គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនកម្រិតចាប់ពីអនុវិទ្យាល័យឡើងទៅ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញនៅថ្ងៃទី១៥ កញ្ញា ២០២១ ដោយអនុវត្ត តាមវិធានការសុខាភិបាល
ភ្នំពេញ ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនកម្រិតចាប់ពីអនុវិទ្យាល័យឡើងទៅនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញនៅថ្ងៃទី១៥ កញ្ញា ២០២១ ដោយអនុវត្តតាមវិធានការសុខាភិបាល ។ ជាក់ស្តែងនៅវិទ្យាល័យព្រះយុគន្ធរ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង បានដំណើរការទៅដោយរលូន ប្រកបដោយការអនុវត្តតាមវិធានការសុខាភិបាល យ៉ាងម៉ត់ចត់ ដើម្បីធានាបាននូវការធានាសុខុមាលភាពសិស្សានុសិស្ស ។
ក្នុងឱកាសអញ្ជើញពិនិត្យដោយផ្ទាល់ ក្នុងវិទ្យាល័យព្រះយុគន្ធរ លោកសេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សាលារាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងសហការជាមួយក្រសួងសុខាភិបាល និងរដ្ឋបាលខណ្ឌទាំង១៤ក្រុងរាជធានីភ្នំពេញ បានបើកដំណើរការឱ្យប្អូនៗសិស្សានុសិស្សបានចូលរៀនផ្ទាល់ឱ្យវិញ ដើម្បីធានាបាននូវគុណភាពនៃការសិក្សា ។
សូមបញ្ជាក់ថា ៖ ការបើកសាលានៅរាជធានីភ្នំពេញឡើងវិញនេះ បានធ្វើឡើងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ខណៈដែលស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ដោយឡែក ចំពោះគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជននីមួយៗ មិនទាន់អនុញ្ញាតឱ្យបើកដំណើរការ នៅពេលនេះនៅឡើយទេ ដោយសាលាទាំងនោះត្រូវស្នើសុំគោលការណ៍ទៅរដ្ឋបាលរាជធានីភ្នំពេញ រីឯគ្រឹះស្ថានសិក្សាសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃអំពីកម្រិតហានិភ័យទៅតាមស្ថានភាព ជាក់ស្ដែងមុននឹងសម្រេចអនុញ្ញាត ឬ ត្រូវរក្សាស្ថានភាពដដែល។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសឹក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
គោលការណ៍សំខាន់ៗ នៃការអនុញ្ញាតឱ្យបើកសាលាឡើងវិញ តម្រូវឱ្យអនុវត្តដូចជា៖ កំណត់ថ្នាក់រៀនឱ្យសិស្សច្រើនបំផុត១៥នាក់ ការពាក់ម៉ាស់ រក្សាគម្លាត សម្អាត-បាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ វាស់កំដៅ បាញ់អាល់កុល មិនឱ្យយកអាហារចូល និងលេងជុំគ្នាជាដើម៕ ដោយ / គ្រី សម្បត្តិ