អភិបាលខេត្តប៉ៃលិន នាំយកស្បៀង អាហារ ជាអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅឧបត្ថម្ភកងកម្លាំង ដែលឈរជើងតាមគោលដៅ ខ្សែបន្ទាត់ព្រំដែន

ខេត្តប៉ៃលិន ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃខេត្តប៉ៃលិន តាមច្រករបៀងនានា ហើយបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាព ដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានលើកឡើងថា ៖ ការពង្រឹងសន្តិសុខ និងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ហើយកន្លងមកខេត្តប៉ៃលិន ក៍បានរកឃើញពលករដែលឆ្លងដែន មកពីប្រទេសថៃ មានវិជ្ជមានជម្ងឺកូវីត-១៩ ផងដែរ ។

លោកជំទាវអភិបាលខេត្ត បានជំរុញដល់កម្លាំងទាំង៣ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារ ព្រំដែនអន្តរជាតិព្រំ ច្រករបៀងត្រូវធ្វើយ៉ាងណា ខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញ និងត្រឡប់ទៅវិញ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស ។

លោកជំទាវ បាន ស្រីមុំ ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្ត បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងចម្រុះ ដែលកំពុងឈរជើងការពារ នៅតាមបន្ទាត់ព្រំដែន និងនៅតាមគោល ដៅទាំងអស់ ដែលបានខិតខំបំពេញ ការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការការពារបូរណភាពទឹកដី និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានាផងដែរ ជាពិសេសលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញ កងទ័ពអាវសទាំងអស់ ដែលកំពុងបំពេញបេសកកម្មនេះ សម្រាប់ប្រជាជន និងប្រទេសជាតិ។ សូមបញ្ជាក់ថា ៖ នៅក្នុងឱកាសសួរសុខទុក្ខ លោកជំទាវអភិបាលខេត្ត ក៏បានឧបត្ថម្ភស្បៀងអាហារ ម៉ាស អាល់កុល និងថវិកាមួយចំនួនផងដែរ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner