ពលករចំណាកស្រុកកាស្មៀរត់គេចខ្លួន ចំពេលមានការកើនឡើងការវាយប្រហារពីក្រុមឧទ្ទាម

​ភាព​ភ័យ​ខ្លាច​កើន​ឡើង​សម្រាប់​ពលករ​ចំណាក​ស្រុកនៅ​​តំបន់​កាស្មៀរ​ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌា ​បន្ទាប់​មនុស្ស​បួន​នាក់​​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ ខណៈ​​ក្រុម​ឧទ្ទាម​ប្រឆាំង​ឥណ្ឌា​គំរាម​កំហែង​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​​ បង្ខំ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​តំបន់​នេះ​។​

​ក្រុម​ឧទ្ទាម​កាស្មៀ​រ​បាន​​ប្រយុទ្ធ​គ្នា​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ដោយ​ទាម​ទារ​ឱ្យ​មាន​រដ្ឋ​ឯករាជ្យ​មួយ​ ឬ​ការ​រួម​បញ្ចូល​គ្នា​ជាមួយ​ប្រទេស​ជិត​ខាង​ប៉ាគីស្ថាន​ ដែល​​ទាមទារ​គ្រប់​គ្រង​​តំបន់​​មាន​ទំនាស់​នេះ​ទាំង​មូល​ដូច​គ្នា​។​

​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ ពលករពី​​​ក្រៅ​ស្រុក​ចំនួន​ពីរ​នាក់​ត្រូវ​បាន​ក្រុម​ឧទ្ទាម​​បាញ់​​សម្លាប់​​ដោយ​មិន​រើស​មុខ​​ ក្រោយ​ក្រុមប្រដាប់​អាវុធនេះ​រារាំង​ពលករ​មិន​ឱ្យ​ចូល​ក្នុង​​បន្ទប់​ជួល​​របស់​ខ្លួន​​​នៅ​ជិត​ភូមិ​ Ganjipora ​ក្នុង​ស្រុក​ Kulgam ​ភាគ​ខាង​ត្បូង​។​ មួយ​ថ្ងៃ​មុន​ហេតុការណ៍​នេះ​កើត​ឡើង​ ​អ្នក​លក់​ដូរ​តាម​ផ្លូវ​ហិណ្ឌូ​ម្នាក់​នៅ​ក្នុង​តំបន់​ Eidgah ​នៃ​ក្រុង​ Srinagar ​​និង​ជាង​ឈើ​​ម៉ូស្លីម​ម្នាក់​ទៀត​នៅ​ក្នុង​ស្រុក ​Pulwama ​ត្រូវ​បាន​សម្លាប់​តាម​របៀប​ស្រដៀង​គ្នា​។​

​ត្រឹម​តែ​ខែ​តុលារ​នេះ​ ​ជន​ស៊ីវិល​យ៉ាង​តិច​ ១១ ​នាក់​រួម​ទាំង​ពលករ​ក្រៅ​ស្រុក​ ៥ ​នាក់​ដែល​ត្រូវ​ក្រុម​ឧទ្ទាម​​បាញ់​សម្លាប់​​ក្នុង​តំបន់​កាស្មៀរ​។ ​ការ​សម្លាប់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កើន​ឡើង​​នៃ​អំពើ​ហិង្សា​នា​ពេល​ថ្មី​ៗ​​ក្នុង​តំបន់​ ដែល​​មាន​មនុស្ស​យ៉ាង​តិច​ ៣៣ ​នាក់​ស្លាប់​ចាប់​តាំង​ពី​ដើម​ខែ​តុលា​មក​ ក្នុង​នោះ​រួមប​ញ្ចូល​ទាំង​ក្រុម​ឧទ្ទាម​ ១៣ ​នាក់ ​និង​សមាជិក​កង​កម្លាំង​សន្តិសុខ​ឥណ្ឌា​ ៩ ​នាក់​។​

​​ចំ​ពេល​មាន​ការ​វាយ​ប្រហារ​កើន​ឡើង​ ពលករ​ចំណាក​ស្រុក​រាប់​រយ​នាក់​ត្រូវ​បាន​ផ្លាស់​ទៅ​ជំរំ​យោធា​ឥណ្ឌា​ ឬ​អគារ​ការពារ​ផ្សេង​ទៀត​។​ កម្មករ​សំណង់​ម្នាក់​ឈ្មោះ ​Ram ​អាយុ​ ៤៥​ ឆ្នាំ​ ដែល​​ធ្វើ​ការ​នៅ​កាស្មៀរ​ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌា​អស់​រយៈ​ពេល​ ១៥ ​ឆ្នាំ​មក​ហើយ​បោះ​និយាយ​ថា​ លោក​ត្រូវ​បាន​ប៉ូលីស​ទូរស័ព្ទ​ហៅ​ឱ្យទៅ​​ស្នាក់​នៅ​អគារ​ដែល​មាន​ការ​ការពារ​។​

ពលករ​ដែល​មក​ពី​ West Bengal ​រូប​នេះ​បន្ថែម​ថា​ ខណៈ​ដែល​កម្មករ​ក្រៅ​ស្រុក​កំពុង​ភ័យ​ខ្លាច​ លោក​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​។​ លោក​និយាយ​ថា​៖​ «​មនុស្ស​ជំពាក់​លុយ​ខ្ញុំ​ ហើយ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ក្រៅ​ហើយ​សុំ​លុយ​គេ​ ព្រោះ​​ត្រូវ​បង់​ថ្លៃ​សាលា​ឱ្យ​កូន​​។​ តែ​វា​នឹង​អាច​ធ្វើ​ទៅ​ បាន​លុះ​ត្រា​តែ​ខ្ញុំ​ទទួល​បាន​ប្រាក់​ដែល​ខ្ញុំ​រក​បាន​ទាំង​អស់​»​។​

​​ការ​សម្លាប់​ពលករ​ចំណាក​ស្រុក​តាម​គោល​ដៅ ​​​បង្ខំ​ឱ្យ​ពលករ​​រាប់​ពាន់​នាក់វ៉ិច​បង្វិច​​ហើយ​​ចាក​​ចេញ​​ទៅ​រដ្ឋ​កំណើត​របស់​ខ្លួន​។​ ​កម្មករ​​ធ្វើ​ការ​នៅ​ចម្ការ​ផ្លែ​ប៉ោម​មួយ​នៅ​ក្នុង​ស្រុក​ Shopian ​ក្នុង​តំបន់​និយាយ​ជា​អនាមិក​ពេល​កំពុង​ជិះឡាន​ក្រុង​ទៅស្រុក​​វិញ​ថា​៖​ «​​យើង​​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ។​​ យើង​គ្រាន់​តែ​មក​ទីនេះ​ដើម្បី​រក​ប្រាក់​ប៉ុណ្ណោះ​។​ យើង​មិន​ដឹង​ថា​ហេតុ​អ្វីបា​នជា​យើ​ង​ជា​គោល​ដៅ​នោះ​ទេ​»។​​

​​​តាម​ការ​ប៉ាន់​ប្រមាណ​របស់​រដ្ឋាភិបាល​ ​ពលករ​ចំណាក​ស្រុក​ប្រហែល​ ៤០០ ០០០ ​នាក់​មក​កាស្មៀរ​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ស្វែង​រក​ការងារ​ជា​ជាង​ដេរ​ ជាង​ឈើ ​ជាង​កាត់​ដេរ​ និង​ជាង​ដែក​ជា​ដើម​។​ ​មន្រ្តី​ក្នុង​តំបន់​ម្នាក់​​ប្រាប់​សារព័ត៌មាន​ Al Jazeera ​ថា​ ពលករ​កំពុង​ត្រូវ​​ប្តូរ​ទៅ​រក​ទីតាំង​ដែល​ការពារ​ដោយ​កង​កម្លាំង​ពិសេស​ ដោយ​សារ​តែ​ការ​មិន​ធានា​បាន​នូវ​​បញ្ហា​សុត្ថិភាព​។​

​ពួក​មន្រ្តី​កាស្មៀរ​និយាយ​ថា​ ក្រុម​ឧទ្ទាម​ដែល​មិន​​សូវ​មាន​គេ​ស្គាល់​ឈ្មោះ ​«​រណសិរ្ស​តស៊ូ​(TRF)​»​ ដែល​មាន​មូល​ដ្ឋាន​នៅ​ប៉ាគីស្ថាន​ ត្រូវ​បាន​គេ​ជឿ​ថា​នៅ​ពី​ក្រោយ​ការ​សម្លាប់​ជន​ស៊ីវិល​នា​ពេល​ថ្មី​ៗ​នេះ​។​ ក្រុម​ TRF ​បាន​​គំរាម​កំហែង​​វាយ​ប្រហារ​បន្ថែម​ទៀត​ទៅ​លើ​ជន​ចំណាក​​ស្រុក​ក្នុង​តំបន់​ដោយ​និយាយ​ថា​ ពួក​គេ​គឺ​ជា​ផ្នែក​មួយ​នៃ​ «​ការ​រចនា​របស់​ទីក្រុង​ញូវដេលី​ដើម្បី​ផ្លាស់​ប្តូរ​ប្រជាសាស្រ្ត​នៃ​តំបន់​ដែល​មាន​ប្រជាជន​មូស្លីម​ភាគ​ច្រើន​»​។​

​​TRF ​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​ពី​ដើម​ខែ​តុលា​ថា​៖​ «​ជា​ថ្មី​ម្តង​ទៀត​យើង​ ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា​អ្នក​កាន់​លំនៅ​ដ្ឋាន​ជន​អន្តោ​ប្រវេសន៍​ ​និង​អ្នក​សហការ​មិន​ថា​កាន់​សាសនា​ណា​ក៏​ដោយ​​ ​គឺ​ជា​សត្រូវ​នៃ​ការ​តស៊ូ​នៅ​កាស្មៀរ​​ហើយ​នឹង​មិន​ត្រូវ​រួច​ជីវិត​ឡើយ​»​។​

​ស្ថានការណ៍នៅ​តំបន់​កាស្មៀរ​ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌា​កាន់​តែ​អាក្រក់​ទៅ​ៗ​ កាល​ពី​ពីរ​ឆ្នាំ​មុន​នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​នាយករដ្ឋ​មន្រ្តី​ ណារ៉េនដ្រា ​ម៉ូឌី​ (Narendra Modi) ​​លុប​ចោល​ស្វ័យភាព​ដែល​មាន​កំណត់​របស់​តំបន់​ ​​ដាក់​ការ​រឹត​បន្តឹង​សន្តិសុខ​រយៈ​ពេល​មួយ​ខែ​ និង​ចាប់​ខ្លួន​ជនជាតិ​កាស្មៀរ​រាប់​រយ​នាក់​ រួម​ទាំង​បង្កើត​ច្បាប់​ដែល​ជា​ការ​​គំរាម​កំហែង​ដល់​ការ​ផ្លាស់​ប្តូរ​ប្រជាសាស្រ្ត​របស់​​តំបន់​។

​ការ​​លុប​ចោល​មាត្រា​ ៣៧០ ​និង​មាត្រា​ ៣៥-A ​នៃ​រដ្ឋ​ធម្មនុញ្ញ​ឥណ្ឌា​ដែល​ហាម​ឃាត់​ជន​មិន​មែន​ក្នុង​ស្រុក​ពី​រដ្ឋ​ដទៃ​ទៀត​មិន​ឱ្យ​តាំង​លំនៅ​ ឬ​ទិញដីជា​​អចិន្ត្រៃយ៍​នៅ​តំបន់​កាស្មៀរ​ បាន​បង្កការ​ភ័យ​ខ្លាច​ដល់​ប្រជាពល​រដ្ឋ​ថា​រដ្ឋាភិបាល​អាច​នឹង​ដក​ហូត​ដី​ធ្លី​ និង​មុខ​របរ​របស់​ពួក​គេ​។

​​រដ្ឋាភិបាល​សហព័ន្ធ​​បង្ហាញ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ផ្លាស់​ប្តូរ​ដ៏​វែង​ឆ្ងាយ​របស់​ខ្លួន​ ដោយ​និយាយ​ថា​វា​ចាំ​បាច់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បះបោរ​ប្រដាប់​អាវុធ​ បង្កើត​ការងារ​ និង​វិបុលភាព​សេដ្ឋកិច្ច​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​។​ ប៉ុន្តែ​អ្នក​ស្រុក​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​គ្រាន់​តែ​ធ្វើ​ឱ្យ​ស្ថានការណ៍​សន្តិសុខ​នៅ​ក្នុង​តំបន់​​កាន់​តែ​អាក្រក់​ទៅ​ៗ​ប៉ុណ្ណោះ​។​

​ឆ្នាំ​ ​២០២១ ​គឺ​ជា​ឆ្នាំ​មួយ​ដែល​មានចំនួន​​មនុស្ស​ស្លាប់​ច្រើន​បំផុត​សម្រាប់ក្រុម​​ជន​ចំណាក​ស្រុក​ និង​ជន​ជាតិ​ភាគ​តិច​នៅ​តំបន់​កាស្មៀរ​ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌា។​ ចាប់​តាំង​ពី​ខែ​មករា​មក​ ជន​ស៊ី​វិល​យ៉ាង​តិចចំនួន​​ ៣២ ​នាក់​រួម​ទាំង​សកម្ម​ជន​របស់​គណបក្ស​នយោបាយ​គាំទ្រ​ឥណ្ឌា ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​នេះ​ ហើយ​មនុស្ស​ ៦ ​នាក់​ដែល​​ស្លាប់​នៅ​ឆ្នាំ​នេះ​ ជា​​ជន​ជាតិ​ភាគ​តិច​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner