សាកលវិទ្យាល័យ លីមកុកវីង ប្រារព្ធ “ទិវាស្ថាបនិកអន្តរជាតិ ឬ INTERNATIONAL FOUNDER’S DAY

ភ្នំពេញ ៖ សាកលវិទ្យាល័យ លីមកុកវីង យូនីវឺស៊ីធី អហ្វ គ្រេអេតទីវ តិចណូឡូជី នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានប្រារព្ធ “ទិវាស្ថាបនិកអន្តរជាតិ ឬ INTERNATIONAL FOUNDER’S DAY” ។ ថ្នាក់ដឹកនាំ បុគ្គលិក និងសាស្រ្តាចារ្យគ្រប់សាខានៃសាកលវិទ្យាល័យ លីមកុកវីង ទាំងអស់ ដែលមានទីតាំងនៅទ្វីបអាស៊ី អាហ្រ្វិក និងអឺរ៉ុប បានប្រារព្ធរំឭកវិញ្ញាណក្ខន្ធរបស់ប្រធានក្រុមប្រឹក្សាភិបាលនិងស្ថាបនិកនៃសាកលវិទ្យាល័យ លីមកុកវីង គឺ TAN SRI DATO’ SRI PADUKA DR. LIM KOK WING ដែលបានទទួលមរណភាពកាលប៉ុន្មានខែកន្លងមកនេះ ។

ស្ថាបនិក តាន់ស្រ៊ី លីមកុកវីង (TAN SRI LIM KOK WING) ជាមេដឹកនាំប្រកបដោយចក្ខុវិស័យដ៏មុតស្រួចវែងឆ្ងាយ ដែលជឿជាក់យ៉ាងមុតមាំថា យុវជនត្រូវតែទទួលបានចំណេះដឹងនិងភាពច្នៃប្រឌិត ហើយយុវជនត្រូវតែចូលរួមចំណែកកសាងសង្គមជាតិក្នុងពេលអនាគត ។ ក្នុងឱកាសប្រារព្ធ “ទិវាស្ថាបនិកអន្តរជាតិ ឬ INTERNATIONAL FOUNDER’S DAY” នេះដែរ សាកលវិទ្យាល័យ លីមកុកវីង សូមប្រកាសអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% ចំនួន ៥០ កន្លែង ផ្តល់ជូនក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងស្ថាប័នអង្គការសប្បុរសធម៌ជាច្រើនទៀត ។

សម្រាប់អាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% ចំនួន ៥០ កន្លែងនេះ មាន០៣ប្រភេទនឹងត្រូវផ្តល់ជូនដល់ក្រសួង ស្ថាប័ន និងអង្គការ ដោយផ្អែកលើ៖ (១) អាហារូបករណ៍សម្រាប់សិស្សក្រីក្រ (២) អាហារូបករណ៍សម្រាប់សិស្សកំព្រា និង (៣) អាហារូបករណ៍សម្រាប់សិស្សដែលមានឪពុកម្តាយជាគ្រូពេទ្យស្មគ្រចិត្តក្នុងការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដោយមេរោគកូរ៉ូណា (កូវីដ១៩) ។

លើលពីនេះទៅទៀត ស្ថាបនិក តាន់ស្រ៊ី លីមកុកវីង (TAN SRI LIM KOK WING) តែងយកចិត្តទុកដាក់និងផ្តល់គុណតម្លៃខ្ពស់លើបញ្ហាការពារបរិស្ថាន ដើម្បីជាទ្រព្យសម្រាប់មនុស្សជំនាន់ក្រោយ ។ ដូច្នេះ ក្នុងឱកាសនេះ សាកលវិទ្យាល័យ លីមកុកវីង នឹងរៀបចំការដាំកូនឈើចំនួន ១០០០ដើម នៅភ្នំឱរ៉ាល់ ជាមួយសកម្មជនការពារបរិស្ថានបៃតងដ៏ល្បីឈ្មោះ នៅកម្ពុជា ។

“ទិវាស្ថាបនិកអន្តរជាតិ ឬ INTERNATIONAL FOUNDER’S DAY” នេះ ជាឱកាសដ៏វិសេសវិសាលមួយ ដែលត្រូវប្រារព្ធឡើងដើម្បីរំឭកដល់កិត្តិនាមនៃសប្បុរសធម៌របស់ ស្ថាបនិក តាន់ស្រ៊ី លីមកុកវីង (TAN SRI LIM KOK WING) និងក្តីស្រឡាញ់ពេញចិត្តរបស់រូបលោកចំពោះប្រទេសកម្ពុជា ។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner