ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្វែងយល់ពីស្ថានភាពបណ្តាញផ្លូវកៅស៊ូក្នុងទីប្រជុំជនក្រុង ដែលរងការខូចខាត និងចុះពិនិត្យសោភ័ណភាពសណ្តាប់ធ្នាប់នៅផ្សារបឹងឈូក និងតាមដងស្ទឹងសង្កែ

   នៅល្ងាចថ្ងៃទី២៥ខែតុលាឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារដែលមានវត្តមានឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងបាត់ដំបង និង លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដើម្បីចុះត្រួតពិនិត្យមើលនិងចង់ស្វែងយល់បន្ថែមពីស្ថានភាពនៃប្រព័ន្ធគមនាគមន៍មួយចំនួននៅក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង ដែលកំពុងទទួលរងនូវការខូចខាតក្នុងរដូវវស្សាកន្លងមកនិងមួយអន្លើទៀតខូចខាតដោយសារតែការដឹកជញ្ជូនលើសទម្ងន់របស់រថយន្តធំៗមួយចំនួន បានបណ្តាលឲ្យផ្លូវទាំងនោះ រងនូវការខូចខាតជាបន្តបន្ទាប់នៅក្នុងរដូវវស្សា កន្លងមកនេះ។

        បើតាមការគូសបញ្ជាក់ឲ្យដឹងពីលោក ព្រួញ​ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា៖ ផ្លូវដែលឯកឧត្តមអភិបាលខេត្តបាត់ដំនង ចុះទៅពិនិត្យមើលនៅថ្ងៃនេះ គឺដើម្បីចង់ស្វែងយល់បន្ថែមពីស្ថានភាពផ្លូវដែលកំពុងតែខូចខាតទាំងនោះដើម្បីពិចារណាក្នុងការគិតគូរជាមួយស្ថាប័ន និងអង្គភាព មន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្ត ដើម្បីធ្វើការជួសជុល និង កែលម្អផ្លូវទាំងនេះឡើងវិញ នៅពេលខាងមុខនិងទៅតាមលទ្ធភាពដែលរដ្ឋបាលខេត្តនិងមន្ទីរជំនាញផ្ទាល់។

       លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ផ្លូវដែលបានចុះទៅពិនិត្យមើលនេះគឺជាផ្លូវខេត្តក្នុងក្រុងរួមមាន៖១/-ផ្លូវក្រាលកៅស៊ូDBST(R-139)ជាផ្លូវអតីតមុខផ្ទះឯកឧត្តម ច័ន្ទ សុផល អតីតអភិបាលខេត្តបាត់ដំបង ដែលមានទទឹង ៦ម៉ែត្រ និងប្រវែង ១.១៥០ម៉ែត្រ។ ២/- ជាផ្លូវក្រាលកៅស៊ូ DBST. (R-526)មុខទីស្នាក់ការ (ស.ស.យ.ក) ដែលមានប្រវែង១.១៥០ម៉ែត្រ និងទទឺង៨ម៉ែត្រ។ ៣/-.ផ្លូវក្រាលកៅស៊ូDBST-(R-530) ចំណុចរូបសំណាកដៃប្រាំបី (R-154H) ប្រវែង ១.១៥០ម៉ែត្រ ទទឹង៦ម៉ែត្រ។ ៤/- ផ្លូវក្រាលកៅស៊ូ DBST (R-614) នៅចំណុចមុខស្នងការដ្ឋាននគរបាលខេត្ត ប្រវែង ១.៥០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ។

      ទាក់ទិនទៅនិងគម្រោងធ្វើការកែលម្អផ្លូវដែលរងការខូចខាតក្នុងរដូវវស្សាកន្លងមកនេះ លោកប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង បានថ្លែងឲ្យដឹងផងដែរថា៖ទាក់ទិនគម្រោងកែលម្អផ្លូវក្នុងក្រុងមន្ទីរមិនមានថវិកាក្នុងការថែទាំនិងជួសជុលឡើងវិញនោះទេ?គឺ៖វាទាក់ទងនិងកញ្ចប់ថវិកានៅថ្នាក់ក្រោមជាតិ ជាពិសេសនៅលើអាជ្ញាធរនៃរដ្ឋបាលខេត្តផ្ទាល់តែម្តង។ខាងមន្ទីរមានលទ្ធភាពជួយបានត្រឹមតែលុបជង្ហុកសំបុកមាន់តិចតួចតែប៉ុណ្ណោះ។

       តាមការចុះទៅពិនិត្យមើលផ្លូវក្នុងក្រុងបាត់ដំបង ក្នុងនោះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំសំខាន់ៗក្នុងក្រុមការងារក៏បានបន្តដំណើរពិនិត្យស្វែងយល់ពីស្ថានភាពនិងសោ

ភ័ណភាពនៃការរៀបចំសណ្តាប់ធ្នាប់នៃការលក់ដូរនៅក្នុងបរិវេណផ្សារបឹងឈូក ក្រុង-ខេត្តបាត់ដំបងនិងបន្តចុះពិនិត្យមើលតាមបណ្តាមាត់ច្រាំងនៃដងស្ទឹងសង្កែនិងពិនិត្យមើលសួនច្បារមាត់ស្ទឹងសង្កែត្រើយខាងកើតផងដែរ។ ដោយក្នុងនោះឯកឧត្តមអភិបាលខេត្ត បានណែនាំនិងជម្រុញឲ្យឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ពិនិត្យឡើងវិញ ដើម្បីស្នើឲ្យម្ចាស់គម្រោងដែលបានទទួលរ៉ាប់រងក្នុងការអភិវឌ្ឍមាត់ច្រាំងស្ទឹងនៅត្រើយខាងកើត ស្ថិតនៅចន្លោះស្ពានថ្មសម្តេចតេជោសែន និងស្ពានថ្មថ្មី១៣មករាមុខសាលាខេត្តចាស់ ឲ្យចាប់ផ្តើមដំណើរការរៀបចំសាងសង់ឡើងវិញ។

      ពាក់ព័ន្ធនិងគម្រោងកែលម្អសោភ័ណភាពផ្លូវខូច ការរៀបចំសួនច្បារតាមដងស្ទឹងសង្កែ ការកែលម្អច្រាំងស្ទឹងសង្កែ និង ការរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់ទីតាំងផ្សារបឹងឈូក ក្នុងនោះឯកឧត្តមអភិបាលខេត្ត គ្រោងនិងរៀបចំឲ្យមានកិច្ចប្រជុំពិភាក្សាជាមួយនិងបណ្តាស្ថាប័នមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរ រួមនិងដៃគូពាក់ព័ន្ធមួយចំនួនដើម្បីពិនិត្យលទ្ធភាព និងរិះរកដំណោះស្រាយក្នុងការពន្លឿន និង ខិតខំជម្រុញការងារទាំងនោះ ឲ្យដំណើរការបានប្រសើរឡើងវិញ និង ដើម្បីចៀសវាងនូវភាពអសកម្ម ដែលអាចកើតឡើងបាន៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner