ការចិញ្ចឹមត្រីស្ពង់អាចរកចំណូលជាង១ម៉ឺនដុល្លារក្នុងមួយរដូវនៅខេត្តកោះកុង

រាជធានី​ភ្នំពេញ​៖ លោក ឡុង ស៊ីន គឺជា​អ្នក​ចិញ្ចឹម​ត្រី​ស្ពង់ នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​បឹង​កា​ឆាង​ភូមិសាស្ត្រ ឃុំ​ប៉ាក​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ។ គាត់​បានចាប់ផ្តើម​ចិញ្ចឹម​ត្រី​ស្ពង់​នេះ​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ ដែល​ដំបូង​ជា​គម្រោង​សាកល្បង​តែ​ចាប់ពីពេលនោះ មក​ការចិញ្ចឹម​ត្រី​របស់លោក​ចេះតែ​កាក់កប​ដោយ​ហុច​ផល​កម្រៃ​មកវិញ​គ្រាន់​កក់ក្តៅ​បន្តបន្ទាប់​។


ក្នុងនាម​ជា​ជន​បង្គោល​ប្រកប​របរ​សម្រាប់​ចិញ្ចឹម​គ្រួសារ​ដែលមាន​សមាជិក​៥​នាក់ លោក ឡុង ស៊ីន បានឱ្យដឹង​បន្ថែមថា បច្ចុប្បន្ន​លោក​មានមុខរ​បរជា​អ្នកនេសាទ​ផង​និង​ចិញ្ចឹម​ត្រី​ស្ពង់​ផង​។ ក្នុងចំណោម​មុខរបរ​ទាំងពីរ​នេះ​គឺ​លោក​ពឹងផ្អែក​ចំណូល​លើ​ការចិញ្ចឹម​ត្រី​ស្ពង់​ពីព្រោះថា​ក្នុង​មួយ​រដូវៗ​អា​ចរក​ចំណូល​ជា​ប្រាក់ចំណេញ​ចាប់ពី​៣០​លាន​ទៅ​រហូត​ល់​ជាង​៤០​លាន​រៀល​(១​ម៉ឺន​ដុល្លារ​)​។


លោក ឡុង ស៊ីន បានចាត់ទុក​ថា​មុខរ​បរ​ចិញ្ចឹម​ត្រី​គឺ​ល្អ​ជាង​ការនេសាទ​ឆ្ងាយ​ណាស់​ពីព្រោះថា​ការចិញ្ចឹម​ត្រី​ងាយស្រួល​មិនត្រូវ​ការ​អ្វី​ច្រើន​ក្រៅពី​ចំណី និង​ការថែទាំ​បន្តិចបន្តួច ហើយ​នៅពេល​ផល​ហុច​មកវិញ​គឺ​បាន​ប្រាក់កម្រៃ​ខ្ពស់​គួរ​ជាទី​ពេញចិត្ត​។​
ការចិញ្ចឹម​ត្រី​ស្ពង់​គឺ​ចាប់ផ្តើម​ទិញ​កូន​ត្រី ពី​ខែមិថុនា ដើម្បី​ដាក់ចូល​ស្រែ​ទុក​ចិញ្ចឹម រហូតដល់​ខែធ្នូ​ចាប់ផ្តើម​ចាប់​លក់បាន​ខ្លះ ហើយ និង​ដល់​ខែកុម្ភៈ​គឺ​ចាប់​លក់បាន​ទាំងអស់​តែម្តង​។ ការចាប់​លក់​ត្រី​ពេញ​ខ្នាត នៃ​តម្រូវការ​ទីផ្សារ គឺ​ត្រី​មាន​ទម្ងន់​ពី ៩​ខាំ​រហូតដល់​១​គីឡូ​២​ខាំ ។


ការចិញ្ចឹម​ត្រូវ​ស្ពង់​នេះដែរ​គឺ​ពី​តូច​ចាំបាច់​ត្រូវតែ​ផ្តល់​ចំណី​ឱ្យ​វា​គ្រប់គ្រាន់ ប៉ុន្តែ​នៅពេលដែល​ត្រី​ឈានដល់​ទម្ងន់​មួយ​ក្បាល​ចាប់ពី ៦-៧​ខាំ​ឡើងទៅ គេ​មិនចាំបាច់​ផ្តល់​ចំណី​រៀងរាល់ថ្ងៃ​ក៏បាន​ដែរ គឺ​លោក ឡុង ស៊ីន ច្រើនតែ​ឱ្យចំ​ណី​មួយថ្ងៃ​ខាន​មួយថ្ងៃ​។​
ដោយឡែក​ទាក់ទិន​ទៅនឹង​ការចំណាយ​លើ​ចំណី​ត្រី ក្នុង​មួយ​រដូវ​គឺ​អស់​ប្រមាណ​១០​លាន​រៀល​។​សម្រាប់​កូន​ត្រី​ស្ពង់​លោក​ទិញ​មួយ​ក្បាល​៦០០​រៀល ដើម្បី​យកមក​ចិញ្ចឹម ម្តង​ប្រមាណ​៥​ពាន់​ក្បាល​ឡើងទៅ​សម្រាប់​ស្រែ​ដែលមាន​ទំហំ​៧០​គុណ​១០០​ម៉ែត្រ និង​សម្រាប់​ស្រែ​ដែលមាន​ទំហំ​១​ហិកតា អាចដាក់​កូន​ត្រី​បាន​១​ម៉ឺន​ក្បាល ។ ចំពោះ​ត្រី​នេះដែរ បើ​យើង​ចិញ្ចឹម​ច្រើនពេក​វា​នឹង​ចង្អៀត​ត្រី​មិន​ងាយ​ធំ ហើយ​អាច​នឹង​ខាត​ផង​។


ទាក់ទិន​ក្នុងការ​ចិញ្ចឹម​ត្រី​ស្ពង់​នេះ លោក ឡុង​ស៊ីន​បានឱ្យដឹង​បន្ថែមថា​ការចិញ្ចឹម​ត្រី​ស្ពង់​ក៏មាន​បញ្ហា​ប្រឈម​ដែរ​ពិសេស​ត្រី​ឈឺ និង ងាប់​។​សំខាន់​យើង​ត្រូវ​ចេះ​មើល​ទឹក​បើ​ទឹកល្អក់ ត្រី​លែង​សូវ​ស៊ី​ចំណី​យើង​ចាំបាច់​ត្រូវ​ប្តូរ​ទឹក​ចាស់​បញ្ចូល​ទឹក​ថ្មី​ចូល​ជំនួស​វិញ​។ បញ្ហា​ទឹក​សំខាន់​ណាស់​បើ​ទឹក​ល្អ​ត្រី​មិន​ងាយ​ឈឺ​ទេ​តែ​ផ្ទុយ​មកវិញ​បើ​ទឹក​កខ្វក់​នោះ​បញ្ហា​ជំងឺ​ក៏​ងាយ​ប៉ះពាល់​ដល់​សុខភាព​ត្រី​។​សម្រាប់​ខែ​ដែល​ត្រី​ងាយ​ឈឺ​គឺ​ខែ ១១​ដល់​ខែ​១២​គឺ​ពីព្រោះ​ជា​រដូវ​ធ្លាក់​ខ្យល់​រងារ​។ ត្រី​ងាយ​របក​ស្រ​ការដែល​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល​។​
លោ​កថា​នៅពេល​ប្រមូល​ផល​ត្រី​ស្ពង់​ភាគច្រើន​គឺ​លក់​ទៅឱ្យ​ម៉ូយ​ដែល​ទិញយក​ទៅធ្វើ​ម្ហូប​តាម​រោងការ ភោជនីយដ្ឋាន និង​តំបន់​ទេសចរណ៍​។​ចំណែក​មួយ​ភាគ​ទៀត​លក់​ទៅឱ្យ​ឈ្មួញ​ប្រទេស​ថៃ​។​
ដោយឡែក លោក ឡ​ន រិ​ទ្ធ ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​បឹង​កា​ឆាង ខេត្តកោះកុង​បានឱ្យដឹងថា​បច្ចុប្បន្ន​ស​ហគ​មន៍​មាន​ថវិកា​សន្សំ ដែល​អាចឱ្យ​ពលរដ្ឋ​ខ្ចី​ក្នុងការ​ពង្រីក​មុខរប​រ​ផ្សេងៗ​ដូចជា​ចិញ្ចឹម​ត្រី​ស្ពង់ ចិញ្ចឹម​ក្តាម ឬក៏​ទិញ​ទូក ទិញ​ម៉ាស៊ីន​សម្រាប់​នេសាទ ។​
អ្នកភូមិ​ចំនួន​១៧​គ្រួសារ ក្នុងចំណោម​សមាជិក​សហគមន៍​ចំនួន​១៤៩​គ្រួសារ បាន​ប្រកាន់យក​មុខរបរ​ចិញ្ចឹម​ត្រី​ស្ពង់ ហើយ​បាន​ខ្ចី​ដើមទុន​ពី​សហគមន៍​សម្រាប់​បង្កើត​មុខ​ចិញ្ចឹម​ត្រី​ស្ពង់​របស់​ពួកគាត់​។​
ប្រ​ធា​សហគមន៍​តំបន់ការពារធម្មជាតិ​បឹង​កា​ឆាង​រូបនេះ​បាន​លើកឡើងថា ប្រជា​សហគមន៍​ដែល​បាន​ខ្ចី​ទុន​សម្រាប់​ចិញ្ចឹម​ត្រី​នេះ​បច្ចុប្បន្ន​មាន​ចំនួន​ជាង​៨០​លាន​រៀល ។ ការចិញ្ចឹម​ត្រី​ស្ពង់​នេះ​គឺ​សំខាន់​មិនចេះ​ខាត​ទេ បើសិនជា​ខូចខាត យ៉ាងហោចណាស់​ក៏​ចំណេញ​៤-៥​លាន​រៀល​ដែរ​។​


គួរ​បញ្ជាក់ថា កន្លងមក​ក្រសួងបរិស្ថាន​បាន​លើកទឹកចិត្ត​ដល់​សហគមន៍​បង្កើន​ការចិញ្ចឹម​សត្វ​និង​ដំណាំ​កសិកម្ម​ស្រប​ពេលដែល​តម្រូវការ​ទីផ្សារ​ខ្ពស់ អាចជួយ​ដល់​ជីវភាព និង សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​ល្អប្រសើរ​ឡើង​។​
ត្រី​ស្ពង់​ជា​ប្រភេទ​ត្រី​សមុទ្រ​ដែលមាន​តម្រូវការ​ខ្ពស់ ដោយ​ទទួលបាន​ការនិយម​បរិភោគ​កាន់តែ​ច្រើនឡើង​។​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​តម្រូវការ​ត្រី​ស្ពង់​កាន់តែ​កើន​ឡើងជា​លំដាប់ ម្ល៉ោះហើយ​ប្រជា​សហគមន៍ តំបន់ការពារធម្មជាតិ​បឹង​កា​ឆាង ក្នុង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ក្នុងភូមិ​សាស្ត្រ ឃុំ​ប៉ាក​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង នាំគ្នា​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ រកប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​យ៉ាង​ល្អប្រសើរ​។​
បច្ចុប្បន្ន វា​រី​វប្បករ​ចិញ្ចឹម​ត្រី​ស្ពង់ អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន ដោយ​មិនចាំបាច់​ពឹងផ្អែក​ក្នុងការ​នាំចូល​មកពី​ប្រទេសជិតខាង​បន្តទៀត​។​


គម្រោង​និរន្តរភាព​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា នៃ​ក្រសួងបរិស្ថាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន មួយចំនួនទៀត ក្រោម​គម្រោង​ជំនួយ​មូលនិធិ​ធនាគារពិភពលោក បាន​និង​គាំទ្រ​ការលើកកម្ពស់​ជីវភាព​សហគមន៍ និង​តំបន់​ទេសចរណ៍ធម្មជាតិ​នៅតាម​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​៕​ដោយ​៖​ម៉ា​ដេប៉ូ​


ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner