ជើងខ្លាំងគុនខ្មែរជួរមុខ២០រូប នឹងធ្វើឲ្យកក្រើកកម្មវិធីប្រដាល់គុនខ្មែរអលស្តារ វគ្គ២ នៅចុងខែតុលា

លោក ស៊ន អេលីត ស្ថាបនិកកម្មវិធីគុនខ្មែរអលស្តារ បានបង្ហើបថា កម្មវិធីអលស្តារវគ្គទី២ ដែលគ្រោងនឹងរៀបចំ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ បានចាប់គូរួចរាល់ហើយ ។


ស្ថាននិកកម្មវិធីខាងលើ បញ្ជាក់ទៀតថា កម្មវិធីវគ្គទី២នេះ នឹងកាន់តែទាក់ទាញជាងមុន ដោយសារគូប្រកួតទាំង១០ សុទ្ធសឹងជាអ្នកប្រដាល់គុនខ្មែរជួរមុខ លំដាប់ប្រទេសនឹងធ្វើឲ្យអ្នកគាំទ្រកាន់តែជក់ចិត្ត ដ្បិតការរៀបចំតម្រូវឲ្យកីឡាករវាយអស់ពីសមត្ថភាព មិនឡើងសម្តែងកំដររោងយកតែលុយនោះទេ ។ លោក ស៊ន អេលីត អះអាងថា គិតមកដល់ពេលនេះ កម្មវិធីគុនខ្មែរអលស្តារវគ្គទី២ មានដៃគូឧបត្ថម្ភបានចំនួន២ហើយ នឹងកំពុងស្វែករកបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ឲ្យកម្មវិធីអភិរក្ស និងអភិវឌ្ឍគុនខ្មែរមួយនេះ ដំណើរការទៅដោយរលូន និងជោគជ័យ ។ លោក បញ្ជាក់ទៀតថា ការប្រកួតវគ្គទី២នេះ មាន៣វិញ្ញាសា ប្រដាល់គុនខ្មែររុំអំបោះឆៅ ប្រដាល់គុនខ្មែរពាក់ហ្គង់ និងប្រដាល់ឃីតបុកស៊ីង ។


លោក ស៊ន អេ លីត បានបន្ថែមថា ការរៀបចំកម្មវិធីប្រដាល់គុនខ្មែរអលស្តារនេះឡើង ក្នុងគោលបំណងចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាមរតកដូនតាឲ្យមានភាពរីកចំរើន និងរុងរឿង ពិសេសចង់ផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី វិវឌ្ឍសមត្ថភាព និងមានភាពល្បីល្បាញ ដូចកីឡាករបរទេស នឹងអាចឈានទៅរកតម្លៃខ្លួនខ្ពស់ នៅពេលខាងមុខ សម្រាប់កម្មវិធីប្រដាល់ នៅក្នុងស្រុក ។
គួរំលឹកថា កម្មវិធីប្រដាល់គុនខ្មែរ វគ្គទី១ រៀបចំកាលពីជាង២ខែមុន ទទួលបានការគាំទ្រយ៉ាងច្រើន និងទទួលបានសារលើកទឹកចិត្ត រួមទាំងការឧបត្ថម្ភជាទឹកប្រាក់ខ្លះៗ ដើម្បីឲ្យកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះ បានដំណើរការប្រកួតជាលើកទី២ និងបន្តបន្ទាប់ទៀត ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner