អ្នកនាំពាក្យក្រសួងយុត្តិធម៌៖របាយការណ៍អង្គការគម្រោងយុត្តិធម៌ពិភពលោក មិនបានឆ្លុះបញ្ចាំងការពិតជាក់ស្តែងនៅកម្ពុជា

ភ្នំពេញៈរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការចេញរបាយការណ៍អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ដកពិន្ទុនីតិរដ្ឋកម្ពុជា ២,៣ភាគរយបន្ថែមទៀត សម្រាប់របាយការណ៍របស់ខ្លួនក្នុងឆ្នាំ២០២១នេះ គឺមិនបានឆ្លុះបញ្ចាំងការពិតជាក់ស្តែងនៅកម្ពុជា ដោយទទួលព័ត៌មានតែម្ខាងពីក្រុមសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលប្រឆាំងជាមួយរាជរដ្ឋាភិបាល។ ប្រទេសមួយចំនួនមានស្ថានភាពនីតិរដ្ឋ ប្រជាធិបតេយ្យ យ៉ាប់យឺនជាងកម្ពុជាផង ក៏ប៉ុន្តែបានលេខរៀងនៅលើកម្ពុជាទៅវិញ ដូចជាប្រទេសខ្លះជាប្រទេសកុម្មុយនីស្ត មិនមានការបោះឆ្នោត មានគណបក្សតែមួយ និងកាន់អំណាចផ្តាច់ការ ប្រទេសខ្លះទៀតដឹកនាំដោយរបបយោធា ប្រទេសខ្លះទៀត គឺមានចម្បាំងកលយុគឡើងកាន់អំណាចដោយកម្លាំងយោធា និងរដ្ឋប្រហារជាដើម។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១៦ ខែតុលានេះថា ពាក់ព័ន្ធការវាយតម្លៃរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ក្នុងស្ថានភាពកូវីដ ដោយបង្ហាញថា កម្ពុជាជាប្រទេសមានកម្រិតនីតិរដ្ឋទាបជាងប្រទេសដទៃ ដូចជាមិនសូវសម មិនស្របទៅនឹងស្ថានភាពជាក់ស្តែង ហើយនឹងបរិបទអន្តរជាតិ។ បើមើលទៅលើបណ្តាប្រទេសដទៃមួយចំនួន ដែលធ្លាប់រិះគន់កម្ពុជាពាក់ព័ន្ធទៅនឹងវិធានការច្បាប់កូវីដ ក៏ប៉ុន្តែទីបញ្ចប់​ គឺបានអនុវត្តវិធានការទាំងអស់នោះ នៅក្នុងប្រទេសខ្លួនទាំងអស់ ហើយអនុវត្តតឹងរ៉ឹងធ្ងន់ធ្ងរជាងកម្ពុជាទៅទៀត ដូចជាការបិទប្រទេស ការបិទខ្ទប់តំបន់ វ៉ាក់សាំងកាតព្វកិច្ចជាដើម…លនិងល ដែលធ្លាប់រិះគន់រដ្ឋាភិបាលកម្ពុជា ឥឡូវ គឺយកទៅអនុវត្តនៅក្នុងប្រទេសខ្លួនឯងទៅវិញ ហើយការវាយតម្លៃថា កម្ពុជាទាបជាងប្រទេសទាំងអស់នោះដូចជាមិនសមហេតុសមផល។

ឯកឧត្តម ជិន ម៉ាលីន បានបន្តថា ការធ្វើរបាយការណ៍ការស្រាវជ្រាវអាចមានការទទួលព័ត៌មាន ឬទិន្នន័យខុសពីភាគីតែម្ខាង អាចពីក្រុមសង្គមស៊ីវិល ឬក្រុមដែលមាននិន្នាការប្រឆាំងដែលផ្តល់ព័ត៌មានខុស នាំឱ្យការប្រើប្រាស់វិធីសាស្ត្រ និងការបញ្ចេញលទ្ធផលក៏វាខុសតាមហ្នឹងដែរ។ សូម្បីអ្នករាយការណ៍ពិសេសក៏ទទួលព័ត៌មានខុស ទិន្នន័យខុសពីក្រុមសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងពាក់ព័ន្ធនឹងទិន្នន័យ តួលេខ នៃការអនុវត្តច្បាប់ ដែលខុសពីទិន្នន័យ តួលេខផ្លូវការរបស់រាជរដ្ឋាភិបាលបានបង្ហាញ ដែលនាំឱ្យមានលារលម្អៀងនៅក្នុងការចេញរបាយការណ៍ និងលទ្ធផលនឹងដែរ។ ឧទាហរណ៍ ពាក់ព័ន្ធព័ត៌មានខុស និងព័ត៌មានបំផ្លើសដែលផ្តល់ដោយក្រុមប្រឆាំង និងងសង្គមស៊ីវិលមាននិន្នាការប្រឆាំង ហើយដែលអ្នករាយការណ៍ពិសេសយកទៅប្រើខុស។ ឧទាហរណ៍ដូចជា ទណ្ឌកម្មដែលមានចែងក្នុងច្បាប់ ដែលគេចោទប្រកាន់ថា ទណ្ឌកម្ម យើងធ្ងន់ធ្ងរគ្រាន់តែរំលោភបំពានវិធានការកូវីដមានទោសដល់២០ឆ្នាំ ដែលជាព័ត៌មានបំផ្លើសខុសពីការខ្លឹមសារការពិត។ ហើយ២០ឆ្នាំ ចំពោះបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរពាក់ព័ន្ធដល់ការចម្លងកូវីដ-១៩ ដោយចេតនាទៅអ្នកដទៃ នេះជាបទឧក្រិដ្ឋ។ ក៏ប៉ុន្តែក្រៅពីហ្នឹងគឺមានប្រភេទទោសរបស់វា ស្ថានភាពបទល្មើសមានការពិន័យជាប្រាក់ អប់រំ ណែនាំ ត្រឡប់ទៅផ្ទះវិញ មានការឃុំខ្លួនរយៈពេលណាទៅតាមស្ថានភាពស្ថានទម្ងន់ បច្ច័យប៉ះពាល់ដែលកើតចេញពីបទល្មើស អាហ្នឹងជាព័ត៌មានបំភ្លៃបំផ្លើសដែលផ្តល់ដោយក្រុមប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលខុសពីខ្លឹមសារនៃច្បាប់។ ហើយមួយទៀតដែលទទួលព័ត៌មានបំភ្លៃបំផ្លើសដែរ គឺថាអ្នករាយការណ៍ពិសេសទទួលព័ត៌មានថា ការឃាត់ខ្លួនមនុស្សមានរហូតដល់ជាង៧០០នាក់ ហើយតាមពិតមិនមានឃាត់ខ្លួនជាង៧០០នាក់ គឺភាគច្រើនទទួលនូវការពិន័យជាប្រាក់ និងអប់រំណែនាំឱ្យត្រឡប់ទៅផ្ទះវិញ។ មានតែជាង១០០នាក់តែប៉ុណ្ណោះ ដែលបញ្ជូនទៅតុលាការ ហើយនៅក្នុងចំណោមនោះមានតែប្រហែល៣០នាក់ ដែលបានឃុំខ្លួន ក្រៅពីនេះនៅក្រៅឃុំទាំងអស់។ ហើយនេះជាព័ត៌មានដែលគាត់ទទួលខុសពីក្រុមសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលប្រឆាំងជាមួយរាជរដ្ឋាភិបាល ហើយដែលមិនពិភាក្សាពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាល ដែលនាំឱ្យលទ្ធផលចេញមកវាខុស និងលម្អៀង។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា “អ្វីដែលចម្លែក គឺថា មិនដឹងជាគេប្រើវិធីសាស្ត្ររបៀបម៉េច ហើយផ្អែកលើមូលដ្ឋានអ្វីខ្លី ដែលប្រទេសមួយចំនួនមានស្ថានភាពនីតិរដ្ឋ ប្រជាធិបតេយ្យ យ៉ាប់យឺនជាងកម្ពុជាផង ក៏ប៉ុន្តែបានលេខរៀងនៅលើកម្ពុជាទៅវិញ ដូចជាប្រទេសខ្លះជាប្រទេសកុម្មុយនីស្ត មិនមានការបោះឆ្នោត មានគណបក្សតែមួយ និងកាន់អំណាចផ្តាច់ការ ប្រទេសខ្លះទៀតដឹកនាំដោយរបបយោធា ប្រទេសខ្លះទៀត គឺមានចម្បាំងកលយុគឡើងកាន់អំណាចដោយកម្លាំងយោធា និងរដ្ឋប្រហារជាដើម ដែលស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋយ៉ាបយឺនជាងកម្ពុជាឆ្ងាយណាស់ ក៏ប៉ុន្តែបែរជាបានចំណាត់ថ្នាក់ពិន្ធុលើកម្ពុជាទៅវិញ។ យើងមិនដឹងថា គេប្រើប្រាស់វិធីសាស្ត្ររបៀបម៉េច ឬក៏ផ្អែកលើមូលដ្ឋានអ្វីខ្លះទេ? ក្នុងការវាយតម្លៃនេះ ក៏ប៉ុន្តែវាអត់ឆ្លើយតបទៅនឹងស្ថានភាពពិតជាក់ស្តែងដែលយើងសង្កេតឃើញនាពេលបច្ចុប្បន្ននេះ”។

ឯកឧត្តម ជិន ម៉ាលីន បានបន្តទៀតថា សប្តាហ៍ក្រោយនេះ ឯកឧត្តមនឹងជួបផ្ទាល់ជាមួយនាយកថ្នាក់តំបន់ និងក្រុមការងារ World Justice Project ដើម្បីជជែកគ្នាស្វែងយល់ពីក្នា ជាពិសេសអំពីវិធីនៃការសាស្រ្តស្រាវជ្រាវ វិធីសាស្ត្រនៃការដាក់ពិន្ទុ ការប្រមូលរបាយការណ៍ព័ត៌មានថា និងការវាយតម្លៃរបស់ពួកគេថា តើគេប្រមូលមកពីប្រភពណាមក? ធ្វើសម្ភាសន៍របៀបម៉េច បានជាលទ្ធផលចេញមកវាលម្អៀង ហើយមិនឆ្លើយទៅនឹងស្ថានភាពពិតប្រាកដជាក់ស្តែង ហើយសង្ឃឹមជំនួបនេះនឹងអាចយល់ពីគ្នាបានច្រើន និងអាចសហការគ្នា និងអាចទទួលបានលទ្ធផលប្រសើរជាងនេះនៅថ្ងៃខាងមុខ។

សូមជម្រាបថា អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានដកពិន្ទុនីតិរដ្ឋកម្ពុជា ២,៣ភាគរយបន្ថែមទៀត សម្រាប់របាយការណ៍របស់ខ្លួនក្នុងឆ្នាំ២០២១នេះ និងរក្សាចំណាត់ថ្នាក់កម្ពុជាជាប្រទេសនីតិរដ្ឋទាបបំផុតលំដាប់ទី២ ក្នុងចំណោមប្រទេស១៣៩ និងលំដាប់ទី១ ក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយដកពិន្ទុសន្ទស្សន៍នីតិរដ្ឋកម្ពុជា ២,៣ភាគរយ ឬស្មើនឹង 0,០១ពិន្ទុ សម្រាប់ឆ្នាំ២០២១នេះ ដោយថយមកនៅ០,៣២ពិន្ទុ និងរក្សាចំណាត់ថ្នាក់កម្ពុជាឱ្យស្ថិតនៅលេខរៀង១៣៨ ក្នុងចំណោមប្រទេសចំនួន១៣៩ដដែល៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner