ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីប្រាប់ទូតអាមេរិកពីការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម

ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថា ពាក់ព័ន្ធទៅនឹងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម រាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរាមក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយលលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោកវរសេនីយ៍ឯក Thang Ly ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចពិជ័យសេនាបានបន្តថា កន្លងមក តបតាមការស្នើសុំរបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា ក្រសួងការពារជាតិបានស្វាគមន៍ និងអនុញ្ញាតជូននាយទាហានដឹកនាំក្រុម ការងារចូលរួមបំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម និងទីបញ្ហាការសន្តិសុខលម្ហសមុទ្រថ្មី ពីរលើក បានដំណើរការប្រកបដោយលទ្ធផលជាផ្លែផ្កា មានទំនុកចិត្តគ្នាទៅវិញទៅមក។ ប្រការនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ជូនប្រជាជនកម្ពុជា និងអន្តរជាតិនូវគោលជំហរនយោបាយការទូតកម្ពុជា នៅតែរក្សាសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់រួមទាំងសហរដ្ឋអាមេរិក ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀត។

ប្រមុខការពារជាតិកម្ពុជាបានរំលឹកពីប្រវត្តិនៃចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-អាមេរិក លើវិស័យរក្សាសន្តិភាព តាមរយៈភាគីអាមេរិកជួយកសាងទីតាំងរៀបចំលំហាត់ហ្វឹកហ្វឺនពហុសាសន៍ “GPOI” នៅឆ្នាំ២០១០ និងរៀបចំលំហាត់ជាបន្តបន្ទាប់ ដែលពេលនេះទីតាំងនេះ បានប្រែក្លាយជាសាលាហ្វឹកហ្វឺនពហុសាសន៍កម្រិតតំបន់ជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្សេងៗជាបន្តបន្ទាប់ ដែលធ្វើឱ្យកម្ពុជាមានសមត្ថភាពបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅឆ្នាំ២០០៦ ត្រឹមតែចំនួន១៣៥នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នកម្ពុជាមានលទ្ធភាពបញ្ចូនកម្លាំងកើនឡើងរហូតដល់ទៅជិត៨០០នាក់ ក្នុងមួយឆ្នាំ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២០-២០២១នេះ ទោះបីមានការរីករាលដាលជំងឺកូវីដ-១៩ និងមានភាពរអាក់រអួលកិច្ចការមួយចំនួនក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីប្រទេសទាំងពីរនៅតែបន្តកិច្ចសហការតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដែលអាចដំណើរការបានតាមគន្លងប្រក្រតីភាពថ្មី តាមរយៈកិច្ចប្រជុំការប្រាស្រ័យទំនាក់ទំនងទៅវិញ ទៅមក។

សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកអគ្គរដ្ឋទូតអាមេរិក បានប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យយោធាក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពទំនាក់ទំនងល្អឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner