ប្រាសាទឥដ្ឋតូចៗដែលនៅជុំវិញប្រាសាទបាគង ត្រូវបានរៀបចំយ៉ាងស្អាត

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដុសសម្អាតប្រាសាទឥដ្ឋតូចៗ ដែលនៅព័ទ្ធជុំវិញប្រាសាទបាគងនៅខេត្តសៀមរាប សំដៅលើកកម្ពស់សោភ័ណភាពកេរមរតកបុព្វបុរសខ្មែរនេះឡើងវិញ។
អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា ឯកឧត្តមឡុង កុសល បានឲ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះថា នៅជុំវិញប្រាសាទបាគងនេះ មានប្រាសាទដែលធ្វើអំពីឥដ្ឋតូចៗចំនួន២៤ ក្នុងនោះមានខ្លះក៏នៅរក្សារូបរាងបានល្អ ខណ:ខ្លះទៀតបានខូចខាតរូបរាងសល់តែគ្រឹះ។ ឯកឧត្តម បន្តថា ដូច្នេះដើម្បីលើកកម្ពស់ស្នាដៃកេរមរតករបស់បុព្វបុរសខ្មែរឲ្យមានសោភ័ណភាពឡើងវិញ មន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការដុសសម្អាតនៅតាមតួប្រាសាទតូចៗទាំងនេះ ដូចជាការបោសស្លឹកឈើដែលជ្រុះរាយប៉ាយ កាត់ស្មៅ កាត់មែកឈើដែលដុះគ្របលើប្រាសាទ និងរៀបចំសម្រួលផ្លូវដើរជាដើម។
ប្រាសាទបាគង ជាប្រាសាទមួយក្នុងចំណោមប្រាសាទមួយចំនួនទៀត ដែលស្ថិតនៅក្នុងក្រុមប្រាសាទឧទ្យានរលួស នៃរមណីយដ្ឋានអង្គរ។ ប្រាសាទនេះស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សូមជម្រាបថា ដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ រយ:ពេលជិត ២ឆ្នាំកន្លមកនេះ ដែលជាពេលវេលាមិនមានភ្ញៀវទេសចរ ចូលទស្សនាកម្សាន្តនៅតាមប្រាសាទនោះ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលកែលម្អនៅតាមប្រាសាទនានា ដូចជាការដាំដើមឈើ ការជួសជុលផ្លូវក្នុងតំបន់ប្រាសាទ និងការដាំស្មៅរៀបចំសួន។ល។ បានជាច្រើនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវទប់ស្កាត់បាននៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ និងរូបភាព: មន្ទីរព័ត៌មានខេត្តសៀមរាប

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner