ថៃនឹងចាក់វ៉ាក់សាំងលាយគ្នាទម្រង់ថ្មី១ទៀត AstraZeneca-Pfizer ខែក្រោយ

ថៃកំពុងរៀបចំផែនការចាក់វ៉ាក់សាំងលាយគ្នាទម្រង់ថ្មីមួយទៀត នៅខែក្រោយនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាការចាក់លាយគ្នារវាង AstraZeneca និង Pfizer នេះបើតាមក្រសួងសុខាភិបាលប្រកាស ចេញផ្សាយដោយបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃទី៤ កញ្ញានេះ។

វេជ្ជបណ្ឌិត Sophon Iamsirithavorn អនុប្រធាន CDC បានអះអាងថា មជ្ឈមណ្ឌលប្រតិបត្តិការកូវីដ១៩របស់ក្រសួងសុខាភិបាលមួយនេះបានអនុម័តគម្រោងចាក់វ៉ាក់សាំង AstraZeneca-Pfizer នេះរួចរាល់ហើយ។

ការចុះឈ្មោះចាក់តាមទម្រង់ថ្មី ត្រូវបានគ្រោងថា នឹងធ្វើនៅខែក្រោយ ពោលគឺបន្ទាប់ពីវ៉ាក់សាំង Pfizer មកដល់ ក្នុងខែកញ្ញានេះ ហើយការសម្រេចចិត្តនេះគឺធ្វើឡើង ផ្អែកតាមអនុសាសន៍ពីអនុគណៈកម្មការ ទទួលបន្ទុកភាពសុំា និងរបកគំហើញស្រាវជ្រាវអន្តរជាតិ នៃប្រទេសថៃ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Sophon Iamsirithavorn ។

លោកបន្តថា ផ្អែកតាមផែនការចាក់វ៉ាក់សាំងបញ្ជូលគ្នា បែបថ្មីនេះ ពលរដ្ឋមានវ័យ១៨ឆ្នាំ និងច្រើនជាងនេះនឹងត្រូវទទួលការចាក់វ៉ាក់សាំង AstraZeneca ដំបូង និង Pfizer ដូសទី២ នៅចន្លោះពី៤ទៅ១២សប្តាហ៍។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ថៃក៏ចាក់លាយគ្នារវាងស៊ីណូវ៉ាក់ ដូសទី១ និង AstraZeneca ដូសទី២ដែរ បន្ទាប់ពី៣ទៅ៤ សប្តាហ៍៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner