រាជរដ្ឋាភិបាលព្យាករណ៍ថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញក្នុងល្បឿនយឺតនៅឆ្នាំ២០២២

ភ្នំពេញ៖ យោងតាមការព្យាករណ៍របស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នឹងបន្តងើបឡើងវិញក្នុងល្បឿនយឺតនៅឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានឱ្យដឹងថា អនុវិស័យ សំណង់ត្រូវបានរំពឹងថា នឹងបន្តងើបក្នុងល្បឿនយឺត ដោយសារការរំពឹងទុកការងើបឡើងវិញសន្សឹមៗនូវទំនុកចិត្តវិនិយោគ និងរំហូរទុនវិនិយោគ ជាពិសេសសកម្មភាពសំណង់បម្រើឱ្យវិស័យទេសចរណ៍ និង ពាណិជ្ជកម្ម។ ចំណែកសកម្មភាពសំណង់លំនៅឋាន ក៏ត្រូវបានរំពឹងថា នៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប។ អនុវិស័យអចលនទ្រព្យមាននិន្នាការដូចគ្នា ទៅនឹងវិស័យសំណង់ ដែលត្រូវបានរំពឹងថា បន្តកំណើនទាប ដោយសារការរំពឹងទុកនៃការងើបឡើងជាបណ្តើរៗ នូវទំនុកចិត្តវិនិយោគ និងរំហូរវិនិយោគទុនពីបរទេស។ ទន្ទឹមនេះ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញក៏ដោយ តែនឹងមិនធ្វើឱ្យវិស័យសំណង់ និងអចលនទ្រព្យមានសន្ទុះកើនខ្លាំងនៅឆ្នាំក្រោយ ដូចវិស័យផ្សេងទៀតនោះទេ ដោយសារត្រូវពឹងផ្អែកទៅស្ថានភាពនៅលើសាកលលោកដែរ។ អ្នកឧកញ៉ាពន្យល់បន្ថែមថា វិស័យអចលនទ្រព្យ បើវាចង់ឡើងក៏មិនអាចស្ទុះងើបលឿនដែរ វាឡើងសន្សឹមៗ អីចឹងសម្រាប់សេដ្ឋកិច្ចជារួម បើយើងបើកទៅទេសចរណ៍ច្រើន វិស័យឧស្សាហកម្មដំណើរការល្អ កសិកម្មដំណើរការល្អ វាជាចំណែកមួយ ដែលធ្វើឱ្យសេដ្ឋកិច្ចយើងឡើង ហើយអាចនឹងឡើងគួរសមដែរ បើសិនជាវិស័យអចលនទ្រព្យ វាមិនអាចឡើងលឿនទេ វាឡើងសន្សឹមៗទៅតាមគ្នា។

យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតឱ្យសាងសង់សរុបមានចំនួន២.៩០១គម្រោង ដែលមានតម្លៃគម្រោងសរុបចំនួន៣.៨៤៣លានដុលា្លរ បានធ្លាក់ចុះ២៤.៤% ក្នុងនោះប្រភេទសំណង់លំនៅដ្ឋានមាន២.៥៣០គម្រោង ដែលស្មើនឹង៨៧.២%នៃ សំណើសុំសាងសង់សរុបបានធ្លាក់ចុះ ៤៤៩គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner