មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន និងក្រសួងបរិស្ថាន ចុះពិនិត្យការងារសម្របសម្រួលដើម្បីពង្រីកទំហំដីស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្រុងបូកគោខេត្តកំពត

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមសហការជាមួយក្រសួងបរិស្ថាន ដឹកនាំ ដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន មន្ត្រីសាលាខេត្តកំពត និងមន្ទីរព័ត៌មានខេត្តកំពត ដើម្បីចុះទៅពិនិត្យទីតាំងពង្រឹកទំហំដីស្ថានីយវិទ្យុ និងទូរទស្សន៍ក្រុងបូកគោ ខេត្តកំពត ។

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ក្រសួងបរិស្ថាន មន្ត្រីសាលាខេត្តកំពត និងក្រុមការងារទាំងអស់ដែលបានអញ្ជើញចូលរួម ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ក្រសួងព័ត៌មានបានកំពុងសិក្សារៀបចំសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដើម្បីពង្រីក ប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងដែនកោះនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពទំនើបកម្មថែមទៀត ។

ទន្ទឹមនឹងនេះ បន្ទាប់ពីក្រុមវិស្វករជំនាញ បានធ្វើការសិក្សាទៅលើ ទីតាំងដីដែលជាកម្មសិទ្ធិ របស់មន្ទីរព័ត៌មានខេត្តកំពត ស្ថិតនៅក្រុងបូកគោនោះ គឺត្រូវការពង្រីកបន្ថែមទៀត ដើម្បីសមស្របទៅនឹង បទដ្ឋានស្តង់ដារបច្ចេកទេស ។ ដូចនេះហើយ ទើបក្រសួងព័ត៌មាន បានស្នើសុំ កិច្ចសហការពីក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងសិក្សាលទ្ធភាពក្នុងការពង្រីកទំហំដីស្ថានីយវិទ្យុ និងទូរទស្សន៍ ក្រុងបូកគោ ខេត្តកំពត ហើយជាការឆ្លើយតប ក្រសួងបរិស្ថាន បានចាត់បញ្ជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងក្រុមការងារនៃក្រសួងបរិស្ថាន ដើម្បីចូលរួមចុះពិនិត្យទីតាំងនាពេលនេះ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានប្រសាសន៍ថា តាមសំណើរបស់ ក្រសួងព័ត៌មាន អំពីការពង្រីកទំហំដីស្ថានីយវិទ្យុ និងទូរទស្សន៍ក្រុងបូកគោ ខេត្តកំពត ក្រុមការងារនៃក្រសួង បរិស្ថានបានចុះមកសិក្សា និងពិនិត្យទីតាំង ហើយជាក់ស្តែងឃើញថាមិនមានការប៉ះពាល់អ្វីនោះទេ ជាគោលការណ៍រួម ក្រសួងបរិស្ថានពិនិត្យមើលជាបច្ចេកទេសមិនមានជាបញ្ហានោះទេ ដែលអាចពង្រីកទីតាំង តាមការស្នើសុំ របស់ក្រសួងព័ត៌មានបាន ប៉ុន្តែអ្វីដែលយើងនឹងធ្វើការពិនិត្យ គឺនិយាមការដែលត្រូវរៀបចំ ហើយចំណុចមួយទៀតការពង្រីកនេះយើងនឹងពិនិត្យជាមួយមន្ត្រីបច្ចេកទេសដើម្បីកុំឱ្យជាន់ជាមួយដីរបស់ក្រុមហ៊ុន សុខា ដែល ទទួលបានសិទ្ធិវិនិយោគស្របច្បាប់ ។

មន្ត្រីសាលាខេត្តកំពត បានសម្តែងក្តីរីករាយចំពោះការចុះមកពិនិត្យ និងសិក្សាទីតាំងពង្រីកទំហំ ដីស្ថានីយវិទ្យុ និងទូរទស្សន៍ក្រុងបូកគោ ខេត្តកំពត របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងបរិស្ថាន ដែល នឹងបម្រើដល់ប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ឱ្យកាន់តែមានភាពសម្បូរបែបបន្ថែមទៀត។ តាមរយៈការចុះមកសិក្សាទីតាំងនៅពេលនេះ នាងខ្ញុំ និងរាយការណ៍ជូន ឯកឧត្តម អភិបាលនៃគណៈ ខេត្តកំពត ដើម្បីបានជ្រាបអំពីគោលបំណង និងលទ្ធផលនៃកិច្ចការ ។

ជាកិច្ចបញ្ចប់ ឯកឧត្តម សុខ ប្រសិទ្ធិ និង ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងវាយតម្លៃ ខ្ពស់ចំពោះលទ្ធផលនៃការចុះពិនិត្យ និងសិក្សាទីតាំងពង្រីកទំហំ ដីស្ថានីយវិទ្យុ និងទូរទស្សន៍ក្រុងបូកគោ ខេត្តកំពត របស់ក្រុមការងារនៃក្រសួងទាំងពីរ ហើយនឹងរៀបចំជារបាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រី ទាំងពីរ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner