សម្តេច សាយ ឈុំ បានក្រើនរំលឹក ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដែលទើបត្រូវបានតែងតាំងថ្មី ត្រូវបន្តការខិតខំធ្វើឲ្យរដ្ឋបាលខេត្ត មានការអភិវឌ្ឍ និងកាន់តែមានភាពរីកចម្រើន បន្ថែមទៀត

ខេត្តរតនគិរី ៖ ប្រសាសន៍ក្រើនរំលឹករបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ក្នុងគ្រាដែលសម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីតែងតាំង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នៅថ្ងៃទី២០ តុលា ឆ្នាំ២០២១។

អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ជំនួស ឯកឧត្តម ថង សាវុន ដែលត្រូវផ្ទេរតំណែងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ។ នៅក្នុងពិធីនេះដែរ ឯកឧត្តម ម៉ុម សារឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អតីតអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ត្រូវបានប្រកាសតែងតាំងជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តរតនគិរី ផងដែរ ។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានប្ដេជ្ញាចិត្តខិតខំបំពេញការងារឱ្យបានល្អ ខិតខំធ្វើការអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើន និងការអភិវឌ្ឍន៍សមិទ្ធិផលថ្មីៗ បន្ថែមទៀត ស្របតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្ដល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំគណបក្សខេត្ត និងអង្គការចាត់តាំងគណបក្សគ្រប់លំដាប់ថ្នាក់ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ ក្រើនរំលឹកដល់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដែលទើបត្រូវបានតែងតាំងមុខតំណែងជាប្រធានបក្សខេត្តថ្មី ត្រូវខិតខំប្រឹងប្រែងបន្តកិច្ចការងារ ធ្វើឲ្យខេត្តរតនគិរី កាន់តែមានការរីកចម្រើនជាបន្តទៀត។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ត្រូវពង្រឹងលើយន្តការដឹកនាំ អនុវត្តការងារនៅចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់រដ្ឋ ត្រូវចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវភាគតិច គោរពភាគច្រើន ។ រីឯអ្នកដឹកនាំល្អ គឺជាអ្នកដែលចេះគិតគូរ មានអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ មានភាពចាស់ទុំខាងនយោបាយ និងមានភាពម៉ឺងម៉ាត់ខាងគោលជំហរ នៃការដឹកនាំ ។

អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ជំរុញ សមាជិក សមាជិការបក្សខេត្ត ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ជូនដល់អ្នកដែលគ្រប់អាយុ ដើម្បីឈានទៅរកភាពជោគជ័យ ក្នុងការបោះឆ្នោត ដែលនឹងត្រូចឈានចូលមកដល់នាពេលខាងមុខនេះ ។ ចំពោះសមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋាន ភូមិ ឃុំ ស្រុក ក្រុង ត្រូវសហការសាមគ្គីគ្នាឱ្យបានល្អ រក្សាឱ្យបានសមាជិកចាស់ និងត្រូវបន្តពង្រីកកម្លាំងថ្មី ឱ្យមានការគាំទ្រ គោលនយោបាយ គណបក្សប្រជាជនកម្ពុជា កាន់តែច្រើន និងត្រូវរៀបចំផែនការសកម្មភាព ដើម្បីសម្រេចឱ្យបាន នូវគោលនយោបាយបក្ស និងរាជរដ្ឋាភិបាល ពិសេស ត្រូវដោះស្រាយសំណូមពរចាំបាច់ និងបំរើសេវាជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ទៅតាមជំនាញ និងតួនាទីភារកិច្ចរៀងៗខ្លួន ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner