ខណ្ឌពោធិ៍សែនជ័យបានដាក់ចេញវិធានការពង្រឹងបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសឆក់ទន្ទឹមដែលបទល្មើសឆក់ជាបញ្ហប្រឈមកើតឡើងច្រើន

ភ្នំពេញ៖ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ប្រចាំខែតុលាលើកទិសដៅការងារបន្តប្រចាំខែវិច្ឆិកា ដោយបានដាក់ចេញនូវផែនការពង្រឹងអនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសឆក់ឱ្យមានប្រសិទ្ធភាពដើម្បីការពារទ្រព្យសម្បត្តិនិងអាយុជីវិតប្រជាពលរដ្ឋទន្ទឹមដែលបទល្មើសឆក់ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំមានបញ្ហាប្រឈមកើតឡើងច្រើនដែលប្រព្រឹត្តដោយមុខសញ្ញាក្មេងទំនើងដើរលេងមិនចូលផ្ទះ។ខណ្ឌពោធិ៍សែនជ័យ របាយការណ៍បានបង្ហាញឱ្យដឹងថា បទល្មើសឆក់កើតឡើងនៅក្នុងរយៈពេល០១ខែកន្លងទៅនេះគឺ កើតឡើង០៣ករណីក្នុងនោះកម្លាំងនគរបាលបង្ការទប់ស្កាត់បង្រ្កាបចាប់ខ្លួនជនសង្ស័យ០៤នាក់យកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ។ខណ្ឌពោធិ៍សែនជ័យនេះផងដែរត្រូវគេមើលឃើញថាក្នុងរយៈពេល០១ខែចុងក្រោយនេះផងទៀត លទ្ធផលនៃកត្តាពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានបាននាំឱ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ១០លើក ក្នុងនោះបទល្មើសឧក្រិដ្ឋនិងបទល្មើសមជ្ឈឹមកើតឡើងចំនួន០៩លើកបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ១៨នាក់ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីខែមុនគឺបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន១៩លើក។
កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស និងលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ដែលទទួលដឹកនាំបញ្ជាពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ៏យ ដែលជាតំណាង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។កិច្ចប្រជុំក៏មានការចូលរួមពីលោកនាយការិយាល័យជំនាញចំណុះផែនការងារធនធានមនុស្ស លោកអធិការ លោកអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧សង្កាត់ នៃខណ្ឌពោធិ៍សែនជ័យ។
លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើងថា នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ បញ្ហាប្រឈមបទល្មើសព្រហ្មទណ្ឌកើតឡើងញឹកញាប់គឺបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។បទល្មើសឆក់នេះត្រូវបានកម្លាំងជំនាញស្រាវជ្រាវកំណត់បានមុខសញ្ញាជាបន្តបន្ទាប់ក្នុងនោះក៏ធ្លាប់បង្រ្កាបបានជនល្មើស០១ក្រុមមានគ្នាប្រមាណ០៦ទៅ០៧នាក់ដែលភាគច្រើនជាក្មេងទំនើងបានប្រមូលផ្តុំគ្នាជួលផ្ទះស្នាក់នៅហើយចេញធ្វើសកម្មភាព។ទន្ទឹមនោះក្នុងការឆ្លើយតបដោះស្រាយលើការងារបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យក៏បានដាក់ចេញនូវផែនការបង្ការទប់ស្កាត់បទល្មើសដោយប្រើប្រាស់វិធានការល្បាតត្រួតពិនិត្យ និងដាក់ពង្រាយកម្លាំងការពារគោលដៅដែលងាយនិងកើតឡើងបទល្មើស និងការអនុវត្តវិធានការស្រាជ្រាវគ្រប់គ្រងមុខសញ្ញាសមាសភាពមិនល្អនៅតាមមូលដ្ឋានជាមួយការចុះអនុវត្តវិធានការរដ្ឋបាលទៅលើទីតាំងដែលមានការស្នាក់នៅលើមុខសង្ស័យផងដែរ។
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ក៏បានលើកឡើងក្នុងនាមឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយបានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យអនុវត្តតាមបទបញ្ជារឺក៏ទិសដៅការងាររបស់ថ្នាក់លើដែលបានប្រគល់ជូន គឺឃើញថាអនុវត្តបានល្អជាពិសេសនាំឱ្យបទល្មើសមានការថយចុះ។នេះជាសកម្មភាពនិងលទ្ធផលដែលបានបង្ហាញពីការសហការគ្នាបានល្អហើយឈានដល់ការដោះស្រាយសម្រេចបានបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាននៃខណ្ឌពោធិ៍សែនជ័យ។

លោកឧត្តមសេនីយ៍ស្នងការរង ក៏បានលើកឡើងនិងបាននាំយកទិសដៅការងារមួយចំនួនរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅអនុវត្តការងារការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះការងារព្រហ្មទណ្ឌនិងគ្រឿងញៀនត្រូវពង្រឹងការអនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសដូចជាការកសាងផែនការឱ្យបានច្បាស់លាស់ពីបញ្ហាបទល្មើស ការងារដាក់វេនចេញល្បាតត្រួតពិនិត្យនៅតាមគោលដៅនានាជាប្រចាំ ការឈរការពារគោលដៅដែលងាយកើតឡើងបទល្មើស ការគ្រប់គ្រងមុខសញ្ញាសេសសល់ និងចេញពីពន្ធនាគារ ការគ្រប់គ្រងក្មេងទំនើង និងក្តាប់មុខសញ្ញាដើម្បីបង្រ្កាប។ពង្រឹងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស មិនត្រូវយកឯកសាររបស់ប្រជាពលរដ្ឋមកទុកចោលនោះទេ ការរងចាំដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋដោយបើកទ្វារប៉ុស្តិ៍នគរបាលរដ្ឋបាល២៤ម៉ោងលើ២៤ម៉ោង នៅពេលប្រជាពលរដ្ឋមកប្តឹងឱ្យជួយអន្តរាគមន៍លើបញ្ហាអ្វីមួយ ពង្រឹងការងារគ្រប់គ្រងកម្លាំងឱ្យបានល្អ ពង្រឹងការងារប្រជុំឱ្យបានទៀងទាត់ដើម្បីត្រួតពិនិត្យសកម្មភាពការងារហើយរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកើតឡើង។ក៏បានណែនាំដល់កម្លាំងនគរបាលគ្រប់ផ្នែកជំនាញត្រូវលើកម្ពស់អនុវត្តវិន័យនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួនដើម្បីលើកគុណតម្លៃនិងសេចក្តីថ្នៃថ្នូររបស់នគរបាលជាតិ មិនត្រូវធ្វើអ្វីខុសច្បាប់និងល្មើសវិន័យនគរបាលជាតិនោះឡើយជាពិសេស ត្រូវមានអាកប្បកិរិយាសុភាពទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ដោយមិនត្រូវប្រើពាក្យអសុរោះណាមួយទៅកាន់ប្រជាពលរដ្ឋនោះឡើយ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner