សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាងបង្កើតស្រែក្តាមថ្មដើម្បីទាក់ទាញទេសចរណ៍

កោះកុង៖ ស្រែចិញ្ចឹមក្តាមថ្មមួយកន្លែងដែលមានទំហំដី១ហិកតាត្រូវបានសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាងបង្កើតឡើងមកដើម្បីបម្រើលើវិស័យទេសចរណ៍ និងក៏ដូចជាឱ្យពលរដ្ឋបានសិក្សាស្វែងយល់ពីវិធីសាស្រ្តក្នុងការចិញ្ចឹមក្តាមបែបធម្មជាតិ។

         លោក ឡន រិទ្ធ ប្រធានសហគមន៍ការពារធម្មជាតិបឹងកាឆាង បានឲ្យដឹងថាការបង្កើតស្រែក្តាមនេះដោយសារតែពលរដ្ឋមួយភាគធំបានប្រកាន់ខ្ជាប់នូវមុខរបរនេសាទ ម្ល៉ោះហើយនៅពេលពួកគាត់នេសាទបានកូនក្តាមនឹងយកមកពន្លែងនៅស្រែធម្មជាតិនេះសម្រាប់ទុកចិញ្ចឹមឱ្យធំដើម្បីលក់។ក្រៅពីនេះស្រែក្តាមក៏បានជួយដល់ស្រ្តីមេម៉ាយក្រីក្របានចូលរួមចិញ្ចឹមសម្រាប់រកថវិការគ្រាន់ដោះស្រាយជីវភាពដែរ។

        ពាក់ព័ន្ធក្នុងរឿងនេះ លោកប្រធានសហគមន៍ការពារធម្មជាតិបឹងកាឆាង បានលើកឡើងផងថា ៖ការបង្កើតស្រែក្តាមមិនត្រឹមតែសម្រាប់ជាទីកន្លែងចិញ្ចឹមសម្រាប់លក់រកថវិកាទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់ទុកឱ្យភ្ញៀវទេសចរចូលមកកម្សាន្តបានទស្សនា និងស្វែងយល់ពីការរស់នៅលក្ខណៈធម្មជាតិរបស់ក្តាមថ្មដែរ។ក្រៅពីនេះអ្នកទេសចរអាចទិញក្តាមពីកន្លែងនេះទៅបរិភោគ ហើយបានយល់ដឹងពីរស់ជាតិរបស់វា។សម្រាប់តម្លៃក្តាមប្រភេទល្អៗមួយគីឡូក្រាមតម្លៃ៤០០០០-៥០០០០រៀល។

         លោកប្រធានសហគមន៍បានបន្តឱ្យដឹងថា “ការចិញ្ចឹមក្តាមថ្មធម្មជាតិនេះយើងចាប់លើកទី ១កាលពីថ្មីៗមកនេះបានសរុប៣៨០គីឡូក្រាម ហើយលក់បានថវិការសរុបជាង១២លានរៀល។សម្រាប់ប្រជាសហគមន៍ដែលបានចូលរួមជាសមាជិកក្តាមនេះមានតែ១០គ្រួសារប៉ុណ្ណោះក្នុងចំណោម១៤៩គ្រួសារនេះ”។

         លោក ឡន រិទ្ធ បានឲ្យដឹងបន្ថែមថាគម្រោងរបៀងអភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គ បានផ្តល់ថវិកា សម្រាប់ធ្វើស្រែក្តាមនេះ ក្នុងដែនសហគមន៍ ដើម្បីបម្រើលើវិស័យទេសចរណ៍ និងក៏ដូចជាផ្តល់បទសោធន៍ដល់ប្រជាសហគមន៍ដែលចង់ចិញ្ចឹមក្តាមថ្មសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

        លោកថាសហគមន៍ចង់បង្កើតកន្លែងអង្គុយកម្សាន្តជាមួយព្រៃកោងកាង នៅកន្លែងស្រែក្តាមនេះដើម្បីឱ្យអ្នកទេសបានអង្គុយកម្សាន្តនៅពេលខាងមុខ តែពុំទាន់មានថវិកានៅឡើយទេ។     

         គួរបញ្ជាក់ថាមុខរបរចិញ្ចឹមក្តាមថ្មដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេសកម្ពុជាមានចំនួនតិចតួចនៅឡើយ។ជាមួយគ្នាទីផ្សារក្តាមថ្មនៅកម្ពុជាយើងសព្វថ្ងៃនៅទូលំទូលាយគឺដោយសារមិនសូវមានអ្នកចេះចិញ្ចឹម។

       សូមរំលឹកដែរថា ការចិញ្ចឹមក្តាមថ្មគេអាចផ្តល់ចំណីពពួកខ្ចៅខ្យង ត្រី កាកសំណល់ផ្ទះបាយ។ ក្នុងមួយថ្ងៃ ត្រូវដាក់ចំណី ២ដង ហើយត្រូវដាក់ ៥ ភាគរយនៃទម្ងន់ក្ដាមសរុប។ ក្រោយពេលដាក់ចិញ្ចឹម ប្រមាណពី ៣ ទៅ ៨ ខែ ឬនៅពេលដែលក្តាមឡើងដល់ទំហំធំបន្តិច ទម្ងន់ចាប់ពី ៤០០ ក្រាមទៅ ៥០០ ក្រាម គឺអាចប្រមូលផលបានហើយ។ ក្តាមថ្មអាចយកទៅធ្វើម្ហូបបានច្រើនមុខ តាមតែអ្នកចង់បរិភោគ។

សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិបឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។សហគមន៍មួយនេះមានប្រជាពលរដ្ឋរស់នៅចំនួន១៤៩គ្រួសារ ហើយភាគច្រើនបានពឹងផ្អែកទៅលើការចិញ្ចឹមត្រី និងនេសាទ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner