កិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ ស្តីពីទិសដៅអនុវត្តបន្តបន្ទាប់ពីកិច្ច​ប្រជុំ​កំពូលស្តីពីប្រព័ន្ធស្បៀង នៅទីក្រុងញូយ៉ក

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានរៀបចំកិច្ច​ប្រជុំជួបមុខគ្នាជាក្រុមតូច ដើម្បីកំណត់ទិសដៅអនុវត្តបន្តនៃផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងប្រកបដោយចិរភាពនៅកម្ពុជា ឆ្នាំ២០៣០ បន្ទាប់ពីកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ឋស្បៀងនៅទីក្រុងញូយ៉ក កាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីកិច្ចប្រជុំទល់មុខគ្នានេះអាក់ខានមួយរយៈដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ តែទោះបីយ៉ាងណាយើងក៏ត្រូវបន្តនូវការប្រុងប្រយ័ត្នតទៅទៀត ជាពិសេសអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុវត្ថិភាពសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ។ កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៣ តុលា ឆ្នាំ២០២១នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយមានការចូលរូមពីអង្គការអន្តរជាតិនានា ព្រមទាំងក្រសួង ​ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ មួយចំនួនទៀត។

លោក អៀន រ៉ូសែល  (Iean Russell) ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ នៃអង្គការ FAO បានធ្វើបទបង្ហាញស្តីពីផែនការសកម្មភាពសំខាន់ៗ ដើម្បីអនុវត្តបន្តក្នុងរយៈពេលខ្លីនៅក្នុងផែនទីបង្ហាញផ្លូវនៃប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជា។ បន្ទាប់មក ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួងកសិកម្ម បានជម្រុញផលិតកម្មដំណាំដើម្បីកាត់បន្ថយការប្រើថ្នាំកសិកម្មដែលមានហានិភ័យខ្ពស់, ការអនុវត្តនិតិវិធីនៃការគ្រប់គ្រងថ្នាំកសិកម្ម, ដំណើរការប្រព័ន្ឋធានាគុណភាពដំណាំ ពិសេសគឺដំណើរការកសិកម្មអភិរក្សដែលចាប់អនុវត្តតាំងពីឆ្នាំ២០០៤ ក្រោមគម្រោងពិពិធកម្មដំណាំ។ ជាមួយនោះ លោក ចូស្ទ កាដែល (Jost KADEL) អគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការនៃស្ថានទូតអាល្លឺម៉ង់​ប្រចាំកម្ពុជា, លោកស្រី ក្លែ កូណាន់ នាយិកាប្រចាំប្រទេសកម្ពុជា កម្មវិធីស្បៀងអាហារពិភពលោក, លោកស្រី ហ្លូរ៉ូ ហ្វូយូហ្សាត (Foroogh Foyouzat) នាយិកាអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា, លោកស្រី ហ្សីនេត កូតេស (Gwyneth Cotes)នាយិកាអង្គការ HKIប្រចាំប្រទេសកម្ពុជា, លោកស្រី ណាហ្គីហ្សា ខូដជាវ៉ា (Nargiza Khodjaeva) ​តំណាងអង្គការ WHO ប្រចាំប្រទេសកម្ពុជា, លោក អង់តូអ៊ីយូ ស្កៀ វន់ (Antoio Sciavone) ប្រធានស្តីទីអង្គការ FAO ប្រចាំប្រទេសកម្ពុជា បានមានមតិស្របគ្នាថា កម្ពុជាបានប្តេជា្ញចិត្ត និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចជោគជ័យលើការងារលប់បំបាត់បញ្ហាអាហារូត្ថម្ភ ពិសេសគ្រប់គ្រងប្រព័ន្ឋស្បៀងបានល្អក្នុងបរិបទនៃការរាតត្បាតនៃកូវីដ១៩។ ការងារបន្ទាប់ គឺការប្តេជ្ញាចិត្តរបស់ក្រុមការងារបច្ចេកទេស និងតួអង្គពាក់ព័ន្ឋទាំងអស់ក្នុងការអនុវត្តផែនការសកម្មភាពនានាក្នុងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ហើយយើងនឹងបន្តសហការ ​និងគាំទ្រដល់កម្ពុជាបន្តទៀតលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនេះ។

ក្នុងឱកាសនោះ,​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ  ព្រមទាំងក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំកិច្ចសន្ទនាថ្នាក់ជាតិស្តីពីប្រព័ន្ធស្បៀងបានចំនួន ៣០លើកក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២១នេះ  ដោយបានយកលទ្ធផលទាំងនោះរៀបចំជាផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកប​ដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ដើម្បីបង្ហាញជូននៅក្នុងកិច្ចប្រជុំកំពូលត្រៀមស្តីពីប្រព័ន្ធស្បៀង រៀបចំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២៦​‑២៨ ខែកក្កដា ឆ្នាំ២០២១ និងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង រៀបចំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ​ នៅទីក្រុងញ៉ូយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ ដើម្បីសម្រេចបានចក្ខុវិស័យស្តីពីប្រព័ន្ធ​ស្បៀងឆ្នាំ២០៣០, ផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប គិតគូរពីចីរភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន, រាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពចំនួន៤ គឺទី១. ការលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា, ទី២. ការលើកកម្ពស់ភាពអង់អាចរបស់យុវជន ស្រ្តី និងជនងាយរងគ្រោះ ព្រមទាំងផ្តល់ទីកន្លែងសម្រាប់យុវជនចូលរួមក្នុងកិច្ចសន្ទនាគោលនយោ​បាយ, ទី៣. ការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិតនិងប្រព័ន្ធស្បៀង ដើម្បីឆ្លើយតបទៅនឹងវិបត្តិ និងបញ្ហានានាដែលអាចកើតឡើងនៅពេលអនាគត និងទី៤. ការពង្រឹងអភិបាលកិច្ចដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន។ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា    កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ក្នុងនោះរាជរដ្ឋាភិបាលនឹងឆ្លៀតយកឱកាសដ៍ពិសេសនេះ ដើម្បីពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេស​ក្នុងតំបន់ និងក្រៅតំបន់លើប្រព័ន្ធស្បៀងឱ្យកាន់តែមានរឹងមាំ និងចីរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការស្តារសេដ្ឋកិច្ច និងសង្គមទ្បើងវិញពីវិបត្តិកូវីដ‑១៩ និងដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តរបស់តួអង្គពាក់ព័ន្ធក្នុងការអនុវត្ត ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ចូលរួមសហការ និងធ្វើការប្តេជ្ញាចិត្តសហការ និងជួយរាជរដ្ឋាភិបាលទាំងទិដ្ឋភាពបច្ចេកទេស ថវិកា និងសម្ភារៈផ្សេងៗអនុវត្តផែនទីបង្ហាញផ្លូវនេះឱ្យបានជោគជ័យ ទៅតាមតួនាទីរៀងៗខ្លួន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ស្នើដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន ​និងកីឡា លុបបំបាត់ការលក់ភេសជ្ជៈ និងចំណីអាហារដែលមានសារធាតុជាតិផ្អែមខ្ពស់ និងខ្វះអនាម័យនៅតាមសាលារៀន ដើម្បីការពារសុខុមាលភាពរបស់កុមារ​ និងយុវជនយើង និងស្នើសុំឱ្យក្រសួងនេះពិនិត្យលទ្ឋភាពក្នុងការចូលរួមក្នុងសម្ព័នកម្មវិធីស្បៀងអាហារតាមសាលារៀន និងស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលទ្ឋភាពក្នុងការចូលរួមក្នុងសម្ព័ន្ឋផ្លាស់ប្តូរក្សេត្របរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២,​ សូមស្នើអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដៃគូអភិវឌ្ឍន៏ និងក្រសួងកសិកម្ម ត្រៀមសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបណ្តាក្រសួងពាក់ព័ន្ឋនានា ដើម្បីស្នើឲ្យមានការពិភាក្សា និងការប្តេជ្ញាចិត្តពីថ្នាក់ដឹកនាំមៃសមាគមអាស៊ានលើប្រធានបទ ប្រព័ន្ឋស្បៀងប្រកបដោយនិរន្តរភាពឆ្នាំ២០៣០ នោះគឺ បញ្ចប់ភាពស្រេចឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ ​និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព។ ពិសេសអនុវត្តឲ្យបានជោគជ័យនូវអនុសាសន៏ទាំង៦ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “យុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣”៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner