វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ នៅខេត្តក្រចេះ ជាប់ជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន ថ្នាក់ជាតិ ឆ្នាំ២០២១

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ ២០២១ បានអញ្ជើញប្រគល់បណ្ណជ័យលាភីមេសាលាមេត្រីបរិស្ថានមេដាយប្រាក់ ជូនវិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឲ្យដឹងថា អនុលោមតាមក្របខណ្ឌការងារអាស៊ាន ស្តីពីសាលាមេត្រីបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំយុវជននិងកីឡាបានរៀបចំឱ្យមានការណែនាំដោយផ្តោតលើលក្ខណៈវិនិច្ឆ័យ ចំនួន០៤ រួមមាន៖ (១)មានគោលការណ៍ និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន (២) មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថាន (៣) មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិបរិស្ថាន (៤) មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍ និងមានសូចនាករវាស់វែងចំនួន១៨។ ឯកឧត្តម បានថ្លែងថា ចលនាប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន បានរៀបចំឡើងឆ្នាំនេះ ចាលើកទី៣ ដើម្បីជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រែក្លាយចំណេះដឹងអំពីបរិស្ថានទៅជាប្រតិបត្តិមេត្រីភាពបរិស្ថាននៅក្នុងសាលារៀន ជំរុញឱ្យមានការអនុវត្តនៅក្នុងសហគមន៍ថែមទៀតផងដែរ។

ឯកឧត្តម ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានសំដែងនូវសេចក្តីត្រេកអរនិងបានចូលរួមអបអរសាទរចំពោះសាលារៀនដែលបានទទួលបានជ័យលាភីសាលាមេត្រីបរិស្ថានមេដាយប្រាក់នាពេលនេះ។ ឯកឧត្តម បានលើកទឹកចិត្តឲ្យគណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសហគមន៍ បន្តចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថាន ឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីឲ្យជីវិតរស់នៅស្រស់បំព្រង នៅពេលបរិស្ថានស្រស់បំព្រងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានលើកឡើងពីសារៈសំខាន់នៃការគ្រប់គ្រងអនាម័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ជាពិសេសការរៀបចំឲ្យសាលរៀន និងភូមិដ្ឋានស្អាតនៅតាមសហគមន៍បង្ហាញពីស្មារតីស្រឡាញ់បរិស្ថាន និងប្រតិបត្តិមេត្រីភាពបរិស្ថាន។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ បានខិតខំជំរុញ ឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការប្រកួតប្រជែងសាលាមេត្រីបរិស្ថាន ដែលផ្តល់ចំណេះដឹងបរិស្ថានបន្ថែមទៀត ដល់សាធារណជនក្នុងការគ្រប់គ្រងអនាម័យបរិស្ថាននិងធនធានធម្មជាតិនៅតាមសហគមន៍កាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១នេះ មានសាលាចំនួន៤៨ បានដាក់ពាក្យចូលរួមប្រកួតសាលាមេត្រីបរិស្ថាន ហើយបន្ទាប់ពីវាយតម្លៃ មានសាលាចំនួន០៦ទៀត បានជាប់ចំណាត់ថ្នាក់ជាសាលាមេត្រីបរិស្ថានជាតិលើកទី៣ រួមមាន៖ សាលាបឋមសិក្សាចំនួន ៣ រួមមាន ១) សាលាបឋមសិក្សាវត្តចែង ភូមិវត្តចែង សង្កាត់អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ជ័យលាភីមាស ២)សាលាបឋមសិក្សា ហ៊ុន សែនក្រុងភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកសៀមរាប ខេត្តសៀមរាបជាប់ជ័យលាភីប្រាក់ ៣) សាលាបឋមសិក្សាឈើខ្លឹមភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាប់ជ័យលាភីសំរិទ្ធ។ វិទ្យាល័យចំនួន ៣ រួមមាន៖ ១)វិទ្យាល័យ ហ៊ុន សែន មិត្តភាពភូមិ ៥ សង្កាត់ ៤ ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ ជាប់ជ័យលាភីកមាស ២)វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ជាប់ជ័យលាភីប្រាក់ ៣) វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តពំពង់ឆ្នាំង ជាប់ជ័យលាភីសំរិទ្ធ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner