Cambodia2050 Ep25: យុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩

អត្ថបទដោយ៖
AMS

សំនួរ៖ នៅក្នុងសប្តាហ៍នេះ យើងនិយាយទាក់ទងទៅនឹងយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដដែលបានដែលបានរាតត្បាតអស់រយៈពេលជិត 2 ឆ្នាំមកនេះ។ នៅក្នុងនោះយើងទទួលបានកិត្តិយស ពីលោកបណ្ឌិត ឆេង គីមឡុង ដែលជាអនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ឬ ហៅកាត់ថា AVI ហើយក៏ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូប ដែលតែងតែផ្ដល់បទពិសោធន៍ផ្សេងៗ ក៏ដូចជាការសិក្សាស្រាវជ្រាវ ជាពិសេសទាក់ទងទៅនឹងយុទ្ធសាស្ត្រ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជានេះផងដែរ។ នៅក្នុងនោះចង់ឱ្យលោកបណ្ឌិតជម្រាបជូនបន្តិចថា តើផលប៉ះពាល់នៅក្នុងពេលបច្ចុប្បន្ននេះ លោកបណ្ឌិតយល់ឃើញយ៉ាងណាដែរ?

វិបត្តិកូវីដ19 បន្ទាប់ពីមានការឆ្លងរីករាលដាលជាសកល គិតមកដល់ត្រឹមពេលនេះគឺបានបន្តវិនាសកម្មដល់មនុស្សជាតិ ពិសេសទៅលើសុខភាពសាធារណៈ ក្រៅពីនោះប៉ះពាល់ទៅលើការរីកចំរើនផ្នែកសង្គម ផ្នែកសេដ្ឋកិច្ច បើមើលមកទិដ្ឋភាពផលប៉ះពាល់នៃការឆ្លងរីករាលដាលជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជាទាំងមូល យើងឃើញថា វិស័យសេដ្ឋកិច្ចធំៗ របស់កម្ពុជាត្រូវបានរងផលប៉ះពាល់ជាដំណាំ ដែលនៅក្នុងនោះយើងឃើញការនាំចេញទំនិញរបស់កម្ពុជាមួយចំនួន ទាក់ទងទៅនឹងវិស័យកម្មន្តសាល វិស័យវាយនភណ្ឌកាត់ដេរ និងផ្នែកនាំចេញមួយចំនួនទៀត។ ផ្នែកដែលប៉ះពាល់ធំហើយធ្ងន់ធ្ងរជាងគេបំផុត យើងឃើញហើយថាគឺជាវិស័យទេសចរណ៍ វិស័យទេសចរណ៍នេះគឺបានសឹងតែដេកស្ដូកស្ដឹងរហូតមកដល់ពេលនេះ ហើយពុំទាន់មានសភាពងើបឈរឡើងវិញបាននោះទេ។ វិស័យសំណង់ និងអចលនវត្ថុនៅក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ក៏ទទួលរងនូវផលប៉ះពាល់ខ្លាំងដែរ ក៏ប៉ុន្តែវិស័យកសិកម្មហាក់ដូចជាមានភាពរស់រវើក ទោះបីជាការនាំចេញនូវផលិតផលមួយចំនួនរងផលប៉ះពាល់ ហើយប៉ះពាល់ដល់ផលិតកម្ម និងការនាំចេញក៏ពិតមែន ក៏ប៉ុន្តែវិស័យកសិកម្មនៅតែមានភាពក្លៀវក្លា ហើយទំនិញថ្មីៗមួយចំនួននៅក្នុងវិស័យកសិកម្មត្រូវទទួលបានចំណាប់អារម្មណ៍ពីបណ្ដាលប្រទេសជាមិត្ត ហើយនៅក្នុងនោះក៏បានមានការកើនឡើងផ្នែកការវិនិយោគ ទាំងវិនិយោគក្នុងស្រុក ទាំងវិនិយោគពីក្រៅស្រុកចូលមក ទាក់ទងទៅនឹងការកែច្នៃនូវផលិតផលកសិកម្ម និងកសិឧស្សាហកម្មទាំងនោះ។ ផលប៉ះពាល់អវិជ្ជមានធំមួយទៀតដែលយើងសង្កេតឃើញដោយសារតែ ការរីករាលដាលនៃជំងឺកូវីដនេះគឺទៅលើអាជីវកម្មខ្នាតគ្រួសារខ្នាតតូច និងខ្នាតមធ្យម ប៉ះពាល់ដល់ចំណូលគ្រួសារ ប៉ះពាល់ទៅដល់អត្រានៃភាពគ្មានការងារធ្វើ មានន័យថាប្រជាជនមួយចំនួន បានបាត់បង់ការងារទាំងនៅក្នុងវិស័យកម្មន្តសាល វិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យគាំទ្រដែលទាក់ទងទៅនឹងវិស័យទេសចរណ៍ជាដើម។ ចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ដែរ ទាក់ទងទៅនឹងខ្សែចង្វាក់ផលិតកម្មមានន័យថាលំហូរ និងតំណភ្ជាប់នៃទំនិញសេវាកម្មពាណិជ្ជកម្មនៅក្នុងតំបន់ ដែលកម្ពុជាជាប្រទេសមួយដែលស្រូបយកនូវវត្ថុធាតុដើមផង ទំនិញប្រើប្រាស់ប្រចាំថ្ងៃផង និងទំនិញប្រើប្រាស់នៅក្នុងការបម្រើវិស័យផលិតកម្មសម្រាប់នាំចេញផង។

សំនួរ៖ លោកបណ្ឌិត យើងឃើញថានៅក្នុងពេលថ្មីៗនេះ ក្រៅពីវិស័យវាយនភណ្ឌ កសិកម្មមានភាពល្អប្រសើរក៏ពិតមែនប៉ុន្តែយើងនៅឃើញមានបញ្ហាអវិជ្ជមានមួយចំនួនផងដែរ ជាក់ស្ដែងនៅក្នុងពេលថ្មីៗនេះដូចជាដំណាំតាង៉ែនជាដើម កាលពីពេលកន្លងមកយើងនាំទៅកាន់ទីផ្សារប្រទេសជិតខាងដូចជាប្រទេសថៃ ដោយសារតែប្រទេសថៃកំពុងតែរងវិបត្តិធ្ងន់ធ្ងរជាងកម្ពុជាទៅទៀតនោះ គឺធ្វើឱ្យដំណាក់កាលនៃការនាំចេញ ត្រូវបានប្រទេសថៃបិទខ្ទប់ដោយសារតែមានវិបត្តិកូវីដ ដោយឡែកដូច្នេះហើយរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយដើម្បីជួយដល់ប្រជាជនកម្ពុជាយើង នៅក្នុងការស្ដារក៏ដូចជាការជួយធ្វើយ៉ាងម៉េច ដើម្បីឲ្យបានកម្រៃដល់ប្រជាពលរដ្ឋ ត្រង់នេះលោកបណ្ឌិតយល់ឃើញយ៉ាងណាដែរ? សម្រាប់ជាទំហំធំវិសាលភាពទូទាំងប្រទេស តើយើងគួរមានដំណោះស្រាយ ឬក៏ធ្វើយ៉ាងណាដើម្បីឲ្យមានភាពល្អប្រសើរ ពីព្រោះការទិញនៅក្នុងរយៈពេលបែបនេះគឺយើងអាចជួយសង្គ្រោះបានហើយ ប៉ុន្តែយើងអាចគិតថា ទៅពេលខាងមុខទៀត យើងគួរតែធ្វើយ៉ាងម៉េច ដើម្បីឲ្យជាមធ្យោបាយដ៏ល្អសម្រាប់ជួយប្រជាពលរដ្ឋកម្ពុជាយើង។ យើងឃើញថា មិនមែនដោយសារតែវិបត្តិកូវីដទេ សូម្បីតែកន្លងមកគឺតែងតែមានកើតឡើងទាក់ទងទៅនឹងការផលិតលើសចំនួននៃតម្រូវការ ហើយធ្វើឲ្យប្រជាកសិករមួយចំនួនតែងតែមានការខកចិត្ត ប៉ុន្តែមិនមែនថាទាំងអស់នោះទេគឺមួយចំនួន គឺគាត់ពេលដែលគាត់ដាំដំណាំ ឬ ផលិតផលកសិកម្មរបស់គាត់ អត់ទាន់មានកុងត្រាទីផ្សារណាមួយឲ្យដើម្បីយកទំនិញពីគាត់នោះទេ ហើយក៏ដូចជាហាក់បីមានការដាំតៗគ្នាជាដើម តើយើងគួរតែដោះស្រាយយ៉ាងម៉េចដើម្បីកុំឲ្យប្រជាជនរបស់យើងនឹងខាតបង់បន្តទៅទៀតផងដែរ?          

ខ្ញុំសូមឆ្លើយតបនឹងផ្ដល់នូវទិដ្ឋភាពជារួម ទាក់ទងទៅនឹងវិស័យកសិកម្ម និងការកែច្នៃទំនិញកសិកម្មទាំងអស់នោះ ទៅជាទំនិញកសិឧស្សាហកម្មបម្រើតម្រូវការក្នុងស្រុក និងបម្រើទីផ្សារអន្តរជាតិ។ ទាក់ទងទៅនឹងបញ្ហាផ្លែតាង៉ែន ដែលយើងបានដឹងឮទាំងអស់គ្នា ក្នុងរយៈពេលថ្មីៗនេះគឺជាឧទាហរណ៍មួយ នៅក្នុងចំណោមទំនិញ និងផ្លែឈើផលិតផលកសិកម្មផ្សេងទៀត ដែលកម្ពុជាកំពុងតែផលិត និងកំពុងតែមានសក្តានុពល។ ខ្ញុំសូមផ្ដល់ទិដ្ឋភាពជារួមថា ដើម្បីចាប់យកឱកាស ក៏ដូចជាដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា តាមរយៈការរអាក់រអួលនៃសកម្មភាពនាំចេញ  ទោះបីយើងឃើញស្ថិតនៅក្នុងបរិបទនៃការឆ្លងរីករាលដាលកូវីដក៏ដោយ ហើយពេលខ្លះទៀត យើងឃើញថា ការសម្រួលផ្នែកនាំចេញទំនិញនៅក្នុងបណ្ដាលប្រទេសមួយចំនួន ក្នុងភូមិផងរបងជាប់កម្ពុជានេះ អតីតកាលកន្លងមកឃើញមានការរអាក់រអួលខ្លះ។ ខ្ញុំគិតថា វាជាបញ្ហាប្រឈម ក៏ប៉ុន្តែក៏ជាក្រឡានុវឌ្ឍភាព ដែលទាមទារឲ្យទាំងវិស័យរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងផ្នែករដ្ឋាភិបាល ទាំងផ្នែកឯកជនចូលរួមនៅក្នុងការចាប់យកឱកាសនឹងដោះស្រាយបញ្ហានេះ។ ចំណុចសំខាន់បំផុតគឺការចាប់យកនូវឱកាស ឱកាសនោះគឺសក្ដានុពលដ៏សម្បូរបែបនៃផ្ទៃដីដាំដុះនៅក្នុងប្រទេសកម្ពុជាយើង រួមទាំងផ្លែតាង៉ែនរួមទាំងកសិផលផ្សេងៗទៀត ហើយបើយើងប្រៀបធៀបទៅនឹងសក្កដានុពល ក៏ដូចជាតម្លៃថ្លៃដើមនៃផលិតផលកសិផលនៅកម្ពុជាយើងគឺមានតម្លៃទាប ហើយគុណភាពក៏ល្អដែរ ដូច្នេះទាមទារឱ្យមានការវិនិយោគ ការវិនិយោគឲ្យមានការគាំទ្រពីផ្នែករដ្ឋាភិបាល ទៅលើបទដ្ឋានគតិយុត្ត ក៏ដូចជាការគាំពារផ្នែកហិរញ្ញវត្ថុ ហិរញ្ញប្បទាន និងផ្នែកសារពើពន្ធមួយចំនួន ដែលជាភាពទាក់ទាញដល់ផ្នែកវិនិយោគ ដល់អ្នកវិនិយោគទាំងវិនិយោគក្នុងស្រុក ទាំងវិនិយោគក្រៅស្រុក ចូលមកវិនិយោគបង្កើតទៅជារោងចក្រកែច្នៃចម្រាញ់ផលិតផលកសិកម្មទាំងនោះ ទៅជាផលិតផលមួយចំនួនដែលជាផលិតផលពាក់កណ្ដាលសម្រេច ឬក៏ទៅជាផលិតផលសម្រេច ហើយផលិតផលកសិកម្មមួយចំនួននេះ នៅតែអាចនាំចេញទៅបណ្ដាប្រទេសខាងក្រៅបាន ក៏ប៉ុន្តែក្រឡានុវត្តភាពគឺត្រង់ថា តម្លៃថ្លៃដើមទាប ប្រជាពលរដ្ឋនៅតែដាំដុះ ហើយនៅតែមានសក្ដានុពលផ្គត់ផ្គង់គ្រប់គ្រាន់ មកក្នុងដំណើរការនៃការកែច្នៃ ការវិនិយោគទៅលើការកែច្នៃ ទៅជាផលិតផលពាក់កណ្ដាលសម្រេច ឬក៏ទៅជាផលិតផលសម្រេច អាចនឹងដោះស្រាយនូវបញ្ហាប្រឈមទាំងអស់នេះ ហើយបញ្ហានេះពិតជាមានសារៈសំខាន់ សម្រាប់យុទ្ធសាស្ត្រនៃការអភិវឌ្ឍផ្នែកកសិកម្មកសិឧស្សាហកម្ម និងការលើកកម្ពស់នូវផលិតភាព និងផ្នែកឧស្សាហកម្មកែច្នៃនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីបម្រើទៅទីផ្សារក្រៅស្រុក។ ខ្ញុំឧទាហរណ៍ថា ផ្លែតាង៉ែន ផ្លែតាង៉ែន យើងអាចយកមកធ្វើជាដំណាប់ ដំណាប់ក្រៀម ដំណើបទឹក ហើយប្រហែលជាអាចមានសក្ដានុពល ក្នុងការកែច្នៃទៅជាផលផ្សេងទៀត អាចធ្វើទៅជាស្ករទៅជាទឹកបង្អែមផ្សេងៗទៀត ច្រកកំប៉ុងច្រកដប ហើយនាំចេញទៅប្រទេសដែលមានសក្ដានុពលក្នុងការស្រូបយកផលិតផលទាំងអស់នោះ។ នៅមានផលិតផលកសិកម្មខ្មែរច្រើនផ្សេងទៀត ខ្ញុំឧទាហរណ៍ដូចជា ដំណាំស្វាយ ស្វាយអាចសម្ងួតកែច្នៃទៅជាទំនិញសម្ងួត ទៅជាដំណាប់ស្វាយ ឬ ទៅជាម្សៅ ហើយម្សៅនោះយើងអាចនាំចេញទៅបណ្ដាប្រទេសនៅលោកខាងលិច ក៏ដូចជាប្រទេសជាដៃគូពាណិជ្ជកម្មកម្ពុជា ដែលអាចយកទៅលាយទៅជាវត្ថុធាតុដើម នៅក្នុងការធ្វើជាទំនិញម្ហូបអាហារ ទាំងចំណីមនុស្ស និងទាំងចំណីសត្វ។

សំនួរ៖ ដោយឡែកចំណុចទាំងអស់នេះ សម្រាប់ជាយោបល់ជាទស្សនៈផ្ទាល់ខ្លួនរបស់លោកបណ្ឌិតផ្ទាល់ តើយើងអាចធ្វើបានដោយវិធីណា ប្រសិនបើយើងនៅក្នុងដំណាក់កាលនៃបញ្ហាកូវីដនេះផងដែរ មួយទៀតចង់ភ្ជាប់ទៅនឹងបញ្ហានោះ ប្រសិនបើយើងមិនទាន់ឈានទៅដល់ដំណាក់កាលនៃការកែច្នៃបានភ្លាមៗ ធម្មតាយើងកែច្នៃយើងត្រូវប្រើពេលវេលាទាក់ទងទៅទីផ្សារ ក៏ដូចជាការធ្វើជាលក្ខណៈរោងចក្រ ឬក៏ជាលក្ខណៈយ៉ាងណាដែរ?

ខ្ញុំយល់ស្របថាយើងមិនអាចជម្រុញពិពិតកម្ម និងការកែច្នៃនៅក្នុងទ្រង់ទ្រាយធំ ហើយមានលក្ខណៈសាំញាំភ្លាមៗបាន ក៏ប៉ុន្តែរដ្ឋាភិបាល វិស័យឯកជន ប្រជាជន ប្រជាកសិករ ដែលដាំដំណាំផ្គត់ផ្គង់បម្រើនៅក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មកែឆ្នៃទាំងអស់នេះ អាចចូលរួមបានហើយបើយើងមើលទៅលើទិដ្ឋភាពជារួម រដ្ឋាភិបាលអាចតភ្ជាប់ទៅនឹងបណ្ដាលក្រុមហ៊ុនឯកជននៅក្រៅស្រុក ឬក៏រដ្ឋាភិបាលដៃគូពាណិជ្ជកម្ម ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ទាំងទ្វេភាគី ទាំងពហុភាគី។ រដ្ឋាភិបាលអាចជួយមួយចំណុចទៀត ទាក់ទងទៅនឹងការសម្រួលនៅហិរញ្ញប្បទានផ្នែកមូលធន តាមកិច្ចសម្របសម្រួលជាមួយនឹងប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារផ្សេងៗនៅក្នុងការផ្ដល់មូលធនទៅដល់វិនិយោគិន សហគ្រិន និងប្រជាកសិករនៅក្នុងស្រុក ដែលធ្វើការដាំដំណាំ ដាំដុះនៅក្នុងផ្នែករៀងៗខ្លួន។ ការសម្រួល និងការផ្ដល់ហិរញ្ញប្បទានដែលមានតម្លៃទាប ដែលមានការប្រាក់ទាប ដែលមានភាពងាយស្រួល និងមានភាពអនុគ្រោះច្រើនគឺនឹងជួយសហគ្រិន វិនិយោគិន និងលើកទឹកចិត្តដល់ពួកគាត់ដាំដុះច្រើន ហើយនឹងមានទំនុកចិត្តនៅក្នុងការវិនិយោគ។ ចំណុចទីបី គឺទាក់ទងទៅនឹងការបង្កើតឲ្យមានទៅជាបណ្ដុំនៃផលិតករ តភ្ជាប់ពីបណ្ដុំនៃផលិតករយើងហៅថាជាសហគ្រាសខ្នាតតូច និងមធ្យមដែលហៅថា SME Cluster រួមទាំង Micro Business ដែលជាអាជីវកម្មខ្នាតតូចក្នុងវិស័យកែច្នៃកសិកម្ម និងទំនិញកសិកម្មទាំងអស់នេះ ជាមួយទៅនឹងផ្នែកឯកជនផ្សេងទៀត ដែលទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ឬក៏តំបន់មេគង្គរួមនឹងដៃគូពាណិជ្ជកម្មរបស់យើង នៅក្នុងបណ្ដាប្រទេសផ្សេងៗទៀត ឲ្យបង្កើតទៅជា linkein តំណភ្ជាប់ដើម្បីទីមួយគឺតពី ការដាំដុះមកផលិតកម្ម និងសម្រាប់ជំរុញការនាំចេញ។ ចំណុចទីបួន គឺការយកចិត្តទុកដាក់ទៅលើគុណភាពនៃទំនិញកសិកម្មកសិឧស្សាហកម្មទាំងអស់នោះ ពីព្រោះកត្តាគុណភាពកត្តាស្តង់ដារ និងកត្តាអនាម័យ និងកត្តាគុណភាពអនាម័យគឺជាកត្តាសត្យានុម័តមួយ នៅក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារធំៗ ដែលទាមទារឲ្យមានការគោរពនៅបទដ្ឋានគុណភាពអនាម័យ។ ចំណុចទីប្រាំចុងក្រោយគឺការគោរពនូវលក្ខណៈបទដ្ឋានការការពារបរិស្ថាន និងសម្រស់ធម្មជាតិដែលបណ្ដាប្រទេសមួយចំនួននៅលោកខាងលិច ទាមទារឲ្យមានការគោរពបរិស្ថាន និងការគោរពនៅបទដ្ឋាននៃការការពារការអភិរក្សបរិស្ថានក៏ដូចជាសិទ្ធិមនុស្ស សិទ្ឋិរបស់ពលករ បើយើងមើលទៅនេះគឺជាបណ្ដុំនៃការជ្រំជ្រែងទាំងវិស័យឯកជន ទាំងវិស័យរដ្ឋ ទាំងវិស័យសមាគមប្រជាកសិករដាំដុះ នៅក្នុងការផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្មនៃទំនិញកសិកម្ម កសិឧស្សាហកម្មនេះឯង។

សំនួរ៖ ដោយឡែក យើងក្រឡេកមកមើលទាក់ទងទៅនឹងក្រៅពីវិស័យកសិកម្មវាយនភណ្ឌផ្សេងៗ យើងឃើញថា វិស័យទេសចរណ៍ជាវិស័យសំខាន់ ហើយក៏មានការរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងផងដែរ ដោយសារតែយើងឃើញហើយ ទំហំនៃការធ្លាក់ចុះភ្ញៀវទេសចរណ៍បរទេសមកក្នុងកម្ពុជា គឺមានការធ្លាក់ចុះខ្លាំង បើតាមតួលេខកន្លងមក ហើយកំណើនទេសចរណ៍ក្នុងប្រទេស ក៏មានតិចមែនទែនបើយើងប្រៀបធៀបទៅនឹងឆ្នាំ 2020 ហាក់បីដូចជាទាបជាង 2020។ នៅក្នុងនោះផងដែរ យើងឃើញមានព័ត៌មានក្រសួងទេសចរណ៍ ត្រៀមនឹងបើកដំណើរការចាប់ផ្ដើមទទួលភ្ញៀវទេសចរត្រឡប់ចូលក្នុងប្រទេសកម្ពុជារបស់យើងវិញ ថាតើនេះគឺជាសញ្ញាយ៉ាងណាដែរ ចំពោះលោកបណ្ឌិត  ថាតើកម្ពុជាអាចធ្វើបានកម្រិតណាដែរ? បើយើងនិយាយត្រឡប់អំពីផលប៉ះពាល់វិញ បើសិនជាយើងបើកឱ្យភ្ញៀវទេសចរចូលមកនៅក្នុងវិបត្តិកូវីដនេះផងដែរ ទោះបីជាកម្ពុជាមានការចាក់វ៉ាក់សាំងច្រើនមែនទែន នៅក្នុងប្រទេសកម្ពុជាយើងគឺមានជាង 10 លាននាក់ហើយ ក៏ប៉ុន្តែសម្រាប់លោកបណ្ឌិតយល់ឃើញយ៉ាងមិច ចំពោះផលប៉ះពាល់អំពីកូវីដនៅពេលដែលមានភ្ញៀវទេសចរណ៍ចូលមក និងការបើកទទួលភ្ញៀវទេសចរបានប្រាក់កម្រៃពីភ្ញៀវទេសចរទាំងនោះ?

ការស្ដារឡើងវិញនៃវិស័យទេសចរណ៍គឺពិតជាមានសារៈសំខាន់ សារៈសំខាន់សម្រាប់ពេលខ្លី និងសារៈសំខាន់សម្រាប់ពេលវែង។ ការងើបឡើងវិញ និងការចាប់ផ្ដើមអាចអនុវត្តបាននូវការបើកវិស័យទេសចរណ៍ឡើងវិញ គឺឈរទៅលើកត្តាពីរយ៉ាងគឺ ទីមួយកត្តាក្នុងស្រុក កត្តាក្នុងស្រុកគឺការផ្ដល់នូវភាពសាំ ឬក៏ការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ19 តាមរយៈការគោរពនៅវិធានការសុខាភិបាល និងការរឹតត្បិតនៃការជួបជុំគ្នាមួយចំនួន រួមទាំងការគោរពនូវវិធានការផ្សេងៗទៀត នៅក្នុងការការពារកុំឱ្យមានការឆ្លងរីករាលដាល។ ចំណុចទី 2 នៅក្នុងផ្នែកខាងក្នុង ដែលហៅថាជាវិធានការដោយកម្ពុជាគឺការផ្ដល់វ៉ាក់សាំងការផ្ដល់វ៉ាក់សាំង ឥឡូវនេះយើងឃើញថា រដ្ឋាភិបាលបានផ្ដល់វ៉ាក់សាំងជូនប្រជាជនទាំងពីរដូស ទាំងបីដូស បានច្រើនសន្ធឹកសន្ធាប់ហើយសឹងតែសម្រេចបាននូវគោលដៅកាលពីដំបូង ដែលផ្ដល់ជូនវ៉ាក់សាំងប្រមាណ 10 លាននាក់នៃប្រជាជនកម្ពុជាប្រមាណ 16 លាននាក់ ឥឡូវនេះយើងឃើញថា ការផ្ដល់វ៉ាក់សាំងនេះនៅតែបន្ត ហើយប្រហែលជាលើសពីទិសដៅដំបូង។ ចំណុចនេះនឹងអនុញ្ញាតឲ្យកម្ពុជាបើកដំណើរការជាដំបូង ហើយជាដំណើរដំណើរទៅតាមផ្នែក ទៅតាមវិស័យ តាមតំបន់នៃទេសចរណ៍ក្នុងស្រុក។ ការជំរុញឲ្យបាននូវការបើកទេសចរណ៍ការស្ដារទេសចរណ៍តាមផ្នែក តាមវិស័យ តាមតំបន់នៅក្នុងស្រុក ដោយផ្ដល់អាទិភាពទៅបណ្ដាលអ្នកទេសចរទាំងក្នុងស្រុកទាំងក្រៅស្រុក ដែលទទួលបាននូវការចាក់វ៉ាក់សាំង ឬក៏មានលិខិតស្នាមបញ្ជាក់ថា ពុំមានការឆ្លងការការប៉ះពាល់ជាមួយនឹងអ្នកឆ្លងវីរុសកូវីដ19 គឺជាកត្តាចម្បងមួយ ដែលអាចធ្វើបាននៅក្នុងកម្រិតដែលខ្ញុំលើកឡើងថា ទៅតាមតំបន់ ឧបមាថាទេសចរណ៍សំដៅទៅលើតំបន់មាត់សមុទ្រ ទេសចរណ៍សំដៅទៅលើតំបន់វប្បធម៌ធំៗ ដែលជាតំបន់ទាក់ទាញរបស់កម្ពុជា ឬក៏ទេសចរណ៍ទៅតាមតំបន់បរិស្ថាន បែបធម្មជាតិមួយចំនួននៅតាមតំបន់ភាគខាងជើង តំបន់ភាគខាងលិចមួយចំនួនណា ដែលមានលក្ខណៈធូរស្រាលនៃការឆ្លងរីករាលដាល គឺរដ្ឋាភិបាលអាចអនុញ្ញាតឲ្យមានការតភ្ជាប់នៃការធ្វើដំណើររបស់អ្នកទេសចរណ៍ទៅតំបន់នោះ ហើយដោយមានការការពារ និងការគោរពទៅតាមបទដ្ឋានសុខាភិបាលឲ្យបានតឹងរឹងម៉ត់ចត់។ ចំណុចទី 2 កត្តាទីពីរគឺអាស្រ័យទៅលើស្ថានភាពនៃការឆ្លងរីករាលដាល នៅបណ្ដាប្រទេសជុំវិញរបស់យើង និងនៅក្នុងពិភពលោក។ នៅចំណុចទីពីរនេះ វាមានភាពពាក់ព័ន្ធទៅនឹងលទ្ធភាពនៃកម្ពុជាអាចស្ដារ និងបើកនៅទេសចរណ៍របស់ខ្លួន ទទួលអ្នកទេសចរក្រៅស្រុក ចូលមកទស្សនានៅកម្ពុជា ចូលមកលេងប្រទេសកម្ពុជា នៅក្នុងទ្រង់ទ្រាយធំ ក៏ប៉ុន្តែខ្ញុំគិតថា ដោយសារតែស្ថានភាពនៃការឆ្លងរីករាលដាលពុំទាន់មានការធូរស្បើយ វីរ៉ុសកំប្លែងខ្លួនថ្មីៗ នៅតែកើតឡើងផ្សេងទៀត ប្រហែលជាលទ្ធភាពនៃការបើកទ្រង់ទ្រាយធំ ឲ្យមានការចូលមកនៃអ្នកទេសចរពីក្រៅស្រុក ប្រហែលជាអាចនឹងត្រូវបានពន្យារ ឬក៏អាចនឹងធ្វើទៅបាននៅក្នុងកម្រិតតិចតួច។ ជាសរុបរួមខ្ញុំគិតថា យើងអាចជំរុញបើកនៅទេសចរណ៍ក្នុងស្រុកបាន ក៏ប៉ុន្តែត្រូវគោរពនៅបទដ្ឋានសុខាភិបាលសុខាភិបាលឲ្យតឹងរឹង ហើយនឹងទប់ស្កាត់បាននូវការឆ្លងរីករាលដាលនៃវីរ៉ុសបំប្លែងខ្លួនថ្មីៗ រួមទាំងវីរ៉ុសដែលតាជាដើម។

សំនួរ៖ ជាចុងក្រោយនេះ តើលោកបណ្ឌិតមានអ្វីចង់បន្ថែមទាក់ទងទៅនឹងយុទ្ធសាស្ត្រ នៅក្នុងការស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជានៅក្នុងវិបត្តិកូវីដនេះ?

ខ្ញុំសូមលើកជាទស្សនវិស័យពីរចំណុចជារួម ទីមួយគឺការជំរុញនូវភាពក្លៀវក្លានៃការរស់រវើកឡើងវិញនៃវិស័យឯកជនក្នុងស្រុក ទាំងវិស័យសហគ្រាសខ្នាតគ្រួសារ សហគ្រាសខ្នាតតូច និងមធ្យមជាដើម ហើយចាប់ផ្ដើមទទួលយកនូវឱកាសនៃការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលសមស្របទៅនឹងបរិយាកាសកម្ពុជា រួមទាំងការប្រើប្រាស់នូវសេវាឌីជីថលមួយចំនួន នៅក្នុងការចាត់ចែងគ្រប់គ្រងនូវអាជីវកម្មរបស់ខ្លួន ក៏ដូចជាការផ្ទេរហិរញ្ញវត្ថុ ការបង់លុយជាដើមជាឧទាហរណ៍។ ចំណុចទីពីរ គឺទាក់ទងទៅនឹងការកែប្រែ និងការលើកកម្ពស់នូវសមត្ថភាពនូវជំនាញថ្មីៗ ដើម្បីឆ្លើយតបទៅនឹងបរិយាកាសថ្មីៗនេះ ក៏ដូចជាការប្រែប្រួលដោយសារតែវិបត្តិកូវីដ 19។ ចំណុចនេះគឺវាឆ្លើយតបទៅនឹងតម្រូវការ និងបរិបទនៃកូវីដ19 ដែលជំរុញឲ្យបណ្ដាប្រទេសដែលជាដៃគូកម្ពុជាមួយចំនួននេះ បើកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជំរុញនូវការតភ្ជាប់ផ្នែកអាជីវកម្មខ្នាតតូច ខ្នាតមធ្យម និងពាណិជ្ជកម្មឆ្លងខេត្ត និងពាណិជ្ជកម្មឆ្លងប្រទេសដោយប្រើបច្ចេកវិទ្យាក្នុងសម័យទំនើបនេះ៕

***********

វាគ្មិន៖ លោកបណ្ឌិត ឆេង គីមឡុង ប្រធានមជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច​ ប្រជាធិបតេយ្យ​ និងជាអនុប្រធាននៃ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner