បទវិភាគ៖ តើទេសចរចិនអាចក្លាយជាកត្តាលីករថ្មី ជួយស្ដារវិស័យទេសចរណ៍កម្ពុជា បានទេក្រោយវិបិត្តកូវីដ-១៩

ស្របពេលដែលបច្ចុប្បន្នពិភពលោកកំពុងរងផលប៉ះពាល់ស្ទើរគ្រប់វិស័យ ដោយសារការរាតត្បាតជាសកលនៅមេរោគកូវីដ១៩ ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ពាល់ដែរដូចជាវិស័យឧស្សាកម្ម ទេសចរណ៍ សំណង់និងអចលនទ្រព្យ កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ក៏ប៉ុន្តែសំរាប់កម្ពុជានៅមានវិស័យសំខាន់ៗមួយចំនួនជាចន្ទល់សំរាប់ទ្រទ្រង់សេដ្ឋកិច្ចដែរដូចជា៖វិស័យកសិកម្ម នៅតែមានភាពល្អប្រសើរជាងវិស័យផ្សេងៗទៀតដែលបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបប្រមាណជា២៥%រហូតរក្សាបានការនាំចេញទៅក្រៅប្រទេសថែមទៀតផង។

បើនិយាយអំពីវិស័យទេសចរណ៍វិញឃើញថាទទួលរងប៉ះពាល់ខ្លាំងជាងវិស័យផ្សេងៗទៀតពីព្រោះក្នុងបរិបទកូវីដ១៩នេះពុំមានអ្នកទេសចរដើរកំសាន្តព្រមទាំងការអនុវត្តវិធានការតឹងរ៉ឺងក្នុងការបិទប្រទេស រឺផ្អាកជើងហោះហើរសំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដជាដើម។ដូច្នេះបានធ្វើឪ្យអ្នកដែលទទួលរងផលប៉ះពាល់ពីវិបិត្តនេះរួមមាន៖ អ្នកផ្ដល់សេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋានប្រមាណជា៩០%បានផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនរយៈពេលយូរខែមកហើយ។ ក្រៅពីនេះអ្នកពាក់ព័ន្ធប្រយោលដែលទទួលបានប្រយោជន៍ពីនេះមានបុគ្គលិក កម្មករបម្រើក្នុងវិស័យនេះរាប់ម៉ឺននាក់ក៏បាត់បង់ការងារធ្វើរួមទាំងគ្មានប្រាក់ចំណូលថែមទៀត ចុងក្រោយគឺប៉ពាល់ដល់ចំណូលសេដ្ឋកិច្ចជាតិពីវិស័យទេសចរណ៍តែម្ដង។

មុនពេលដែលពិភពលោកពុំទាន់មានជំងឺរាតត្បាតកូវីដកើតទ្បើងយើងបានមើលឃើញថាប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ពោរពេញដោយស្នាមញញឹមនិងមានសេរីភាពក្នុងការដើរទេសចរណ៍តាមប្រទេសនិងតំបន់ផ្សេងៗ ក៏ប៉ុន្តែពេលដែលមានជំងឺនេះកើតទ្បើងទោះបីជាអ្នកមានរឺអ្នកក្រក៏ដោយគឺត្រូវបានកាត់ផ្ដាច់គ្មានការយោគយល់ពុំអាចដើរទេសចរណ៍បានទ្បើយ ក្នុងបរិបទនេះអ្វីដែលសំខាន់គឺការរក្សាអាយុជីវិតរបស់ខ្លួននិងត្រូវយកឈ្នះលើមេរោគចង្រៃ ស្របពេលដែលចំនួនអ្នកស្លាប់កើនទ្បើងរាប់លាននាក់មកដល់ពេលនេះ។

និយាយដោយទ្បែកពីប្រទេសកម្ពុជាមុនមានមេរោគកូវីដរាតត្បាតកើតទ្បើងយើងទទួលបានភ្ញៀរទេសចរអន្តរជាតិចម្រុះជាតិសាសន៍ដែលមកទស្សនាកម្ពុជានៅតាមតំបន់ទេសចរណ៍ផ្សេងៗនៃរាជធានីខេត្តដែលកំពុងមានសក្ដានុពលទាំងបែបទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត ទេសចរណ៍បែបធម្មជាតិទាំងការច្នៃប្រឌិតដែលបានទាក់ទាញទេចរបរទេសមកទស្សនាកម្ពុជា។

ក្នុងន័យនេះបើនិយាយអំពីចំនួនភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាក្នុងឆ្នាំ២០១៩កន្លងទៅយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីកន្លងទៅបង្ហាញថា ក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នានេះ ភ្ញៀវទេសចរចិន នៅតែរក្សាតំណែងលេខ១ ដដែលក្នុងចំណោមទេសចរប្រទេសផ្សេងទៀត។ ជាក់ស្តែងក្នុងឆ្នាំ ២០១៨ទេសចរចិន មកម្ពុជាមានរហូតជាង ២លាននាក់ជាង បន្ទាប់ពីចិនគឺទេសចរវៀតណាមមាន ៨០ម៉ឺននាក់ ឡាវជាង ៤២ ម៉ឺននាក់ ថៃជាង ៣៨ម៉ឺន នាក់ កូរ៉េ ៣០ម៉ឺននាក់ សហរដ្ឋអាមេរិក ២៥ម៉ឺននាក់ ជប៉ុន២១ ម៉ឺននាក់ ម៉ាឡេស៊ី ២០ម៉ឺននាក់ បារាំង ១៧ម៉ឺននាក់ និងអង់គ្លេស១៦ម៉ឺននាក់។ ក្រសួងទេសចរណ៍រំពឹងថាឆ្នាំ២០២០កម្ពុជានិងទទួលបានទេសចរចិនកើនទ្បើងជាង៣លាននាក់ក៏ប៉ុន្តែគួរអោយសោកស្ដាយយ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩បានធ្វើឪ្យការរំពឹងទុកនេះត្រូវបានខកចិត្តទៅវិញ។

ទន្ទឹមនឹងក៏នេះមានសំណួរចោទសួរថា<<តើក្រោយវិបត្តិកូវីដ១៩ទេសចរចិនអាចជួយស្ដារវិស័យទេសចរណ៍របស់កម្ពុជាបានដែរឬទេ?>> ពិតណាស់ត្រង់សំណួរនេះយើងបានមើលឃើញរួចទៅហើយអំពីតួលេខចំនួនភ្ញៀវទេសចរចិននាឆ្នាំកន្លងទៅស្របតាមប្រសាសន៍របស់រដ្ឋមន្រ្តីទេសចណ៍ឯក ឧត្តម ថោង ខុនបានឪ្យដឹងថា៖ សម្រាប់ភ្ញៀវទេសចរបរទេសម្នាក់ ដែលធ្វើដំណើរកម្សាន្ដនៅកម្ពុជាម្ដង ជាទូទៅអាចចំណាយជាមធ្យមប្រមាណ ៧០០ដុល្លារ ក្នុងនោះ ទេសចរជនជាតិចិន អាចមានការចំណាយលើសពីចំនួននេះទៅទៀត។

ដូចនេះដេម្បីទាក់ទាញបានភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើននោះកម្ពុជាក៏ត្រូវការពង្រឹងវិស័យទេសចរណ៍នេះអោយកាន់តែសម្បូរបែប បង្កើតផលិតផលថ្មីៗ ច្នៃរបស់ចាស់កាន់តែទាក់ទាញថែមទៀត ប្រកបដោយនវានុវត្តន៍។ទេសចរចិនគឺជាកត្តាលីករដ៏សំខាន់ក្នុងការរួមចំណែកក្នុងការស្ដារវិស័យទេសចរណ៍ រួមចំណែកកសាងសង្គមសេដ្ឋកិច្ចកម្ពុជាអោយមានកំណើនកើនទ្បើងវិញក្រោយវិបត្តិកូវវីដបញ្ចប់ទៅ ។

ជារួមបើទោះបីជាកូវីដ១៩ពុំទាន់បញ្ចប់ក្ដីក៏បានផ្ដល់ឪកាសមួយប្រសើរដល់ម្ចាស់អាជីវកម្មនិងវិនិយោគិនក្នុងការកែច្នៃនិងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនក្នុងពេលនេះដែរដូចជាខេត្តព្រះសីហនុបច្ចុប្បន្នកំពុងកែប្រែមុខមាត់ថ្មីយ៉ាងស្រស់ស្អាតទាំងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងផែនការមេក្នុងការអភិវឌ្ឍន៍ខេត្តនេះថែមទៀតផង ហើយខេត្តនេះទទួលបានទេសចរណ៍ចិននិងវិនិយោគិនច្រើនជាងគេក្នុងចំណោមខេត្តនានាទៀតដែលមានពលរដ្ឋចិនកំពុងប្រកបអាជីវកម្មទីនោះ ហើយកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាក្រោយវិបិត្តកូវីដបញ្ចប់និងមានទេសចរចិននិងវិនិយោគចិនកាន់តែច្រើនបន្ថែមទៀតមកវិនិយោគនិងមកកម្សាន្តនៅប្រទេសកម្ពុជាជាក់ជាមិនខាន។

គួរបញ្ជាក់ថាវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឧហ្សាហកម្មគ្មានផ្សែង ជាមាសបៃតងក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ស្របពេលឆ្នាំ២០១៩កន្លងទៅយើងរកបានចំណូលពីវិស័យទេចរណ៍នេះប្រមាណជិត ៥ ពាន់លានដុល្លារ កើនឡើងជាង ១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ហើយនៅឆ្នាំ២០២១នេះកម្ពុជាត្រូវបានប៉ាន់ប្រមាណនៃការខាតបង់ទឹកប្រាក់ពីវិស័យនេះប្រមាណជា ៣ ពាន់លានដុល្លារ នេះបើយោងតាមក្រសួងទេសចរណ៍។

ដើម្បីសំដៅស្ដារវិស័យទេសចរណ៍របស់កម្ពុជាអោយបានឆាប់រហ័សបញ្ចៀសការបិទទ្វាររបស់ម្ចាស់អាជីវកម្មទេសចរណ៍នានា ហើយក៏ស្របទៅនិងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខនេះនិងអនុញ្ញាតឪ្យទេសចរដែលចាក់វ៉ាក់សាំងរួចអាចមកទស្សនានៅប្រទេសកម្ពុជាបាននៅពេលខាងមុខនេះដែលជាផែនកការស្ដារនិងបើកសេដ្ឋកិច្ចជាតិទ្បើងវិញផងដែរ៕ អត្ថបទ៖ សុភ័ក្រ្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner