អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លើយតប៥ចំណុចទៅសមាគមសារព័ត៌មានដែលចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចគ្មានមូលដ្ឋានច្បាស់លាស់

ភ្នំពេញៈអ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើការឆ្លើយតបទៅនឹងសមាគមសារព័ត៌មានដែលបានចេញនូវសេចក្តីថ្លែងការណ៍មួយចំនួន ដោយចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថា បានរារាំង គំរាមកំហែង រំលោភសិទ្ធិសេរីភាពអ្នកសារព័ត៌មានពេលចុះទៅយកព័ត៌មាន គឺមានចេតនាបំភាន់មតិសាធារណៈ ដោយការចោទប្រកាន់មិនមានមូលដ្ឋានច្បាស់លាស់ និងជាក់លាក់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តន៍តួនាទីភារកិច្ចតាមច្បាប់។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះថា មួយរយៈមកនេះ ឯកឧត្តមសង្កេតឃើញថា មានសមាគមសារព័តមានបានចេញនូវសេចក្តីថ្លែងការណ៍មួយចំនួនដោយចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថា បានរារាំងគំរាមកំហែង រំលោភសិទ្ធិសេរីភាព អ្នកសារព័ត៌មាន ពេលចុះទៅយកព័ត៌មាន គឺមានចេតនាបំភាន់មតិសាធារណៈ និងចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាស់លាស់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ចតាមច្បាប់។

ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់លើ៥ចំណុច ដូចខាងក្រោម៖
១.សេចក្តីថ្លែងការណ៍ទាំងនោះ មានចេតនាបំភាន់មតិសាធារណៈ ដោយបានចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាស់លាស់ និងជាក់លាក់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ចតាមច្បាប់ថា ជាការ រារាំង គំរាមកំហែង រំលោភសិទ្ធិ អ្នកសារព័ត៌មានក្នុងការចុះទៅយកព័ត៌មាន។
២.នៅពេលអាជ្ញាធរមានសមត្ថកិច្ច កំពុងចុះបំពេញបេសកកម្មឬចុះប្រតិបត្តិការនៅទីតាំងឬទីកន្លែងណាមួយ សមត្ថកិច្ចមានសិទ្ធិមិនអនុញ្ញាតឱ្យអ្នកដែលគ្មានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មានចូលទៅទីតាំង ឬទីកន្លែង ដែលសមត្ថកិច្ចកំពុងចុះបេសកកម្មឬប្រតិបត្តិការនោះ ព្រោះវាអាចប៉ះពាល់ ឬបង្កការរំខាន ជាឧបសគ្គ រារាំង ឬអាចបង្កគ្រោះថ្នាក់ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងបេសកកម្មឬប្រតិបត្តិការនោះ។
៣.អ្នកសារព័ត៌មានមានសិទ្ធក្នុងការទទួលបាននូវព័ត៌មានពីគ្រប់ប្រភព ដែលពាក់ព័ន្ធទៅនឹងហេតុការណ៍ ឬព្រឹត្តិការណ៍ ឬប្រតិបត្តិការអ្វីមួយ ហើយត្រូវធ្វើការផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយទៅតាមប្រភពដែលខ្លួនទទួលបាន ប៉ុន្តែប្រសិនបើអ្នកសារព័ត៌មានមិនបានស្វែងរកប្រភពពីគ្រប់ភាគីពាក់ព័ន្ធនឹងហេតុការណ៍ ឬព្រឹត្តិការណ៍ ឬប្រតិបត្តិការណាមួយនោះទេ នោះអ្នកសារព័ត៌មាន ទៅវិញទេ​ ដែលរំលោភសិទ្ធិអ្នកដទៃនោះ។
៤.បុគ្គលណា ឬភាគីណា ដែលយល់ថា ខ្លួនត្រូវបានបុគ្គលណា ឬភាគីណារំលោភបំពានសិទ្ធិសេរីភាព ឬគំរាមកំហែងខ្លួន មានសិទ្ធិដាក់ពាក្យបណ្តឹងទៅតុលាការតាមនីតិវីធីច្បាប់ ដើម្បីស្វែងរក ឬទាមទារនូវភាព ត្រឹមត្រូវ ឬយុត្តិធ៌មសម្រាប់ខ្លួនបាន ពុំមែនស្វែងរកភាពត្រឹមត្រូវ ឬយុត្តិធ៌ម តាមខ្យល់ ឬតាមចញ្ចើមថ្នល់ឡើយ។
៥.រាល់ការចេញនូវសេចក្តីថ្លែងការណ៍ថ្កោលទោស ឬចោទប្រកាន់ទៅលើបុគ្គលណា ឬភាគីណាមួយ គួរគប្បីពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ និងជាក់លាក់បំផុត ជៀសវាង នៅពេលដែលបុគ្គល ឬភាគីដែលទទួលរការចោទប្រកាន់នោះ ប្រើប្រាស់សិទ្ធិស្របច្បាប់ ដើម្បីការពារភាពត្រឹមត្រូវ ឬការពារភាពយុត្តិធម៌របស់គេ បែរទៅជាចោទប្រកាន់គេថា ប្រើប្រាស់ផ្លូវច្បាប់ ដើម្បីបំភិត បំភ័យ គំរាមកំហែង ឬធ្វើទុក្ខ បុកម្នេញខ្លួនទៅវិញ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner