លោក សួន សេរីរដ្ឋា៖បុគ្គលដែលទាមទារឱ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីតែ២អាណត្តិ គឺជាមនុស្សល្ងង់ ល្ងីល្ងើ ភ្លើមិនដឹងខ្យល់

ភ្នំពេញ:ឆ្លើយតបទៅមេក្រុមនយោបាយរត់ចោលស្រុក ដែលបន្តទាមទារឲ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីចំនួនតែ២អាណត្តិ (១០ ឆ្នាំ) នោះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា មើលឃើញថា បុគ្គលនេះដែលខ្លួនធ្លាប់ជាសមាជិកសភាតាំងពីឆ្នាំ១៩៩៣ មកនោះ គឺជាមនុស្សល្ងង់ ល្ងី ល្ងើ ភ្លើមិនដឹងខ្យល់ មិនស្គាល់ច្បាប់ និងមិនស្គាល់អ្វីហៅថាធម្មនុញ្ញភាពនៃច្បាប់នោះទេ។

លោកសេរីរដ្ឋា យល់ថា នៅចំពោះមុខនេះច្បាប់ដែលសំខាន់គួរបង្កើតមួយទៀតនោះគឺ «ច្បាប់ហាមឃាត់ជនទាំងឡាយណា ដែលធ្លាប់រងបទចោទប្រកាន់ពីតុលាការ និងមានទោសព្រហ្មទណ្ឌដោយសាលក្រមស្ថាពររបស់តុលាការ ចំនួន៣ ដង ក្នុងមួយជីវិត គឺត្រូវដកសិទ្ធិមិនឲ្យឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ជាបេក្ខជនតំណាងរាស្ត្រ និងជាបេក្ខជនសម្រាប់ការបោះឆ្នោតទាំងអស់» ។ ចំណែកការទាមទារឲ្យបង្កើតច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ២ អាណត្តិ (១០ ឆ្នាំ) នោះវាគឺជាការទាមទារដែលប្រឆាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ! ពីព្រោះតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ១៩.- ថ្មី (១) ចែងថា ៖ តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរៈជនមួយរូបជានាយករដ្ឋមន្ត្រី ពីក្នុងចំណោមតំណាងរាស្ត្រនៃគណបក្ស ដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឲ្យបង្កើតរាជរដ្ឋាភិបាល ។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា កម្ពុជាជាប្រទេសប្រកាន់របបសភានិយម ដែលមានការបោះឆ្នោតជាសាកលជ្រើសតាំងសមាជិកសភារៀងរាល់៥ឆ្នាំម្តង តែគ្មានការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រី ដែលតម្រូវឲ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះទេ ! ។ មានតែអ្នកនយោបាយ និងអ្នកវិភាគ ល្ងង់ ល្ងី ល្ងើ ភ្លើមិនដឹងខ្យល់ តែប៉ុណ្ណោះ ដែលតែងតែលើកឡើង និងទាមទារដដែលៗឲ្យកំណត់អាណត្តិនាយករដ្ឋមន្ត្រី ទាំងមិនព្រមអាន មិនព្រមរៀនសូត្រពីច្បាប់របស់ប្រទេសជាតិខ្លួនឯង៕ 

ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner