មនុស្ស​ជំនិត​លោក​កឹម សុខា : ការរួបរួម​មិនអាច​ធ្វើជា​មួយ​អ្នក​បន្ត​រំលោភច្បាប់​និង​បង្កជម្លោះ​!

ភ្នំពេញៈ លោក​មុត ចន្ថា មនុស្ស​ជំនិត​លោក​កឹម សុខា បាន​បញ្ជាក់ថា មូលដ្ឋានគ្រឹះ​នៃ​ការរួបរួម គឺ​តម្រូវឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់​អង្គការ និង​ស្ថាប័នរដ្ឋ ហើយ​និង​ការកសាង​ទំនុកចិត្ត ការគោរព​និង​ការផ្តល់​នូវ​តម្លៃ​ឱ្យ​គ្នា ភាពស្មោះត្រង់ និង​ការតម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​/​រួម​ខ្ពស់បំផុត​។ ផ្អែក​តាម​កត្តា​សត្យានុម័ត​និង​គោលការណ៍ ការរួបរួម​ទំនង​មិនអាច​ធ្វើបាន​ជាមួយ​អ្នកដឹកនាំ​នយោបាយ ឬ​បុគ្គល​ណា​ដែល​រំលោភបំពាន​រដ្ឋធម្មនុញ្ញ ច្បាប់ និង​ស្ថាប័នរដ្ឋ ឬ​ដែល​តស៊ូ​មតិ​ឱ្យមាន​អំពើហិង្សា ការ​ស្អប់ខ្ពើម ការរើសអើង ការមិន​ផ្តល់​តម្លៃ​ឱ្យ​គ្នា និង​គ្មាន​ភាពស្មោះត្រង់​បានឡើយ​។លោក​មុត ចន្ថា បាន​សរសេរ​បែ​ប​នេះ នៅលើបណ្តាញសង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នេះ​។​

លោក មុត ចន្ថា (ខាងឆ្វេង)ជាមួយលោក កឹម សុខា (រូបឯកសារ)

​លោក​បាន​បន្តថា ការរួបរួម​ពិតប្រាកដ​ចាំបាច់​ត្រូវការ​ធាតុទឹក​និង​ទឹក​ដូចគ្នា ឬ​បុគ្គល​ជា​ពលរដ្ឋ​គោរព​ច្បាប់​ដូចគ្នា (law abiding citizens) ទើប​អា​ចប​ន្ស៉ី​គ្នា​ទៅបាន ប៉ុន្តែ​ការរួបរួម​ពិតជា​មិនអាច​ធ្វើទៅបាន​រវាង​ធាតុទឹក និង ធាតុ​ប្រេង បានឡើយ ហើយ​បើទោះបី​រួបរួម​បាន​ក៏​មិនមាន​និរន្តរភាព​បានដែរ​។ ដូច្នេះ​ដែរ អ្នកដឹកនាំ​នយោបាយ ឬ​បុគ្គល​ជា​ពលរដ្ឋ​បដិបត្តិ​ច្បាប់ មិនអាច​រួបរួម​ជាមួយ​អ្នកដឹកនាំ​នយោបាយ ឬ​បុគ្គល​ណា​ដែល​រំលោភបំពាន​រដ្ឋធម្មនុញ្ញ ច្បាប់ និង​ស្ថាប័នរដ្ឋ ឬ ជា​ជន​ដែល​តស៊ូ​មតិ​ឱ្យមាន​អំពើហិង្សា ការ​ស្អប់ខ្ពើម និង​ការរើសអើង ព្រោះ​វា​នឹង​នាំឱ្យ​ប្រទាំង​ប្រទើស​ជាមួយនឹង​បញ្ញត្តិ​ច្បាប់ ហើយ​បើទោះបីជា​ចង់​ក៏​ពិបាក​នឹង​សម្រេច​ទៅបាន​ដែរ​។ ឧទាហរណ៍​ជាក់ស្តែង ច្បាប់​ចែង​កំណត់​អំពី​ទោសទណ្ឌ​ពាក់ព័ន្ធ​នឹង​បទ​ផ្សំគំនិត ឬ​រួមគំនិត​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ឬ​បទឧក្រិដ្ឋ ដូច្នេះ​ការរួបរួម​ជាមួយ​ជន​ទាំងឡាយណា​ដែល​បាន​បំពាន​ច្បាប់ ឬ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​រួច ពិតជា​មិនអាច​ទៅរួច ព្រោះ​ច្បាប់​កំណត់​ខ័​ណ្ឌ​សីមា​ពីរ​ផ្សេងគ្នា​។​

​មនុស្ស​ជំនិត​លោក​កឹម សុខា បាន​បន្តទៀតថា ការរួបរួម​រិត​តែ​មិនអាច​ធ្វើទៅបាន​ជាមួយ​អ្នកដឹកនាំ​នយោបាយ ឬ​បុគ្គល​ទាំងឡាយណា​ដែល​ច្បាប់​ហាមឃាត់ (​មើល​ច្បាប់​វិសោធនកម្ម នៃ​ច្បាប់ ស្តីពី​គណបក្សនយោបាយ​) លុះត្រាតែ​ក្នុងករណី​មាន​នីតិសម្បទា​ច្បាប់​ឡើងវិញ តាមរយៈ​ការបំពេញ​ទោស​ពន្ធនាគារ​ចប់សព្វគ្រប់ ឬ​ការ​ប្រោស​ព្រះរាជទាន​នូវ​ការលើកលែងទោស ហើយក៏​អាច​ក្នុង​លក្ខខណ្ឌ​ដែល​ពួកគេ​មាន​ភាពស្មោះត្រង់​និង​ឆន្ទៈ​សុចរិត ដើម្បី​ការរួបរួម​ពិតប្រាកដ ដើម្បី​បុព្វហេតុ​ឯកភាព​ជាតិ និង​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​។​

​លោក​មុត ចន្ថា បាន​លើកឡើងថា អ្នកដឹកនាំ​នយោបាយ ឬ​អ្នកនយោបាយ​ខ្លះ​បានដឹង​ច្បាស់​អំពី​ចេតនា​នៃ​ច្បាប់​ដែល​ត្រូវបាន​គេ​តាក់តែង​និង​អនុម័ត​មក ប៉ុន្តែ​នៅតែ​កំដរ​លេង​ដោយ​ទង្វើ​ផ្គើន​ប្រឆាំងនឹង​ច្បាប់​ដែល​បន្ត​ក្លាយខ្លួនជា​អ្នករំលោភ​ច្បាប់​ម្តង​ហើយ​ម្តងទៀត​។ បើសិនជា​ពួកគេ​ចង់​ស្វែងរក​ការរួបរួម ហេតុអ្វី​ពួកគេ​បន្ត​សាង​កំហុស​ច្បាប់​ដដែលៗ ឧទាហរណ៍ រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ​បញ្ញត្តិ​ហាមឃាត់​ចំពោះ​ការរំលោភបំពាន​លើ​អង្គ​ព្រះមហាក្សត្រ ប៉ុន្តែ​គេ​នៅតែ​បន្ត​រំលោភបំពាន​លើ​អង្គ​ព្រះមហាក្សត្រ ទោះបី​គេ​ត្រូវបាន​តុលាការ​កាត់ទោស​ម្តង​ជា​ពីរដង​រួចហើយ ក៏ដោយ​។ ការដឹង​ច្បាស់​ថា​មាន​បម្រាម​ច្បាប់ ប៉ុន្តែ​នៅតែ​បន្ត​រំលោភបំពាន​ដដែលៗ និង​មិន​ទទួលស្គាល់​កំហុស​របស់​ខ្លួន គឺ​បង្ហាញ​ពី​ចេតនា​និង​បំណង​មិន​ចង់បាន​នូវ​ការរួបរួម​ពិតប្រាកដ​។ ម្យ៉ាងទៀត ពួកគេ​មិនអាច​ទម្លាក់កំហុស​ឱ្យ​អ្នក​ដែល​ធ្វើ​និង​អនុម័ត​ច្បាប់ ហើយ​និង​អ្នកអនុវត្ត​ច្បាប់ ព្រោះ​ពួកគេ​មិន​រាងចាល​ដោយ​ទង្វើ​ផ្គើន​ប្រឆាំងនឹង​ច្បាប់​ដដែលៗ​។ ការបន្ត​រំលោភបំពាន​របស់​ពួកគេ​ក៏បង្ក​គ្រោះថ្នាក់​ដល់​សង្គម ជាពិសេស​អ្នកដើរ​តាម​ដែល​ត្រូវ​រង​វិធានការ​ច្បាប់​និង​តុលាការ និង​ការ​និរាស​ព្រាត់ប្រាស​មនុស្ស​ជាទី​ស្រឡាញ់​។ ការរួបរួម​ផ្ទៃក្នុង ឬ​បក្សនយោបាយ​ក៏​ពិបាក​នឹង​សម្រេច​បានដែរ បើ​អ្នក​រំលោភច្បាប់​ហើយ​មិន​ព្រម​ទទួលស្គាល់​កំហុស​ដោយ​ប្រើប្រាស់​ទ្រឹស្តីៈ «​កុំ​គិតពី​ម្សិលមិញ គួរ​ចាប់​គិតពី​ថ្ងៃស្អែក​តទៅ​!»
​កច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យមាន​ការរួបរួម​ដែល​មិន​ទទួលបាន​នូវ​ការជួយជ្រោមជ្រែង ឬ​ឈឺឆ្អាល​ពី​សហគមន៍​អន្តរជាតិ ដោយសារ​អ្នកដឹកនាំ​នយោបាយ ឬ​អ្នកនយោបាយ​ខ្លះ​បាន​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ (violation of democratic principles), ក្លាយខ្លួនជា​អ្នករំលោភ​ច្បាប់ (law-breaker) ឬ​ក្លាយខ្លួនជា​អ្នកតស៊ូ​មតិ​ឱ្យមាន​អំពើហិង្សា (advocate for violence) ដូចជា ប្រកាស​កេណ្ឌ​កម្លាំង​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរ​យៈ​ការប្រើប្រាស់​កម្លាំង ជាជាង​ជ្រើស​រើសយក​មធ្យោបាយ​ប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​ប្រជាធិបតេយ្យ​។​

​លោក​បញ្ជាក់ថា បំណង​ប្រាថ្នា​ចង់ឱ្យមាន​ការផ្សះផ្សានិង​បង្រួបបង្រួម​ជាតិ ប៉ុន្តែ​អ្នកដឹកនាំ​នយោបាយ ឬ​អ្នកនយោបាយ​ខ្លះ​បន្តធ្វើ​សង្គ្រាម​វោហា​សាស្ត្រ​យ៉ាង​ស្រួចស្រាល់​ជាមួយ​អ្នកដឹកនាំ​ប្រទេស​។ ពួកគេ​បន្ត​ជេរ ប្រមាថ ចោទប្រកាន់ លាប​ពណ៌ ធ្វើ​ឱ្យគេ​ឈឺចាប់ រើសអើង និង​បង្ហាញ​ចរិត​គុំកួន និង​សងសឹក​តាមរយៈ​យុទ្ធសាស្ត្រ​មាន​មួយ​ត្រូវ​អត់​មួយ ឬ​ភ្នំ​មួយ​មិន​អាចមាន​ខ្លា​ពីរ​។ ពេលខ្លះទៀត គេ​ក៏​ឆ្លៀត​ប្រើ​យុទ្ធសាស្ត្រ​លាប​ពណ៌​បង្កើត​សាច់រឿង​ក្លែងក្លាយ ឬ​សេនា​រិ​យោបំ​ភ័ន្ត ក្នុង​ចេតនា​ញុះញង់​ឱ្យ​ក្រុម​មួយ ឬ​បក្ស​មួយ​បែកបាក់​គ្នា តាម​កលល្បិច «​ក្តិច​គូថ​សង្អារ​ឱ្យ​ខាំ​គ្នា​» ដោយ​រំពឹង​លទ្ធផល​ពី​ការបែកបាក់​នោះ​។ ល្បិច​នេះ​ក្លាយជា​កាំបិត​ចិត​ដង​ឯង​វិញ​! ការរួបរួម​ផ្ទៃក្នុង​បក្ស​រិត​តែ​ពិបាក​ខ្លាំង ខណៈដែល​អ្នកដឹកនាំ​នយោបាយ​គិតតែ​ប្រយោជន៍​ក្រុម​ខ្លួន ឬ​បក្ស​ខ្លួន ដោយ​មិន​គោរព​និង​ផ្តល់​តម្លៃ​ឱ្យ​ក្រុម ឬ​បក្ស​ដទៃ​។ ការវិន្និច្ឆ័យ និង​ការសម្រេចចិត្ត​លើ​បញ្ហា​រួម​គិត​ខ្លាំង​ពី​ប្រយោជន៍​ក្រុម​ខ្លួន ដោយ​យក​ប្រៀប​សង្កត់​បញ្ចុះតម្លៃ​ក្រុម​ម្ខាង​ទៀតថា​តូច​ជាង​និង​ខ្សោយ​ជាង​ខ្លួន​។

​ល្បិច​ចាប់ដៃ​ជាន់​ជើង​មិនអាច​ធ្វើឱ្យ​ការរួបរួម​កើត​បានឡើយ​។ បើសិនជា​គេ​ចង់ឱ្យមាន​ការរួបរួម​ពិតប្រាកដ គេ​ត្រូវ​តម្កល់​ផលប្រយោជន៍​រួម​ជាធំ ឱ្យ​ធំ​ជាង​ផលប្រយោជន៍​បុគ្គល ក្រុម និង​បក្ខពួក​, ត្រូវគោរព​និង​ផ្តល់​តម្លៃ​ឲ្យ​គ្នា មិន​ប្រមាថ​គ្នា មិន​ធ្វើ​ឲ្យ​មានការ​ឈឺចាប់ មិន​មានតែ​អញ់ ឬ​ជំងឺ​តួ​ឯង​និយម​, កសាង​ជំនឿ​ទុកចិត្ត មិន​លាភ​ពណ៌ មិន​ចោទប្រកាន់​មួលបង្កាច់​គ្នា មិន​បោកប្រាស​គ្នា​, កំណត់​យក​និង​អនុវត្ត​គោលការណ៍​ជា​គ្រឹះ ក្នុងការ​ប្រតិបត្តិ​និង​វិនិច្ឆ័យ​, មិន​បង្កបង្កើត​បក្សពួក អាង​ប្រើ​អំណាច​បុគ្គល​និង​រំលោភ​អំណាច ហើយ​និង​ត្រូវ​ចេះ​អត់ឱន​ឲ្យ​គ្នា និង​មិន​យកគ្នា​ជាស​ត្រូវ មិន​គុំ​គួ​ន​សងសឹក​គ្នា​។​
​សរុប​មកវិញ អត្ថប្រយោជន៍​នៃ​ឯកភាព​ជាតិៈ ១) លើកកម្ពស់​ការខិតខំ​ប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការផ្តល់​សេវាកម្ម​និង​បំពេញ​ករណី​កិច្ច​, ២) នឹងមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​វិយោគ​ទុន​បរទេស​, ៣) លើកកម្ពស់​ការអភិវឌ្ឍ​សង្គមកិច្ច សេដ្ឋកិច្ច និង​នយោបាយ​, ៤) មាន​សន្តិសុខ​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការការពារ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ ហើយ​និង ៥) លើកកម្ពស់​សិទ្ធិមនុស្ស​ជា​គ្រឹះ​និង​នីតិរដ្ឋ​។​

​លោក​មុត ចន្ថា នៅ​ជឿជាក់ថា ការរួបរួម​រវាង ខ្មែរ និង ខ្មែរ ក្នុងចំណោម​អ្នកដឹកនាំ​ប្រទេស និង​អ្នកដឹកនាំ​នយោបាយ​អហិង្សា​និង​សន្តិវិធី​ដែលមាន​ឆន្ទៈ​ស្មោះត្រង់ តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ជាធំ នៅតែ​ជា​កាលានុវត្តន​ភាព​និង​លទ្ធភាព​សក្តានុពល​មួយ​ដែល​អាចធ្វើ​ទៅបាន វៀរលែងតែ​អ្នកដឹកនាំ​នយោបាយ ឬ​បុគ្គល​ដែល​រំលោភបំពាន​រដ្ឋធម្មនុញ្ញ ច្បាប់ និង​ស្ថាប័នរដ្ឋ ឬ​ដែល​តស៊ូ​មតិ​ឱ្យមាន​អំពើហិង្សា ការ​ស្អប់ខ្ពើម ការរើសអើង ការមិន​ផ្តល់​តម្លៃ​ឱ្យ​គ្នា​បានឡើយ​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner