វគ្គរដ្ឋបាលកីឡា មានសារៈសំខាន់ ដើម្បីបញ្ជ្រាបចំណេះដឹងរដ្ឋបាលកីឡា ការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា សម្រាប់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅខេត្តតាកែវ រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។


ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះជាកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ ដែលបានអនុម័តដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងផ្តល់កិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា។ វគ្គនេះមានសារៈសំខាន់ ដើម្បីបញ្ជ្រាបចំណេះដឹងរដ្ឋបាលកីឡា ក៏ដូចជាបានបញ្ជ្រាបការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជូនដល់សិក្ខាកាមទាំងអស់ផងដែរ។ ឯកឧត្តមជឿជាក់ថា តាមរយៈការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសទាំងអស់ គឺសិក្ខាកាម ដែលជាគ្រូកីឡា មន្ត្រីកីឡាទាំងអស់ប្រចាំខេត្តនេះនឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត ដើម្បីជួយជំរុញឲ្យវិស័យកីឡានៅខេត្តតាកែវកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។


លោក ឯម ហៀង ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា NOCC បញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការរបស់ NOCC ប្រចាំឆ្នាំ២០២១នេះ និងជាវគ្គទី២ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ និងបន្តទៅ២ខេត្តទៀត គឺខេត្តកែប និងខេត្តរតនគីរី ។ លោកបន្ថែមថា សម្រាប់វគ្គរដ្ឋបាលកីឡានៅខេត្តតាកែវនេះមានសិក្ខាកាមចូលរួមចំនួន២៥នាក់ ដោយសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា Zoom ។ គ្រូឧទ្ទេសប្រចាំវគ្គមាន៣នាក់ គឺលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC។


សូមបញ្ជាក់ថា វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់ខ្លឹមសារវេជ្ជសាស្ត្រកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត រៀបចំព្រឹត្តិការណ៍ រៀបចំអង្គប្រជុំ ទំនាក់ទំនង ស្ត្រី និងកីឡា ប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈប្រតិភូ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner