កម្ពុជាចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង៧០ភាគរយហើយនៅទូទាំងប្រទេស (Video Inside)

កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងលើពលរដ្ឋនៅទូទាំងប្រទេសទន្ទឹមនឹងការបញ្ជួនមកដល់ជាបន្តបន្ទាប់ នូវ វ៉ាក់សាំងចិនដែលជាវ៉ាក់សាំងបង្អែក។ កាលពីថ្ងៃសៅរ៍កន្លងមកនេះ វ៉ាក់សាំងស៊ីណូវ៉ាក់២លាន៥សែនដូស ដែលជាវ៉ាក់សាំងបញ្ជាទិញនិងវ៉ាក់សាំងជំនួយរបស់ប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជាបន្ថែមទៀត ដែលនាំ ឲ្យចំនួនវ៉ាក់សាំងដែលកម្ពុជាបាននិងកំពុងប្រើប្រាស់មានជិត៣០លានដូសហើយ។ វ៉ាក់សាំងជាច្រើនទៀត នឹង រំពឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់នៅក្នុងខែកញ្ញានេះទៀត។

នៅជាមួយគ្នានេះដែរ តួលេខដែលពលរដ្ឋបាន ចាក់វ៉ាក់សាំងនៅទូទាំងប្រទេស បានកើនដល់១១លាន២សែន៤ម៉ឺន២ពាន់៨០៦នាក់ហើយ, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៨លាន៩សែន២ម៉ឺន៩ពាន់៤៥នាក់។ ការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុពី ១៨ឆ្នាំឡើងមានចំនួន៩លាន៥សែន៧ម៉ឺន១ពាន់៣១៣នាក់, និងការចាក់វ៉ាក់សាំងលើយុវជនវ័យជំទង់អាយុរវាង ពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៦សែន៧ម៉ឺន១ពាន់៤៩៣នាក់។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ៧០,២៧%ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣ បន្ថែម ទៀត កាលពីខែសីហាកន្លងមកនេះ ដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុង រាជធានី និងតាមបណ្តាខេត្តចំនួន។ យោងតាមក្រសួងសុខាភិបាលការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃ ទី៦កញ្ញា ឆ្នាំ២០២១ បានចំនួន ៦សែន៦ម៉ឺន ៤ពាន់ ១១៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner