ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន លើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨»

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨» តាមរយៈប្រព័ន្ធអនឡាយ (Zoom Meeting) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានឲ្យដឹងថា របាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤នេះ បានទទួលជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍រួមមាន UNDP និង FAO ប្រចាំកម្ពុជា និងបានធ្វើការបោះពុម្ពជាភាសាខ្មែរ និងភាសាអង់គ្លេស ដោយរួមបញ្ចូលនូវប្រធានបទចំនួន០៧ រួមមាន៖ គុណភាពខ្យល់ ការប្រែប្រួលអាកាសធាតុ ធនធានទឹកសាបលើដី ធនធានដីនិងគុណភាព ជីវៈចម្រុះ សំណល់ បរិស្ថាននិងសុវត្ថិភាពម្ហូបអាហារ។

ជាមួយគ្នានេះ ឯកឧត្តមបានបានលើកឡើងថា កន្លងមកក្រសួងបរិស្ថាន បានធ្វើការវាយតម្លៃធនធានគម្របព្រៃឈើជាតិ ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន នៅពេលដែលផ្ទៃដីព្រៃឈើភាគច្រើនត្រូវរាជរដ្ឋាភិបាលសម្រេចផ្ទេរមកជាតំបន់ការពារធម្មជាតិ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមាន ទំហំសរុបប្រមាណជាង ៧,៣ លានហិកតា ឬស្មើនឹង៤១ភាគរយ នៃផ្ទៃដីប្រទេស។ តាមរយៈសៀវភៅនេះបានបង្ហាញថាក្នុងឆ្នាំ២០១៨ ផ្ទៃដីព្រៃឈើនៃព្រះរាជាណាចក្រកម្ពុជាមានប្រមាណ ៨ ៥១០ ៨០៧ ហិកតា ស្មើនឹង ៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។

លទ្ធផលនៃការវាយតម្លៃនេះ មានការគាំទ្របច្ចេកទេសពីអ្នកជំនាញការអន្តរជាតិ រួមមាន UNDP JICA FAO វិទ្យាស្ថានស្រាវជ្រាវព្រៃឈើនិងផលិតផលព្រៃឈើជប៉ុន (FFPRI)និងសាកលវិទ្យាល័យអន្តរជាតិនានា។ ក្នុងឱកាសអញ្ជើញជាអធិបតីនៃពីធីផ្សព្វផ្សាយឯកសារទាំងពីរខាងលើ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថាការប្រកាសឲ្យប្រើប្រាស់និងផ្សាយរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ និងការវាយតម្លៃធនធានគម្របព្រៃឈើជាតិ ជាសមិទ្ធផលថ្មី២ បន្ថែមទៀតដែល ជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន ក្រសួង ស្ថាប័ននានា និងដៃគូអភិវឌ្ឍន៍ ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបានចាត់ទុកថារបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ បានចងក្រងឡើងក្នុងគោលបំណងដើម្បីបង្ហាញស្ថានភាពបច្ចុប្បន្ន និងនិន្នាការនៃបរិស្ថាននៅក្នុង ព្រះ រាជាណាចក្រកម្ពុជាដើម្បីគាំទ្របន្តទៀតដល់ការអភិវឌ្ឍក្របខណ្ឌស្ថាប័ន និងក្របខណ្ឌគោលនយោបាយថ្នាក់ជាតិដ៏រឹងមាំ ដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) របស់កម្ពុជា ប្រកបដោយ ប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងថា របាយការណ៍នេះ គឺជារបាយការណ៍ដែលមាននិន្នាការផ្ដោត លើដំ ណោះស្រាយដោយផ្ដល់អនុសា សន៍សំខាន់ៗសម្រា ប់គោលនយោបាយនាពេលអនាគត ទិន្នន័យ និងអាទិភាពស្រាវជ្រាវ ដើម្បីជាមធ្យោ បាយក្នុងការស្វែ ងរកវិធីឆ្ពោះទៅមុខ។ របាយការណ៍នេះ ពិនិត្យស៊ី ជម្រៅលើវិស័យតាមប្រធានបទចំនួន ៧ គឺ៖ គុណភាពខ្យល់ ការប្រែប្រួលអាកាសធាតុ ធនធានទឹក សាបលើដី ធនធានដី គុណភាពជីវៈចម្រុះ សំណល់និងបរិស្ថាននិងសុវត្ថិភាពម្ហូបអាហារ។

របាយការណ៍ស្ថានភាពបរិស្ថានជាតិពិតជាមានសារៈសំខាន់និងចាំបាច់សម្រាប់កម្ពុជាដែលត្រូវបានរៀបចំឡើងប្រកបដោយខ្លឹមសារ ទិន្នន័យច្បាស់លាស់ និងគុណភាព ហើយត្រូវបានចងក្រងឡើង ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងត្រូវបានទទួលស្គាល់ប្រើប្រាស់ដោយគ្រប់មជ្ឈដ្ឋាន។ របាយការណ៍នេះផ្តល់ការយល់ដឹងអំពីនិន្នាការស្ថានភាពបរិស្ថានឱ្យបានកាន់តែប្រសើរ ចងក្រងនូវផលប៉ះពាល់បរិស្ថាន សង្គម និងពីស្ថានភាពដែលប្រែប្រួល និងបង្ហាញពីប្រសិទ្ធភាពនៃការឆ្លើយតបចំពោះសម្ពាធ និងផលប៉ះ ពាល់បរិស្ថានរួមនឹងបញ្ជីអនុសាសន៍ដំណោះស្រាយផងដែរ។

ទន្ទឹមនឹងការប្រកាសឱ្យប្រើប្រាស់របាយការណ៍ស្តីពីបរិស្ថានជាតិលើកទី៤ ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់នូវរបាយការណ៍សិក្សាវាយតម្លៃពីធនធានគម្រប ព្រៃឈើកម្ពុជាឆ្នាំ២០១៨ ផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា ការវាយតម្លៃធនធានគម្របព្រៃឈើគឺជាយុទ្ធសាស្ត្រស្នូលដើម្បី ទទួលបាននូវទិន្នន័យមូលដ្ឋានច្បាស់លាស់ អំពីធនធានគម្របដីព្រៃឈើ និងការប្រែប្រួលដីព្រៃឈើនៅ ទូទាំងប្រទេស។ នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ (DGIS)នៃ ក្រសួងបរិស្ថាន បានដើរ តួនា ទីយ៉ាង សំខាន់ក្នុងការវាយតម្លៃធនធានគម្រប ព្រៃឈើនូវទូទាំងប្រទេស ដោយជំរុញឱ្យ មានកិច្ចស ហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីកសាង សមត្ថភាពមន្ត្រី បង្កើតនូ វការគ្រប់គ្រងទិន្នន័យ ព័ត៌មានភូមិ សាស្ត្រការផលិតផែនទី ការប្រមូលវិភាគ ចងក្រងព័ត៌មាន ស្ដីពីគុណភាពបរិស្ថានធនធា នធម្មជាតិ និងជីវៈចម្រុះប្រកបដោយគុណភាព និងកម្រិត ជឿជាក់ខ្ពស់។

ឯកឧត្តមបញ្ជាក់បន្ថែមថាកម្ពុជាបានធ្វើការវាយតម្លៃធនធានគម្របដីព្រៃឈើថ្នាក់ជាតិបានចំនួន0៨ ដង ចាប់តាំងពីមុនឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ ២០១៨ និងបានកំពុងបន្តធ្វើការវាយតម្លៃធនធានគម្របព្រៃឈើ ក្នុងឆ្នាំ២០២០ និងបានធ្វើការវាយតម្លៃ ការប្រែប្រួលធនធានដីគម្របព្រៃឈើនៃប្រព័ន្ធតំបន់ការពារធម្មជាតិ ឆ្នាំ២០០៦-២០១៦ ប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងរូបភាពផ្កាយរណបជាលទ្ធផលក្នុងការវាយតម្លៃធនធានគម្របដីព្រៃឈើតាមបណ្តាឆ្នាំនីមួយៗ។

តាមការ វាយតម្លៃធនធានគម្របដីព្រៃឈើឆ្នាំ២០១៨ ជាលទ្ធផលចុងក្រោយនេះបង្ហាញថាផ្ទៃដីព្រៃឈើមានប្រមាណ ៨.៥១០.៨០៧ ហិកតា ស្មើនឹង ៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។ ទិន្នន័យធនធានគម្របព្រៃឈើពិតជាមានសារៈសំខាន់ និងចាំបាច់ប្រើប្រាស់ជាទិន្នន័យគោលសម្រាប់ធ្វើសេចក្តីសម្រេចចិត្តក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍន៍ សម្រាប់វិស័យបរិស្ថាន រួមមាន៖ ការគ្រប់គ្របធនធានធម្មជាតិប្រកប ដោយនិរន្តរភាព ចូលរួមចំណែកក្នុងការរៀបចំផែនការគ្រប់គ្រងដីរដ្ឋ និងរៀបចំផែនការយុទ្ធសាស្រ្តជាតិនានា។ទិន្នន័យនេះបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំ ផែនការដាំស្តារព្រៃឡើងវិញ រៀបចំដី បំរុងទុកអចិន្រ្តៃយ៍ដើម្បីធ្វើផែន ការអភិវឌ្ឍឃុំ/សង្កាត់ ចូលរួមចំណែកគោលនយោបាយកាត់ឆ្វៀលដី និងសប្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រដែលកំពុងអាស្រ័យ ផលនៅលើដីព្រ។

សូមបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន លើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨» បានប្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាយ (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការ UNDP FAO JICA ដៃគូអភិវឌ្ឍន៍ មួយចំនួនទៀត រួមជាមួយអ្នកសារព័ត៌មាន ជាច្រើននាក់៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner