ប្រជាពលរដ្ឋអ្នកធ្វើដំណើរ សំណូមពរដល់អាជ្ញាធរស្រុកកំពង់ត្រាច រៀបចំសណ្ដាប់ធ្នាប់លក់ដូរលើផ្លូវសាធារណៈខាងលិចផ្សារកំពង់ត្រាច ដែលមានការកកស្ទះចរាចរណ៍រាល់ព្រឹក

កំពត ៖ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរចេញចូលនៅក្នុង ផ្សារកំពង់ត្រាច បានឲ្យដឹងថា ជារៀងរាល់ព្រឹក នៅលើផ្លូវចូលផ្សារកំពង់ត្រាច ស្ថិត នៅក្នុងភូមិ កំពង់ត្រាច ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច មានការកកស្ទះ ពិបាកធ្វើដំណើរ ជារៀងរាល់ព្រឹក ដោយសារតែប្រជាពលរដ្ឋ បានដាក់ទំនិញ លក់ដូរនៅលើផ្លូវ ។

មិនតែប៉ុណ្ណោះ អ្នកយកភាស៊ីផ្សារ ក៏បានយកទ្រូងផ្លូវ ធ្វើជាកន្លែងផ្ញើម៉ូតូ យកលុយថែមទៀត ដែលធ្វើឲ្យទ្រូងផ្លូវ កាន់តែរួមតូច និងបង្កឲ្យមានការស្ទះចរាចរណ៍ប្រសិនបើអាជ្ញាធរ ស្រុកមិនយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់ ឱ្យអ្នកលក់ដូរនោះទេ ។

ទាក់ទងនិងសំណូមពរប្រជាពលរដ្ឋ អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានទេ ដោយសារតែឯកឧត្តម ជាប់រវល់ប្រជុំ ។ ចំណែក លោក អូន ខន អភិបាល ស្រុកកំពង់ត្រាច បានប្រាប់អ្នកយកព័ត៌មានថា ចំពោះបញ្ហានេះ អាជ្ញាធរស្រុកនឹងធ្វើការណែនាំ ដល់អ្នកយកភាស៊ីផ្សារ និងប្រជាពលរដ្ឋ ដែលកំពុងលក់ដូរ នៅលើទ្រូងផ្លូវនេះបន្ថែមទៀត ដើម្បីឲ្យពួកគាត់ វិលទៅលក់ដូរ នៅលើផ្លូវបេតុង ដែលអាជ្ញាធរស្រុក បានកំណត់ឱ្យនិងដើម្បី បញ្ចៀសនូវ គ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមាន ដោយសារតែការលក់ដូរ អនាធិបតេយ្យបែបនេះ ។

ប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រាច សង្ឃឹមថា ឯកឧត្តម អភិបាល ខេត្តកំពត ដែលមហាជន ដាក់នាមឲ្យថា ប៉ាវចិនស្រុកខ្មែរ សូមឲ្យឯកឧត្តម អភិបាលខេត្ត មេត្តាជួយរកដំណោះស្រាយ ផ្លូវចូលផ្សារ កំពង់ត្រាចពីខាងលិច ដែលប្រធានភាស៊ី និងប្រធានផ្សារ បានឲ្យអាជីវករលក់ដូរ តាមដងផ្លូវរកតែផ្លូវដើរក៏មិនកើតដែរ ហើយថែមទាំង ឱ្យអ្នកលក់សាច់ជ្រូកនៅចំពាក់កណ្ដាលផ្លូវទៀតផង។

សូមបញ្ជាក់ផងដែរថា តាមសំណូមពររបស់ ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាល ស្រុកកំពង់ត្រាច បានចុះសំណេះសំណាល ជាមួយអាជីវករ លក់ដូរ ក្នុងផ្សារកំពង់ត្រាច ដោយពិនិត្យ លើបញ្ហាសណ្តាប់ធ្នាប់ និងបញ្ហាអនាម័យ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner