សមិទ្ធផលស្នាក់ការបក្សប្រជាជនកម្ពុជា មួយខ្នង ដែលទើបបញ្ចប់ការសាងសង់ ក្នុងតម្លៃទឹកប្រាក់ជិត ១០០លានរៀល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ខេត្តព្រះវិហារ ៖ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា មួយខ្នងបន្ថែមទៀត ដែលទើបបញ្ចប់ការសាងសង់ក្នុងតម្លៃទឹកប្រាក់ជិត ១០០លានរៀល ដើម្បីបម្រើដល់វិស័យនយោបាយបក្សប្រជាជន ស្ថិតនៅក្នុងឃុំចំរើន ស្រុកសង្គមថ្មី នាថ្ងៃទី២៥ តុលាឆ្នាំ២០២១ ។

អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមការងារខេត្ត ចុះជួយស្រុកសង្គមថ្មី ឯកឧត្តម សំ លាងទ្រី ក៏បានអញ្ជើញចូលរួមផងដែរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា មានប្រសាសន៍ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីមួយ ដែលស្ថិតនៅក្នុងឃុំចំរើន ស្រុកសង្គមថ្មី និងបានថ្លែងកោតសរសើរ និងអរគុណ ដល់ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសង្គមថ្មី និងក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី ក៏ដូចជាក្រុមការងារគណបក្សស្រុក ឃុំ នៅក្នុងមូលដ្ឋាន ដែលបានរួមសហការគ្នា សាងសង់អគារស្នាក់ការគណបក្សនេះឡើង សម្រាប់បម្រើផលប្រយោជន៍រួមរបស់គណបក្ស និងប្រជាពលរដ្ឋ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង អំពាវនាវជួយថែរក្សាសមិទ្ធិផល អគារស្នាក់ការបក្ស ក៏ដូចជាសមិទ្ធិផលនានាជាច្រើនទៀត ដែលកំពុងរីកដុះដាលនៅក្នុងស្រុកសង្គមថ្មីនេះ ឲ្យបានគង់វង្ស និងទុកជាប្រយោជន៍បានយូរអង្វែង ។

ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី ឯកឧត្តម សំ លាងទ្រី បានថ្លែងថា អគារទីស្នាក់ការគណបក្សឃុំចំរើន ស្រុកសង្គមថ្មីនេះ មានទំហំ ៩ម៉ែត្រ គុណ ១០.៥ម៉ែត្រ ស្មើនឹង ៩៤.៥ម៉ែត្រការ៉េ មានកម្ពស់ ៦.១ម៉ែត្រ សង់លើផ្ទៃដីទំហំ ២៥ម៉ែត្រ គុណ ៦០ម៉ែត្រ សាងសង់អំពីថ្ម ប្រក់ក្បឿង ក្រាលការ៉ូ និងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុប ៩៩លាន ៣ម៉ឺន ១០០០រៀល (កៅសិបប្រាំបួនលាន បីម៉ឺន មួយពាន់រៀល)។
ឯកឧត្តម សំ លាងទ្រី បានថ្លែងបញ្ជាក់ថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្គមថ្មី បន្តប្រកាន់យកនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្លួន ដើម្បីអភិវឌ្ឍន៍ភូមិ ឃុំ នៅក្នុងមូលដ្ឋាន កាន់តែសម្រេចបាន នូវសមិទ្ធិផលនានាជាច្រើនទៀត សម្រាប់គណបក្សប្រជាជន និងប្រជាជន ស្រុកសង្គមថ្មី យើងនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner