ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ជាង៤,៦៨៦លានដុល្លារក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ

ភ្នំពេញ៖ យោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ជាង៤ពាន់៦៨៦លានដុល្លារ ស្របពេលដែលអាមេរិកនាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ជាង២៥១លានដុល្លារ។

បើតាមរបាយការណ៍ដដែលនេះ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិកសម្រេចបានជាង៤ពាន់៩៣៨លានដុល្លារ កើនឡើង៤០.១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួន៣ពាន់៤៩៧លានដុល្លារ។ ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជានាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ សូមជម្រាបផងដែរថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់ ជាក់ស្តែងក្នុងឆ្នាំ២០១៥ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២ពាន់៣៦៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញបាន២ពាន់១៣៦លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ២២៨លានដុល្លារប៉ុណ្ណោះ។ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ហាក់ថមថយបន្តិចមានទឹកប្រាក់២ពាន់៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅអាមេរិកនៅតែបន្តកើនឡើង ដោយនាំចេញបាន២ពាន់១៤៧លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ១៧៣លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់២ពាន់៦០៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន២ពាន់៤០៨លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ១៩៦លានដុល្លារប៉ុណ្ណោះ។ ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់៣ពាន់៤៣៨លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៣ពាន់៥១លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ៣៨៦លានដុល្លារប៉ុណ្ណោះ។ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៤ពាន់៧១៣លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញបាន៤ពាន់៤០២លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែជាង៣១១លានដុល្លារប៉ុណ្ណោះ និង ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៥ពាន់៥០៩លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញបាន៥ពាន់២៥៨លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែជាង២៥០លានដុល្លារប៉ុណ្ណោះ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner