សមត្ថកិច្ចច្រកទ្វារអន្តរជាតិដូង (ស្រុកកំរៀង)-ផ្សារឡែម (ថៃ)បានធ្វើការផ្អាកការចេញចូលឆ្លងកាត់ជាបណ្តោះអាសន្ន តាមច្រកទ្វារព្រំដែន ដោយសារតែជំនន់ទឹកភ្លៀងជន់លិចផ្លូវ
នៅព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២១នេះ អាជ្ញាធរមាត់ច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងភូមិសាស្ត្រនៃស្រុកកំរៀង ខេត្តបាត់ដំបង ប្រឈមជាមួយផ្សារឡែម (ប្រទេសថៃ) ត្រូវបានផ្អាកដំណើរការ ដោយហាមប្រាមមិនឲ្យមានការឆ្លងកាត់ នូវ រថយន្តគ្រប់ប្រភេទ ដែលធ្លាប់ឆ្លងកាត់ចេញចូលដឹកទំនិញនៅទីនោះ ដោយសារតែនៅព្រឹកម៉ិញនេះ មានការជន់លិផ្លូវដែលឆ្លងកាត់(ស្ពានឆ្លង)ហើយត្រូវបានកម្លាំងសមត្ថកិច្ចមាត់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃធ្វើការផ្អាកបិទជាបណ្តោះអាសន្ន រង់ចាំទឹកស្រកចុះវិញ។
នេះបើតាមការគូសបញ្ជាក់ឲ្យដឹង ពីលោកប្រធានច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង កាលពីព្រឹកម៉ិញនេះ។លោក មឿ ណារ៉ុង បានបន្ថែមឲ្យដឹងទៀតថា៖ទឹកជំនន់ដែលជន់លិចផ្លូវស្ពានឆ្លងកាត់ច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងនេះ គឺបានចាប់ផ្តើមជន់លិចចាប់តាំងពីល្ងាចថ្ងៃទី០៦ម្សឹលម៉ិញម៉្លេះ។ ហើយនៅព្រឹកថ្ងៃនេះ ទឹកជំនន់បានជន់លិចផ្លូវតែម្តង បង្កឲ្យមានការរំខានដល់ការចេញចូលឆ្លងកាត់ទៅមករបស់រថយន្តដឹកទំនិញចេញចូលតាមច្រកទ្វារនៅថ្ងៃនេះ ដោយផ្អាកមិនអាចឆ្លងកាត់បាន។
ដោយឡែកនៅព្រឹកថ្ងៃនេះ អាជ្ញាធរនៃច្រកទ្វារទាំងខាងកម្ពុជា និងថៃ នៅទីនោះ បានសម្របសម្រួលនិងបានអំពាវនាវដល់បងប្អូនអាជីវករខ្មែរយើង ដែលមានតូបលក់ដូរ នៅក្នុងផ្សារឡែម (ប្រទេសថៃ) សូមមេត្តារួសរាន់អញ្ជើញទៅរៀបចំទុកដាក់អីវ៉ាន់របស់ខ្លួននៅទីនោះ ដើម្បីរកទីសុវត្ថិភាពនិងដើម្បីត្រៀមបង្ការការពារនូវជំនន់កើតឡើងជាយថាហេតុដែលកំពុងកើតមាន។ ជាមួយគ្នានេះ ផងដែរកម្លាំងសមត្ថកិច្ចច្រកដូងនិងសមត្ថកិច្ចច្រកឡែម(ភាគីថៃ)ក៏បានសម្របសម្រួលឲ្យបងប្អូនខ្មែរមានតូបលក់ដូរនៅខាងថៃ ដែលត្រូវឆ្លងកាត់ព្រំដែនទៅមើលឥវ៉ាន់របស់ខ្លួន ដោយគ្រាន់តែមានភ្ជាប់ជាមួយ នូវ អត្តសញ្ញាណប័ណ្ណ និង លិខិតតេស្តបញ្ជាក់ពីជម្ងឺកូវីដ-19 ទើបអនុញ្ញាតិឲ្យចេញ-ចូលបាន។
បើតាមការអះអាងបញ្ជាក់ នៅវេលារសៀលថ្ងៃដដែលនេះ លោក មឿ ណារ៉ុង ប្រធានច្រកទ្វារអន្តរជាតិដូង បានគូសបញ្ជាក់ថា៖ មកទល់ពេលនេះបងប្អូនអាជីវករខ្មែរដែលមានតូបលក់នៅផ្សារថៃ បានឆ្លងទៅមើលនិងទុកដាក់ឥវ៉ាន់របស់ខ្លួនប្រមាណជាង៥០នាក់ហើយបានវិលត្រលប់ជាបណ្តើរៗវិញហើយ។លោកបានបញ្ជាក់ផងដែរថា៖ដោយសារតែទឹកជំនន់ជន់លិចផ្លូវស្ពានឆ្លងកាត់អូរព្រំដែន អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចច្រកទ្វារអន្តរជាតិទាំងខាង កម្ពុជានិងថៃ បានសម្រេចឯកភាពគ្នាជាបណ្តោះអាសន្ន ដោយបានបើកច្រកទ្វារ”ថ្មើរជើង” ដើម្បីសម្រួលឲ្យអាជីវករខ្មែរបានចេញចូលទៅមើលឥវ៉ាន់លក់ដូរខ្លួននៅក្នុងផ្សារឡែម(ថៃ)។ក្រោយពីចេញចូល និងវិលត្រឡប់មកវិញអស់ គឺអាជ្ញាធរនិងសមត្ថកិច្ចទាំងពីរ និងបិទច្រកផ្លូវដើរនេះវិញហើយ។
លោកប្រធានច្រកទ្វារអន្តរជាតិដូងក៏បានគូសបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា៖ ទឹកជំនន់នៅរសៀលថ្ងៃនេះដូចជាធូរស្បើយបន្តិចវិញហើយ។ក្រោយពីទឹកស្រកចុះអស់អាជ្ញាធរទាំង២និងបើកច្រកទ្វារអន្តរជាតិដូងឲ្យដំណើរការប្រក្រតី ជាធម្មតាឡើងវិញហើយ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )