សប្តាហ៍ក្រោយនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) កម្ពុជា និងកូរ៉េឈានដល់ការចុះហត្ថលេខាជាផ្លូវការហើយ (Video Inside)

ភ្នំពេញ៖ កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ហៅកាត់ថា (CKFTA) ​ជា​ផ្លូវការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េនៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២១ខាងមុខ​ បន្ទាប់ពី​ប្រទេស​ទាំងពីរបាន​ធ្វើ​ការចរចា​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ។

ការ​យឺតយ៉ាវ​ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ពន្យល់ថា ​ភាគី​ទាំងពីរ​ត្រូវការ​ពេលវេលា​ដើម្បី​ផ្ទៀងផ្ទាត់​ដោយ​យកចិត្ត​ទុកដាក់ ​និង​ម្យ៉ាងទៀត​ដោយសារតែ​បញ្ហា​កូ​វីដ​-១៩។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។ ឯកឧត្តម ស៊ា​ង ថៃ រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍អោយដឹងថា ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េនឹង​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទាំងពីរ ​គឺឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​និង​លោកជំទាវ យ៉ូ មឿង​ហេ ​(YOO Myung-hee) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ​តាម​ប្រព័ន្ធ​វីដេអូ​។ ឯកឧត្តម ស៊ា​ង ថៃ ​បន្ត​ថា ​ក្រោយ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​ការងារ​ដែល​ក្រសួង​ស្ថាប័ន​ ក៏ដូចជា​វិស័យ​ឯកជន​ត្រូវធ្វើ​គឺ​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទាញយក​ប្រយោជន៍​ជា​អតិបរិមា ​តាមរយៈ​ការកំណត់​ទំនិញ​សក្ដានុពល​,​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ផលិត​, ផលិត​ទំនិញ​ដែលមាន​គុណភាព ​និង​ស្តង់ដារ​។​ល​។ ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េ​ ​កម្ពុជា​ និង​កូរ៉េខាងត្បូង​បាន​ចាប់​ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​កាលពី​ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ធ្វើ​ការសិក្សា​ពី​លទ្ធ​ភាពជា​ដៃគូពាណិជ្ជកម្ម​ជាមួយគ្នា​អស់​ជាច្រើន​ខែ ​គឺ​ចាប់តាំងពី​ឆ្នាំ​ខែវិច្ឆិកា ឆ្នាំ​២០១៩​មក​ម្ល៉េះ​។ មុននឹង​ឈាន​ដល់​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​ គឺ​អ្នកជំនាញ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ គឺ​មានតែ​ផល​ចំណេញ​ គ្មាន​ការខាតបង់​ឡើយ​សម្រាប់​កម្ពុជា។ បើ​តាម​ក្រសួងពាណិជ្ជកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កូរ៉េ​ខាង​ត្បួ​ង និង​កម្ពុជា​នឹង​ជំ​រុញ​ឲ្យ​កម្ពុជា​អាច​នាំចេញ​នូវ​ផលិតផល​ជាច្រើន​ទៀត​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​មានដូចជា​សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបន្លាស់​រថយន្ត គ្រឿង​អេ​ឡិច ត្រូ​និ​ច កៅស៊ូ និង ផលិតផល​កសិកម្ម​ជាដើម​រីឯ​ការនាំ​ចូល​ពី​កូរ៉េ​មកវិញ​មាន​យានយន្ត គ្រឿង​អេឡិចត្រូនិក ឱសថ និង​គ្រឿងសំអាង​ជាដើម។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ប្រទេស​កូរ៉េខាងត្បូង (CKFTA) នឹង​ចូល​ជាធរ​មាននៅ​ក្នុងអំឡុង​ខែតុលា ​ឆ្នាំ​២០២១ បន្ទាប់ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​បានប្រកាស​បញ្ចប់​ការចរចា​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​។ ភាគី​ទាំងពីរ​សង្ឃឹមថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទ្វេ​ភាគី​បន្ថែមទៀត​ព្រមទាំង​ជួយ​ពន្លឿន​ការស្តារ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ឡើងវិញ​ ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ កម្ពុជា​គឺជា​គោលដៅ​នាំចេញ​ទី​៦០របស់​សាធារណរដ្ឋ​កូរ៉េ​ដែល​មាន​ទំនិញ​សំខាន់ៗ​ដូចជា ភេសជ្ជៈ គ្រឿង​អេឡិចត្រូនិក ឱសថ និង​រថយន្ត​ដឹកទំនិញ​។ ចំណែកឯ​កម្ពុជា​វិញ​បាន នាំ​ទំនិញ​ទៅ​កូរ៉េខាងត្បូង​ភាគច្រើន​គឺជា​សម្លៀកបំពាក់ និង​ផលិតផល​ស្បែកជើង និងកាបូប​ជាដើម​។ ​នៅ​ក្រោម​កិច្ចព្រមព្រៀង CKFTA និង​កិច្ចព្រមព្រៀង RCEP​ កម្ពុជា​នឹង​លើកលែងពន្ធ​ប្រមាណ​៩៣,៨​ភាគរយនៃ​ផលិតផល​នាំចូល​ពី​កូរ៉េខាងត្បូង ​ហើយ​កូរ៉េខាងត្បូង​នឹង​លើកលែង​ពន្ធ​ប្រមាណ​៩៥,៦​ភាគរយ​លើ​ផ​លិត​ផល​របស់​កម្ពុជា​នេះ​បើតាម​ការចុះផ្សាយ​របស់ក្រសួងពាណិជ្ជកម្ម​កន្លង​មក​។

​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ ក្នុង​ឆ្នាំ ២០១៩ មាន​ប្រមាណ ១,០៣២ លាន​ដុល្លារ។ ទំហំ​ពាណិជ្ជ​កម្ម​នេះ​បាន​កើនឡើង​ជិត​២០​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ២០១៨ និង កើនឡើង ២៥៤​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០០៩ ដែល​មាន​ប្រមាណ ២៩១ លាន​ដុល្លារ។ ដោយឡែក​នៅក្នុង​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេ ភាគី​រវាង​ប្រទេស​ទាំងពីរ​គឺ​សម្រេច​បាន​ជាង ៨៨៥​លាន​ដុល្លារ​ប៉ុណ្ណោះ ​ពោលគឺ​មានការ​ថយចុះ​ប្រមាណ ១៨​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩។ ហើយក្រៅពី​ប្រទេស​ចិន និង​សាធារណរដ្ឋ​កូរ៉េ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​សិក្សា ​និង​រៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចរចា​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយ​ប្រទេស​ធំៗ​គោលដៅ​ចំនួន​៦​ទៀតផងដែរ ​ក្នុងនោះ​មាន​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EAEU) ជា​អង្គការ​សមាហរណកម្ម​ថ្នាក់​តំបន់​នៅ​អាស៊ី​ខាងលិច អាស៊ី​ខាងកើត និង​អាស៊ី​កណ្តាល ​អង់គ្លេស អាមេរិក ជប៉ុន ម៉ុង​ហ្គោ​លី និង​ឥណ្ឌា៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner