អគ្គលេខាធិការ កីឡាហុកគី ជម្រុញឲ្យសិក្ខាកាមចែករំលែកចំណេះដឹងដល់បណ្តាក្លិប ដើម្បីបង្កើតធនធាន នៅកម្ពុជា

លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានជម្រុញលើកទឹកចិត្តដល់សិក្ខាកាម ចែករំលែកចំណេះ ដល់បណ្តាក្លិបរបស់ខ្លួន ដើម្បីបង្កើតធនធានកីឡាហុកគី នៅកម្ពុជា ឲ្យបានកាន់តែច្រើនឆ្ពោះទៅរកសក្តានុពល នាពេលអនាគត ។


លោក បញ្ជាក់ទៀតថា ថ្វីដ្បិតវគ្គនេះ សិក្សាជាមួយគ្រូអន្តរជាតិតាមប្រព័ន្ធអនឡាញពិតមែន ប៉ុន្តែចំណេះជំនាញទាំងអស់ក៏ត្រូវបង្ហាត់បង្ហាញដូចការសិក្សាផ្ទាល់ដែរ ។ អគ្គលេខាធិការ ខាងលើ បានបន្ថែមទៀតថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបច្ចេកទេសកីឡាហុកគីកម្រិត១នេះ គឺជាមូលដ្ឋានគ្រឹះដំបូង នៃការវិវឌ្ឍខ្លួនក្លាយជាគ្រូបង្វឹក ផ្នែកកីឡាហុកគី ។

ដូច្នោះមូលដ្ឋានគ្រឹះនេះ ជាស្ពាននាំឲ្យយើងឈានទៅចាប់យកវគ្គជំនាញបន្តបន្ទាប់ទៀត នាពេលខាងមុខ ដើម្បីក្លាយខ្លួនជាអ្នកជំនាញឯកទេសពិតប្រាកដលើកីឡាហុកគី និងជាធនធានត្រៀមលក្ខណៈចូលរួមបំរើការងារ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក អគ្គលេខាធិការ រំពឹងជឿជាក់ថា នាពេលខាងមុខ សហព័ន្ធកីឡាហុកគីកម្ពុជា នឹងទទួលបានវគ្គថ្មីបន្ថែម ជូនដល់គ្រូបង្វឹកទាំងអស់ ដើម្បីអភិវឌ្ឍចំណេះជំនាញកាន់តែមានសក្តានុពលសម្រាប់កម្ពុជា ។


សូមបញ្ជាក់ថា ឆ្លងកាត់វគ្គសិក្សារយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣០ ខែកញ្ញា សិក្ខាកាមចំនួន២៥នាក់ បានចូលរួមផ្ទាល់ និងប្រព័ន្ធអនឡាញ ទទួលបាននិទ្ទេសល្អណាស់ ៣០% និទ្ទេសល្អ ៤០% និង និទ្ទេស មធ្យម ២៥% ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner