ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារហត្ថា បន្តភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិត

ភ្នំពេញ ៖ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និង ធនាគារ ហត្ថា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាបន្តភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិត ដើម្បីបន្តភាពជាដៃគូ និងការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្តល់ជូនការការពារហិរញ្ញវត្ថុរបស់គ្រួសារកម្ពុជា ។ តាមរយៈភាពជាដៃគូដ៏រឹងមាំនេះ បុគ្គលិកផ្នែកលក់ធានារ៉ាប់រង របស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ព័ត៌មានលំអិតអំពីផលិតផលធានារ៉ាប់រងអាយុជីវិត ជូនដល់អតិថិជនរបស់ ធនាគារ ហត្ថា ដើម្បីឲ្យពួកគាត់អាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ចំពោះការការពារហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់។ ភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិតជាមួយ ធនាគារ ហត្ថា ចាប់ពីខែមេសា ឆ្នាំ២០១៨ បានផ្តល់ភាពជោគជ័យយ៉ាងខ្លាំងដល់ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលយើងទទួលបានអត្រាកំណើនសមាសប្រចាំឆ្នាំ (Compound Annual Growth Rate) ប្រមាណ ៦០% ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ។

លោក Loke Kah Meng អគ្គនាយករបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីសោមន្សក្រៃលែង ក្នុងការបន្តភាពជាគូជាមួយ ធនាគារ ហត្ថា។ ភាពជាដៃគូនេះ ផ្តល់ឱកាសឲ្យយើងបន្តការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជនរបស់ ធនាគារ ហត្ថា តាមរយៈសេវាដ៏គួរឲ្យទុកចិត្តបំផុត និងហិរញ្ញវត្ថុរឹងមាំ។ ឆ្នាំនេះជាគម្រប់ខួបរយៈពេល ៥ឆ្នាំ ដែលក្រុមហ៊ុនយើងបានប្រតិបត្តិការនៅកម្ពុជា។ យើងបានផ្តល់ការការពារជូនប្រជាជនកម្ពុជាជាង ១២ម៉ឺននាក់ (គិតត្រឹមខែតុលា ឆ្នាំ២០២១) ដែលមានទឹកប្រាក់ធានាសរុបជាង ១,៤ពាន់លាន ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ យើងបានទូទាត់សំណងសរុប ស្មើនឹងទឹកប្រាក់ជាង ៣,៣លាន ដុល្លារអាមេរិកផងដែរ។” លោកអគ្គនាយក បានបន្ថែមទៀតថា “នៅក្នុងឱកាសដ៏រីករាយនេះ យើងមានសេចក្តីរំភើបក្នុងការប្រកាសលក់ផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីមួយឈ្មោះ SMILE រីករាយសន្សំ សម្រាប់ ធនាគារ ហត្ថា ទូទាំងប្រទេស ព្រមជាមួយនឹងការបញ្ចុះតម្លៃពិសេសចំនួន 100 ដុល្លារ អាមេរិក សម្រាប់អតិថិជន ៣០០នាក់ដំបូង។”

ឧកញ៉ា ហួត អៀង តុង ប្រធានអគ្គនាយករបស់ ធនាគារ ហត្ថា ក៏មានប្រសាសន៍ផងដែរថា “ការបន្តភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិតនេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យនៃភាពជាដៃគូ និងកិច្ចសហការរបស់ពួកយើង ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនគ្រួសារកម្ពុជា។ ធនាគារ ហត្ថា មានបទពិសោធជិត ៣០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ដែលមានទ្រព្យសកម្មសរុបប្រមាណជាង ១,៨ពាន់លាន ដុល្លារអាមេរិក និងគណនីអតិថិជនជិត ៥០ម៉ឺននាក់ ទូទាំងប្រទេស។ ចក្ខុវិស័យរបស់យើងគឺក្លាយជាធនាគារដែលទទួលបានការកោតសរសើរខ្ពស់ និងជាជម្រើស ដែលអតិថិជនពេញចិត្ត តាមរយៈបុគ្គលិកប្រកបដោយវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ពាន់លាន ដុល្លារអាមេរិក និងជាកេរ្ត៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៤ឆ្នាំជាប់ៗគ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលរីកចម្រើនលឿនជាងគេនៅកម្ពុជា ឆ្នាំ ២០១៨ ២០១៩ ២០២០ និង ២០២១ ដែលផ្តល់ដោយ The Global Banking and Finance Review ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានការច្នៃប្រឌិតថ្មីជាងគេនៅកម្ពុជា ឆ្នាំ២០២១នេះ ដែលផ្តល់ដោយ International Business Magazine ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅសហព័ន្ធ អារ៉ាប់រួម។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន១៣៧ សមតុល្យប្រាក់បញ្ញើសន្សំសរុប ៨៦៦លាន ដុល្លារអាមេរិក ផលប័ត្រឥណទានសរុបចំនួន ១,៥២៥លាន ដុល្លារអាមេរិក និងមានអតិថិជនបើកគណនីសរុបជាង ៤០០,០០០គណនី។ ធនាគារ ហត្ថា បានធ្វើការដំឡើងប្រព័ន្ធធនាគារស្នូលដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតនូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបទៅតាមតម្រូវការរបស់អតិថិជន ជាមួយនឹងសេវាកម្មធនាគារបែបឌីជីថលដែលជាដំណោះស្រាយសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ហើយនាពេលឆាប់ៗនេះ ធនាគារ ហត្ថា មានផែនការដាក់ចេញនូវសេវាកម្មធនាគារជាច្រើនទៀតដើម្បីបម្រើដល់អតិថិជនឱ្យកាន់តែប្រសើរឡើង ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner