ក្រសួងប្រៃសណីយ៍រៀបចំកម្មវិធីប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងឆ្នាំ២០២១

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១  បានរៀបចំកម្មវិធីប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសម្រាប់ឆ្នាំ២០២១ ចំនួន ៣៩កន្លែង (ក្របខណ្ឌ “ក”)។

ជាមួយគ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងបានរៀបចំឱ្យបេក្ខជនទាំង ២៤៨ នាក់ចូលរួមប្រឡងតាមប្រព័ន្ធអនឡាញលើវិញ្ញាសា (១) ចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ (២) វិញ្ញាសាភាសាអង់គ្លេស និង (៣) វិញ្ញាសាជំនាញមួយក្នុងចំណោម (ក) នីតិសាស្រ្ត និងរដ្ឋបាលសាធារណៈ (ខ) ទូរគមនាគមន៍ ឬ (គ) បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

      ក្រសួងប្រៃសណីយ៍បានឱ្យដឹងដែរថាដើម្បីធានាតម្លាភាព និងសុក្រឹត្យភាព ក្រសួងបានរៀបចំប្រព័ន្ធប្រឡង  និងនីតិវិធី  ដូចខាងក្រោម៖

– រៀបចំ “ប្រព័ន្ធប្រឡង” ដែលអាចថតរាល់សកម្មភាពលើអេក្រង់កុំព្យូទ័ររបស់បេក្ខជន និងរូបភាពសកម្មភាពកំពុងប្រឡងរបស់បេក្ខជន

– បេក្ខជនត្រូវមានឧបករណ៍អេឡិចត្រូនិចមួយទៀត សម្រាប់ចូលកម្មវិធី Zoom ដោយតម្រូវឱ្យបើកកាមេរ៉ា និងសម្លេង (Video and Microphone) ដើម្បីត្រួតពិនិត្យមជ្ឈដ្ឋានជុំវិញខ្លួនបេក្ខជននៅពេលប្រឡង

– បន្ទប់ប្រឡងអនឡាញនីមួយៗមានបេក្ខជនចន្លោះពី១៨ ទៅ២២ នាក់ដោយមានអនុរក្ស ២ នាក់ត្រួតពិនិត្យតាមប្រព័ន្ធ Zoom និងម្នាក់ទៀតត្រួតពិនិត្យអេក្រង់ “ប្រព័ន្ធប្រឡង”

– បេក្ខជនដែលមិនមានឧបករណ៍អេឡិចត្រូនិចចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការប្រឡង ក្រសួងបានឱ្យខ្ចីឧបករណ៍ និងផ្តល់ទីតាំងប្រឡងជូន ដោយអនុវត្តតាមវិធានសុខាភិបាលត្រឹមត្រូវ

– រៀបចំការប្រឡងសាកល្បងចំនួនពីរលើក (នៅថ្ងៃទី១៨ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១) ដើម្បីធានាថាបេក្ខជនចេះប្រើប្រព័ន្ធប្រឡង

– មានបទប្បញ្ញត្តិប្រឡង និងសៀវភៅណែនាំពីរបៀបប្រឡងច្បាស់លាស់។

       ចំពោះបេក្ខជនដែលប្រឡងជាប់វិញ្ញាសាសរសេរតាមប្រព័ន្ធអនឡាញនឹងត្រូវចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ដែលគណៈកម្មការប្រឡងនឹងជូនដំណឹងនៅពេលក្រោយ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner