ក្រុមអ្នកតស៊ូមតិអំពាវនាវស្នើចំណាត់ការពីបៃដិន ក្នុងថ្ងៃគម្រប់ខួបឃាតកម្មអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត Khashoggi

វ៉ាស៊ីនតោន៖ ​តិច​ជាង​ពីរ​ឆ្នាំ​មុន​ ពេល​​លោក​ចូ ​បៃដិន ​(Joe Biden) ​នៅ​ជា​បេក្ខជន​ប្រធានា​ធិបតី​អាមេរិក​នៅ​ឡើយ​ លោក​ឆ្លើយ​ថា​លោក​នឹង​ធ្វើ​ នៅ​ពេល​សួរ​ថា​តើ​លោក​នឹង​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​ជាន់​ខ្ពស់​អារ៉ាប៊ីសាអូឌីត​ជុំ​វិញ​ឃាតកម្ម​អ្នក​កាសែត​លោក ​ចាម៉ាល់ ​ខាសូហ្គី (​Jamal Khashoggi) ​ឬ​អត់​។​

​ប៉ុន្តែ​​​ប៉ុន្មាន​ថ្ងៃ​មុន​ខួប​៣​ឆ្នាំ​នៃ​ឃាតកម្មនៅ​​​​​​​​ថ្ងៃ​ទី​២ ​ខែ​តុលា​របស់​អ្នក​កាសែត​រូប​នេះ​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​បៃដិន​ លោក​ Jake Sullivan ​បាន​ជួប​ជាមួយ​ព្រះអង្គ​ម្ចាស់​រាជទា​យាទ​អារ៉ាប៊ីសាអូឌីត​ Mohammed bin Salman ​(MBS)​។​ អ្នក​វិភាគ​លើក​ឡើង​ថា​​ការណ៍​នេះ​ជា​ឧទាហរណ៍​ចុង​ក្រោយ​នៃ​ការ​បរាជ័យ​របស់​លោក​បៃដិន​លើ​ការ​សន្យា​របស់​ខ្លួន​ក្នុងកា​រ​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាតកម្ម​។  

​លោក ​Raed ​Jarrar ​ប្រធាន​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ប្រជាធិបតេយ្យ​ដើម្បី​ពិភព​អារ៉ាប់​ (DAWN) ​ដែល​ជា​ក្រុម​មួយ​​​បង្កើត​ឡើង​ជា​ផ្លូវ​ការ​ក្រោយ​ការ​ស្លាប់​របស់​លោក ​Khashoggi ​​និយាយ​ថា​៖​ «​ដំណើរ​ទស្សនៈ​កិច្ច​នេះ​​ ពិត​ជា​ទះ​ចំ​កណ្ដាល​មុខ​​យើង​រាល់​គ្នា ដែ​លធ្វើ​​ការ​តស៊ូ​មតិ​ដើម្បី​រក​យុត្តិធម៌​ជូន​លោក​ Jamal Khashoggi​»​។​

​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ និង​ក្រុង​វ៉ាស៊ីនតោន​មិន​សូវ​ជា​មាន​ភាព​សុខដុម​ដូច​កាល​ពី​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ ​(Donald Trump) ​ដែល​ការពារ​ព្រះអង្គ​ម្ចាស់​រាជ​ទាយាទ​ដោយ​ផ្ទាល់​នៅ​ពេល​មាន​ការ​ខឹង​សម្បារ​ពី​ក្នុង​សភា​បន្ទាប់​ពី​ឃាតកម្ម​នោះទេ​ ក្រោយ​រដ្ឋ​បាល​លោក​បៃដិន​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​បំភ្លឺ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​។​

​កាល​ពី​ដើម​ឆ្នាំ​នេះ ​រដ្ឋបាល​លោក​បៃដិន​ចេញ​របាយការណ៍​សង្ខេប​មួយ​ស្តី​ពី​ការ​វាយ​តម្លៃ​របស់​សហគមន៍​ចារកម្ម​អាមេរិក​ចំពោះ​​ឃាតកម្ម​​លោក​​ Khashoggi ​​ដែល​​ជា​អ្នក​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​​ត្រូវ​​គេ​សម្លាប់​នៅ​​ស្ថានកុង​ស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​ក្នុង​ឆ្នាំ​ ២០១៨ ។

​របាយការណ៍​រៀបរាប់​​ថា​៖​ «​យើង​វាយ​តម្លៃ​ថា​ ព្រះអង្គ​ម្ចាស់​រាជ​ទាយាទ​អារ៉ាប៊ីសាអូឌីត​​ Muhammad bin Salman ​បាន​យល់​ព្រម​ប្រតិបត្តិការ​នៅ​ក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី​ ដើម្បី​ចាប់​ឬ​សម្លាប់​អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត​លោក​ Jamal​ Khashoggi​»​។​

​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ច្រាន​ចោល​ចំពោះ​ការ​រក​ឃើញ​នេះ​​ ហើយ​ស្តី​បន្ទោស​ឃាតកម្ម​លើក្រុ​ម​មន្រ្តីធ្វើ​​​ប្រតិបត្តិការ​អំពើ​​ទុច្ចរិត ​​បោក​​បញ្ចោត​​ ​បញ្ចុះ​បញ្ចូល​ឱ្យលោក​​ទៅ​ប្រទេស​កំណើត​។​ ជន​ជាប់​ចោទ​ ៨ ​នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ ទៅ​ ២០​ ឆ្នាំ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ពី​បទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​សម្លាប់​នេះ​។​

​មន្ត្រី​អារ៉ាប៊ីសាអូឌីត​ធ្លាប់​ទទូច​ពី​ដំបូង​ថា​ លោក​ Khashoggi ​​ចាក​ចេញ​ពី​ស្ថាន​កុងស៊ុល​អ៊ីស្តង់ប៊ុល​ដោយ​គ្មាន​គ្រោះថ្នាក់​នោះ​ទេ​។​ជាង​ពីរ​សប្តាហ៍​ក្រោយ​មក​ រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ការ​សម្លាប់​នេះ​ ប៉ុន្តែ​​និយាយ​ថា​វា​គឺ​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​គ្មាន​ការ​អនុញ្ញាត​ដែល​​កើត​ឡើង​ដោយ​គ្មាន​ការ​ដឹង​ពី​មន្រ្តី​កំពូល​។​

​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់អាមេរិក​ បាន​អំពាវនាវ​ជា​ថ្មី​ដល់​ទីក្រុង​វ៉ាស៊ីនតោន​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះអង្គ​ម្ចាស់​រាជ​ទាយាទ​ ប៉ុន្តែ​រដ្ឋបាល​លោក​បៃដិន​បាន​សម្រេច​ចិត្ត​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ទ្រង់​ ដោយ​សំអាង​ថា​ខ្លួន​ព្យាយាម​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​ល្អឡើ​ង​វិញ​ ដោយ​មិន​ឱ្យ​បែក​បាក់​ទំនាក់​ទំនង​ជាមួយ​ក្រុង​រីយ៉ាដ​។

​អ្នក​​​ស្រី ​Agnes ​Callamard ​អតីត​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​នៅ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ ​សម្តែង​ការ​ខកចិត្ត​ចំពោះ​រដ្ឋបាល​លោក​ Biden ​នៅ​សប្តាហ៍​នេះ​ដោយ​និយាយ​ថា​ គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ​ចាប់​តាំង​ពី​​ការ​វាយ​តម្លៃ​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ចេញ​ផ្សាយ​។​

នៅ​ក្នុង​របាយការណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក​​ស្រីស​ម្រាប់​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​២០១៩ ​អ្នក​​ស្រី​ Callamard​ បាន​សន្និដ្ឋាន​ថា​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​លោក​ Khashoggi ​។​

​ថ្លែង​នៅ​ក្នុង​ពិធី​រំលឹក​ខួប​នៃ​ឃាតកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ អ្នក​ស្រី ​Callamard ​​និយាយ​ថា​ ទោះ​បី​ជា​អ្នក​ដែល​បាន​ធ្វើ​ឃាតកម្ម​នេះ​មិន​ទាន់​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ក៏​ដោយ​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​ការ​ស៊ើប​អង្កេត​របស់​អ.ស.ប. ​បានទ​ម្លាយ​ពួក​គេរួច​​ហើយ​»​។​

​ឃាតកម្ម​របស់​លោក​ Khashoggi ​​កើត​ឡើង​នៅ​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​នៅ​វ៉ាស៊ីនតោន​ ​​មាន​មន្ទិល​​អំពី​ទំនាក់​ទំនង​ដ៏​កក់​ក្ដៅ​របស់​លោក​ប្រធានាធិបតី​ Trump ជា​មួយ​រាជវង្ស​អារ៉ាប៊ីសាអូឌីត​។​ នៅពេល​ដែល​លោក​ Trump​ ​​ការពារ​មេដឹកនាំ​កំពូល​របស់​អារ៉ាប៊ីសាអូឌីត​ពី​ អ្នក​ប្រជាធិបតេយ្យ​ និង​អ្នក​សាធារណរដ្ឋ​មួយ​ចំនួន​​ក្នុង​សភា​បាន​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​លោក ​Khashoggi ​ដែល​ជា​អ្នក​រស់​នៅ​អាមេរិក​ និង​ធ្វើ​ការ​ឱ្យ​កាសែត​អាមេរិក​។​

អ្នក​ស្រី ​Hatice Cengiz ​គូ​ដណ្តឹង​របស់​លោក​ Khashoggi ​និយាយ​ទាំង​ទឹក​ភ្នែក​កាល​ពី​ថ្ងៃ​សុក្រ​​ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សេរីភាព​ទីមួយ​ថា​៖​ «​លោក​ប្រធានា​ធិបតី​បៃដិន​ និង​លោកស្រី​អនុ​ប្រធានាធិបតី​ ​ហារីស​តើ​ពេល​ណា​អ្នក​នឹង​​បំពេញ​តាម​ការ​សន្យា​របស់​អ្នក​?​ តើ​អ្នក​នឹង​​ប្រែ​ពាក្យ​របស់​អ្នក​ទៅ​​ជា​សកម្មភាព​នៅ​ពេល​ណា​»​?​

​លោក​បៃដិន​សន្យា​កាល​ពី​ចុង​ឆ្នាំ​ ២០១៩ ​ថា​នឹង​ធ្វើ​ឱ្យ​អារ៉ាប៊ីសាអូឌីត​ បង់​ថ្លៃ​ចំពោះ​ឃាតកម្ម​ ហើយ​សន្យា​ថា​នឹង​បញ្ចប់​ការ​លក់​អាវុធ​ទៅ​ក្រុង​រីយ៉ាដ។​ លោក​និយាយ​ថា​៖​ «​មាន​តម្លៃតិ​ច​តួច​ក្នុង​ការ​ប្រោស​លោះ​សង្គម​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​អារ៉ាប៊ីសាអូឌីត​»​។​ ប៉ុន្តែ​វោហាសាស្ត្រ​ដ៏​ក្ដៅ​គគុក​ មិន​បាន​ប្រែ​ក្លាយ​ជា​គោល​នយោបាយ​ទេ​នៅ​ពេល​ដែល​យុទ្ធនាការ​បោះ​​ឆ្នោត​​ចប់​​ ហើយ​លោក​ចូល​កាន់​ដំណែង​កាល​ពី​ដើម​ឆ្នាំ​ ២០២១​។​

​លោក​​ Nihad ​Awad ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​អាមេរិក-អ៊ីស្លាម ​(CAIR) ​​និយាយ​ថា​ ខណៈ​ដែល​ក្រុម​នេះ​សាទរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋបាល​​លោក​បៃដិន​ និង​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ដាក់​សិទ្ធិ​មនុស្ស​នៅ​លើ​កំពូល​នៃ​របៀប​វារៈ​របស់​ខ្លួន​ មាន​កិច្ចការ​ផ្សេង​ទៀត​ចាំ​បាច់​ត្រូវ​ធ្វើ​បន្ថែម​​​។​

​លោក​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បន៍​ក្នុង​ពិធី​ជាមួយអ្នក​​ស្រី​Callamard ​​ដែរ​ថា​៖​ «​ដូច​ដែល​យើង​ឃើញ​អំពើ​ឃោរឃៅនៅ​​​តែ​បន្ត​កើត​មាន​នៅ​មជ្ឈឹមបូព៌ា​ និង​នៅ​ជុំវិញ​ពិភព​លោក​។​ យើង​ចង់​រំលឹក​ដល់​រដ្ឋបាល​នេះ​ថា​ត្រូវ​តែ​រក្សា​ការ​សន្យា​របស់​ខ្លួន»​។​

វិទ្យាស្ថាន​សារព័ត៌មាន​អន្តរជាតិ​ (IPI) ​និយាយ​កាល​ពី​ថ្ងៃ​សុក្រថា​ រយៈ​ពេល​បី​ឆ្នាំ​ហើយ​ ​យុត្តិធម៌​ចំពោះ​ការ​សម្លាប់​លោក​ ​Khashoggi ​នៅ​តែ​មិន​មាន​។​ ស្ថាប័ន​ដដែល​បន្ត​ថា​៖​ «​​អារ៉ាប៊ីសាអ៊ូឌីត​ និង​ព្រះអង្គ​ម្ចាស់​រាជ​ទាយាទ​​ MBS ​មិន​រង​ផលវិ​បាក​ធ្ងន់​ធ្ងរ​ យើង​មិន​ភ្លេច​នោះ​ទេ​។​ IPI ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​និទណ្ឌភាព​​ ហើយ​យើង​បន្ត​ទាមទារ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ពេញ​លេញ​ចំពោះ​ទង្វើ​ដ៏​ឃោរ​ឃៅ​នេះ​»​។​

​សេត​វិមាន​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ទេ​ ចំពោះ​ការ​អំពាវ​នាវ​របស់​ក្រុម​អ្នក​តស៊ូ​មតិ​​ ផ្ទុយ​ទៅ​វិញ​បាន​ប្រកាស​ពី​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក ​Sullivan ​ទៅ​កាន់​មជ្ឈឹម​បូព៌ា​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ដែល​ជា​ថ្ងៃ​ដែល​លោក​​ជួប​ជាមួយ​ព្រះ​អង្គ​ម្ចាស់​រាជ​ទាយាទ​ មុន​ការ​ប្រារព្វ​ខួប​របស់​លោក ​Khashoggi​។​ រដ្ឋបាល​លោក​បៃដិន​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​កិច្ច​ប្រជុំ​នេះ​ទេ​ ប៉ុន្តែអា​រ៉ាប៊ីសាអូឌីត​បាន​បញ្ជាក់​ពី​កិច្ច​ពិភាក្សា​នេះ​ដោយនិ​យាយ​ថា​ ​ពួក​គេ​ផ្តោត​លើ​យេម៉ែន​ និង​បញ្ហា​តំបន់​ផ្សេង​ទៀត​។​

​ចាប់តាំង​ពី​ចូល​កាន់​តំណែង​នៅ​ខែ​មករា​មក​ ក្រោម​ការដឹកនាំ​​លោក​បៃដិន​ រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ផែនការ​បញ្ចប់​ការ​គាំទ្ររ​បស់​អាមេរិក​ចំពោះ​ប្រតិបត្តិការ​វាយ​លុក​របស់​អារ៉ាប៊ីសាអូឌីត​នៅ​យេម៉ែន​ ដែល​ប្រទេស​មួយ​នេះ​​ចូល​រួម​ក្នុង​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​ក្រុម​ឧទ្ទាម​ Houthi ​​តាំង​ពី​ឆ្នាំ​ ២០១៥ ​។​

​ចំ​ពេលដែ​ល​មាន​ជន​ស៊ីវិល​ស្លាប់​ និង​វិបត្តិ​មនុស្ស​ធម៌​ ការ​ចូល​រួម​របស់​អាមេរិក​នៅ​ក្នុង​សង្គ្រាម​យេម៉ែន​​ក្លាយ​​ជា​រឿង​មិន​​សូវ​បាន​លើក​មក​និយាយ​នៅ​ក្នុង​សភា​ ប៉ុន្តែ​លោក​បៃដិន​ក៏​បាន​ផ្អាក​ការ​លក់​អាវុធ​មួយ​ចំនួន​ដែល​​រដ្ឋបាល​មុនបាន​អនុម័ត​ រួម​ទាំង​ការ​ចេញ​របាយការណ៍​ស្ដី​ពី​ការ​សម្លាប់​លោក​ Khashoggi ​ជា​ដើម​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner