចុះនេះ គឺដោយសារបញ្ហាកង្វះ​ទូរកុងតេន័រ សម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់។

នៅលើទំព័រហ្វេប៊ុក ឯកឧត្តម វេង សាខុន បានឲ្យដឹងទៀតថា ការនាំចេញអង្ករក្នុងខែសីហា ឆ្នាំ២០២១​មានចំនួន៣ម៉ឺន៣ពាន់៥៨២តោន កើនឡើងចំនួន១ម៉ឺន១ពាន់៤៥២តោន ស្មើនឹង៥១,៧៥% បើធៀបនឹងខែសីហា ឆ្នាំ​២០២០ ដែលមានចំនួន២ម៉ឺន២ពាន់១៣០តោន។ ក្នុងចំណោមការនាំចេញអង្ករសរុប ក្នុងនោះការនាំចេញអង្ករក្រអូបគ្រប់ប្រភេទមានចំនួន២៤ម៉ឺន២ពាន់៤៣២​តោន ស្មើនឹង៧០,៥៩% អង្ករសគ្រប់ប្រភេទមានចំនួន៩ម៉ឺន៤ពាន់៤៤១តោន ស្មើនឹង២៧,៥០% និងអង្ករចំហុយមានចំនួន៦ពាន់៥៧៤តោន ស្មើនឹង១,៩១%។

ឯកឧត្តមបន្ថែមថា ដោយឡែកបរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាព​អឺរ៉ុប ចំនួន​២២ប្រទេស មានបរិមាណសរុបចំនួន៨ម៉ឺន៨ពាន់២៧១តោន ថយចុះចំនួន៦ម៉ឺន១ពាន់៥៧៧តោន ស្មើនឹង-​៤១​,០៩%។ ក្នុងនោះទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន១៦ម៉ឺន៥ពាន់៦១២តោនកើនឡើង ចំនួន៦ពាន់៣៥៩​តោន ស្មើនឹង៣,៩៩%។ ទិសដៅអាស៊ាន ចំនួន៧ប្រទេស មានបរិមាណសរុបចំនួន៣ម៉ឺន៥ពាន់៥៥៣តោន ថយចុះចំនួន២ម៉ឺន៥ពាន់៣៨០តោន ស្មើនឹង-៤១,៦៥% និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប ៥ម៉ឺន៤ពាន់១១តោន ថយចុះចំនួន២ម៉ឺន៤ពាន់១៥៨តោន ស្មើនឹង-៣០,៩០%។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន៥៩ក្រុមហ៊ុន ហើយបរិ​មាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់២៤ម៉ឺន៧ពាន់៩០៣តោន ស្មើនឹង៧២,១៨% និងក្រុមហ៊ុន៤៩ដទៃទៀត បាននាំចេញត្រឹមតែ៩ម៉ឺន៥ពាន់៥៤៤តោន ស្មើនឹង២៧,​៨២​%៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner