អភិបាលខេត្តសៀមរាប រឹតបន្តឹងការអនុវត្តច្បាប់ លើវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ពិនិត្យ ពិភាក្សាលើការងារទប់ស្កាត់ការរីករាលនៃជម្ងឺកូវីដ-១៩ បន្ទាប់ពីបានចេញសេចក្តីសម្រេចចំនួន៤ក្នុងថ្ងៃតែមួយ សំដៅធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ចេញពីតំបន់មួយទៅតំបន់មួយទៀត ៣កុំ ៣ការពារ នៅតែជាវិធានការមិនអាចខ្វះបានដើម្បីសុវត្ថិភាព បញ្ជៀសកូវីដ-១៩ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមប្រព័ន្ធ OnLine ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជម្រុញឲ្យមានការរឹតបន្តឹងបន្ថែមទៀត នៅក្នុងប្រតិបត្តិការអនុវត្តច្បាប់ លើបុគ្គលដែលមិនព្រមចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការឆ្លង និងការចម្លងរាលដាលជម្ងឺកូវីដ-១៩នោះ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោយ ១ថ្ងៃ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចចំនួន៤ ក្នុងពេលតែមួយ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងជម្ងឺកូវិដ-១៩ ។ សេចក្តីសម្រេចទាំងនោះ រួមមានការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នសម្រាប់បំរាមគោចរក្នុងភូមិសាស្រ្តខេត្តសៀមរាបរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ នៅចន្លោះពីម៉ោង២១ ដល់ម៉ោង៣ទៀបភ្លឺ។ សេចក្តីសម្រេចទី២ គឺការកំណត់តំបន់លឿងទុំ នៅក្នុងភូមិសាស្រ្តឃុំចំនួន៦នៃស្រុកពួក និងឃុំចំនួន៤ទៀតនៅក្នុងស្រុកក្រឡាញ់ រយៈពេល១៤ថ្ងៃ ចាប់អនុវត្តពីថ្ងៃទី០៩ ខែកញ្ញា។ សេចក្តីសម្រេចមួយទៀត គឺការកំណត់តំបន់លឿងទុំរយៈពេល១៤ថ្ងៃបន្តទៀត នៅក្នុងភូមិសាស្រ្តឃុំកំពង់ឃ្លាំង ឃុំកៀនសង្កែ និងឃុំដានរុន នៃស្រុកសូទ្រនិគម ចាប់ពីថ្ងៃទី០៩កញ្ញា តទៅ។ និងសេចក្តីសម្រេចចុងក្រោយ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា តទៅ គឺការសម្រេចបិទផ្សារដំដែក ឃុំដំដែក ស្រុកសូទ្រនិគម រយៈពេល២សប្តាហ៍។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តបានបង្ហាញថា ជាការកត់សម្គាល់ ចាប់ពីពាក់កណ្តាលខែសីហាកន្លងមកនេះ បណ្តាស្រុកនៅតាមបណ្តោយផ្លូវជាតិលេខ៦ មានការហក់ឡើង នៃការរកឃើញចំនួនអ្នកវិជ្ជមានកូវីដ-១៩ ជាពិសេសនោះគឺក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ។

សេចក្តីរាយការណ៍ ក៏បានបញ្ចាក់ដែរថា មួយរយៈចុងក្រោយនេះ កូវីដ-១៩បំបំប្លែងខ្លួនថ្មី (Delta)ត្រូវបានរកឃើញនៅខេត្តសៀមរាបចំនួន ២២០ករណី ក្នុងនេះស្រ្តីចំនួន១៣៣ករណី។ នៅក្នុងចំនួន ២២០ករណី Deltaនេះ ត្រូវបានរកឃើញលើប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ១៧៦នាក់ និងរកឃើញលើពលករមកពីប្រទេសថៃចំនួន ៤៤នាក់ ។ អ្នកជម្ងឺទាំងនេះបានទទួលការព្យាបាលជាសះស្បើយ ៣៩នាក់ ស្លាប់ ២នាក់ និង ១៧៩នាក់កំពុងសម្រាកព្យាបាល ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner