កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន១៣៤គម្រោង មានទុនវិនិយោគជាង៣.៣ពាន់លានដុល្លារ និងបង្កើតការងារថ្មីជាង៨ម៉ឺនកន្លែងក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ (Video Inside)

ភ្នំពេញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១៣៤គម្រោង សរុបទុនវិនិយោគជាង ៣.៣ពាន់លានដុល្លារក្នុងរយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ ស្របពេលដែលរយៈពេលដូចគ្នាឆ្នាំ២០២០ មានចំនួន ១៨៨គម្រោង មានទុនវិនិយោគសរុបជាង៦.៤ពាន់លានដុល្លារ។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការអនុម័តគម្រោងវិនិយោគសរុបចំនួន១៣៤គម្រោងនេះ ក៏បានបង្កើតចំនួនការងារជូនប្រជាពលរដ្ឋបានចំនួន៨ម៉ឺន៥ពាន់៥៧២កន្លែង។ រយៈពេល៩ខែ ឆ្នាំ២០២១នេះ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០១គម្រោង សរុបទុនវិនិយោគ១.៤ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៣គម្រោង សរុបទុនវិនិយោគ ១.៩ពាន់លានដុល្លារ។ សម្រាប់វិស័យដែលវិនិយោគរួមមាន៖ កសិកម្ម និងកសិឧស្សាហកម្ម មានចំនួន១២គម្រោង, ឧស្សាហកម្មមានចំនួន១១១គម្រោង, ទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមានចំនួន៩គម្រោង។ ជាមួយគ្នានេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការអនុម័តគម្រោងវិនិយោគរបស់កម្ពុជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ នៅមានភាពល្អប្រសើរ ដែលនេះជាសញ្ញាមួយដ៏ល្អសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ លោកឧកញ៉ាជឿជាក់ថា នៅចុងឆ្នាំនេះ ឬក៏ឆ្នាំក្រោយ នឹងមានគម្រោងវិនិយោគស្នើសុំកាន់តែច្រើន ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ការកើនឡើងគម្រោងវិនិយោគត្រូវបានលោកឧកញ៉ា លឹម ហេង អះអាងថា ដោយសារតែកម្ពុជាមានស្ថេរភាពនយោបាយល្អ ទន្ទឹមពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាច្បាប់វិនិយោគថ្មី នឹងត្រូវដាក់ឲ្យអនុវត្ដផងដែរ។ លើសពីនោះទៀត កម្ពុជាកំពុងតែមានភាពអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសអង់គ្លេស និង EBA ពីសហគមន៍អឺរ៉ុបផងដែរ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner