សាលាបឋមសិក្សាក្រវ៉ាន់ ខេត្តសៀមរាប ជាប់ជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំង​ សាលាមេត្រីបរិស្ថាន ថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១

សៀមរាប ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញប្រគល់ប័ណ្ណជ័យលាភីសាលាមេត្រីបរិស្ថានមេដាយប្រាក់ជូនដល់សាលាបឋមសិក្សាក្រវ៉ាន់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលទទួលបានជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានបង្ហាញថា យើងបានអនុលោមទៅតាមក្របខណ្ឌការងារអាស៊ានស្តីពីសាលាមេត្រីបរិស្ថាន ដូច្នេះក្រសួងបរិស្ថានយើងបានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាបានរៀបចំឱ្យមានការណែនាំដោយផ្តោតលើលក្ខណៈវិនិច្ឆ័យ មួយចំនួនរួមមាន (១) មានគោលការណ៍ និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន (២) មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថាន (៣) មានសម្ភារ:បរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិបរិស្ថាន (៤) មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍ និងមានសូចនាករវាស់វែងចំនួន១៨។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៏ថា ការគ្រប់គ្រងអនាម័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ជាពិសេសការរៀបចំឲ្យសាលរៀន និងភូមិដ្ឋានស្អាតនៅតាមសហគមន៍ដែលបង្ហាញពីស្មារតីចេះទទួលខុសត្រូវចំពោះការស្រឡាញ់បរិស្ថាន និងប្រតិបត្តិមេត្រីភាពបរិស្ថាននោះ វាល្អប្រសើរទៅថ្ងៃអនាគតរបស់កូនចៅយើងគ្រប់ៗគ្នា។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការប្រកួតប្រជែងសាលាមេត្រីបរិស្ថាន ដែលផ្តល់ចំណេះដឹងបរិស្ថានបន្ថែមទៀត ដល់សាធារណជនក្នុងការគ្រប់គ្រងអនាម័យបរិស្ថាន និងធនធានធម្មជាតិនៅតាមសហគមន៍កាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រសួងបរិស្ថាន រួមជាមួយក្រសួងនានា ស្ថាប័នពាក់ព័ន្ធទាំងអស់ បានខិតខំជំរុញឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ ឯកឧត្តម បានលើកទឹកចិត្តឲ្យគណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសហគមន៍ បន្តចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថននេះ ឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីឲ្យជីវិតរស់នៅរបស់យើងស្រស់បំព្រងផងដែរ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner