ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ប្រទានបច្ច័យចំនួន ៣,៥០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃ ទី២១ ខែតុលា ឆ្នំា២០២១ បានជួបសំណេះសំណាល និងទទួលបច្ច័យចំនួន ៣,៥០០ដុល្លារអាមេរិក ពីព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព សាស្រ្តាចារ្យ នៃសកលវិទ្យាល័យបញ្ញាសាស្រ្ត គង់នៅវត្តគល់ទទឹង ដើម្បីចូលរួមសាងសង់ផ្ទះមួយខ្នងជូនអតីតយុទ្ឋជនកម្ពុជា។ ដែលពិធីនេះបានប្រារព្ឋធ្វើឡើង នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅថ្វាយចំពោះ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលព្រះអង្គបានព្រះទានបច្ច័យ ដល់កាកបាទក្រហមកម្ពុជា ដើម្បីយកទៅសាងសង់ផ្ទះជូនអតីតយុទ្ឋជន។ លោកជំទាវ សូមបួងទៅដល់ព្រះសង្ឃគ្រប់អង្គទាំង មានសុខភាពល្អ ចៀសឆ្ងាយពីជម្ងឺទាំងឡាយទាំងពួង ជាពិសេសនៅក្នុងឱកាសបុណ្យកឋិនទានខាងមុខនេះ ដោយមានការអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ ព្រះអង្គបានប្រទានធម៌ទេសនាជូន ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា អំពីធម៌អប់រំចិត្ត ធ្វើបុណ្យប្រកបដោយបញ្ញា និងបានបសង្ឃដិការអំពីការធ្វើសមាធិតាមផ្លូវដង្ហើម ហើយការធ្វើធម៌ទេសនានេះ មានការចូលរួមដោយផ្ទាល់ចំនួន ២៦នាក់ និងតាមប្រព័ន្ធហ្សូមផងចំនួន ៤១នាក់ ផងដែរ។

បន្ទាប់ពីបញ្ចប់ធម៌ទេសនា ព្រះអង្គ បានមានសង្ឃដិការថា បច្ច័យបន្តិចបន្តួចនេះ គឺជាទឹកព្រះទយរបស់ព្រះអង្គ ដែលស្រឡាញ់គាំទ្រនូវរាល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការសាងសងផ្ទះជូនអតីតយុទ្ធជនកម្ពុជា ដែលពួកគាត់បានខិតខំ ប្រឹងប្រែងការពារទឹកដី។ ហើយព្រះអង្គបានកោតសសើរ នូវការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើឱ្យកាកបាទក្រហមកម្ពុជាមានការទទួលស្គាល់ទាំងថ្នាក់ជាតិនិងនៅលើឆាកអន្តរជាតិ។
ទន្ទឹមនឹងនោះដែរ ព្រះអង្គបានប្រទាននូវសៀវភៅអាហារផ្លូវចិត្ត ចំនួន៥០០ក្បាលទៀត ដល់កាកបាទក្រហមកម្ពុជាផងដែរ៕ ដោយ / គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner