រដ្ឋបាលខេត្តបាត់ដំបង ធ្វើសិក្ខាសាលារៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ ក្នុងក្របខណ្ឌនៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ របស់ខ្លួន

ថ្លែងក្នុងឱកាសបើកនៃអង្គសិក្ខាសាលារៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២២ ក្នុងក្របខណ្ឌនៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ របស់ខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងតាមបណ្តាឆ្នាំកន្លងមក ដោយសម្រេចបាននូវលទ្ធផលការងារសំខាន់ៗ ដោយបានបង្កើត ក្រុមកែលម្អជីវភាព ចំនួន ២៨៦ក្រុម មានសមាជិកចំនួន៧.៤៣១គ្រួសារ និងមានដើមទុនសរុប ប្រមាណ២លានដុល្លារ សម្រាប់ទម្លាក់ឲ្យក្រុមកែលម្អជីវភាពប្រើប្រាស់ជាកម្ចីដើម្បីយកទៅពង្រីក នូវ មុខរបរដូចជា៖ ការចិញ្ចឹមមាន់ទា ជ្រូក ការដាំដុះដំណាំទូទៅ រួមមាន៖ ដំណាំស្រូវ ដំណាំឧស្សាហកម្ម សិប្បកម្ម និងអាជីវកម្មខ្នាតតូចផងដែរ។និងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត គឺបានដេញថ្លៃគម្រោងសរុបចំនួន១៩គម្រោងស្មើនឹងទឹកប្រាក់ប្រមាណ៤,៥លានដុល្លារ ក្នុងនោះ អនុវត្តរួច១០០% បានចំនួន៣គម្រោង និងកំពុងតែអនុវត្ត៣គម្រោង។មិនទាន់អនុវត្ត ១៣គម្រោង និងបានបញ្ចប់នូវការសិក្សាគម្រោងបន្ថែម ចំនួន៦គម្រោង។

      តាមរយៈឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានគម្រោងថ្នាក់ជាតិ បានថ្លែងឲ្យដឹងថា៖គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២នឹងត្រូវអនុវត្ត រយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមពីត្រីមាសទី២ ឆ្នាំ២០១៨ដក់ត្រីមាសទី១ ឆ្នាំ២០២៣ក្នុងគោលបំណងដោយផ្តោតសំខាន់ កែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងខេត្តគោលដៅចំនួន៧ខេត្ត រួមមាន៖ខេត្តបាត់ដំបង, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, កំពង់ធំ, សៀមរាបនិងខេត្តបន្ទាយមានជ័យ។ដោយឡែក ចំពោះខេត្តបាត់ដំបង គឺមានឃុំសរុប ចំនួន៣០ឃុំ ក្នុងចំណោមស្រុកគោលដៅ ចំនួន៤ ដូចជា៖ ស្រុកមោងឫស្សី, រុក្ខគីរី, បវេល និងស្រុកថ្មគោល។តាមរយៈការបង្កើននូវផលិតភាពកសិកម្ម  ធន់នឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិងលទ្ធភាពចូលទៅដល់ទីផ្សារសម្រាប់កសិផលកសិកម្ម ដែលបានដាំដុះ និងចិញ្ចឹមសត្វតាមគោលដៅបច្ចេកទេសកសិកម្មឆ្លាតវៃ។

       តាមរយៈ នៃ អង្គសិក្ខាសាលារៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ នូវក្នុងក្របខណ្ឌនៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២របស់ខ្លួននៅថ្ងៃនេះគឺផ្តោតនូវគោលបំណងសំខាន់ដើម្បីធ្វើការពិភាក្សា និងឈានដល់ការព្រមព្រៀង ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ រួមមាន៖ មេឃុំ ក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្តទៅលើសកម្មភាពដែលនឹងត្រូវអនុវត្ត សម្រាប់ឆ្នាំ២០២២ និង សម្រាប់ឃុំគោលដៅទាំង៣០ ក្នុងខេត្ត។និងដើម្បីធ្វើការបូកសរុបសេចក្តីព្រាងផែនការដកម្មភាពនិងថវិកាឆ្នាំ២០២២ មុននិងឈានទៅដល់ការរៀបចំសិក្ខាសាលា ផែនការថ្នាក់ជាតិនិងដើម្បីបានស្តាប់នូវបទបង្ហាញពីសកម្មភាពនិងថវិកាប្រចាំសម្រាប់សមាសភាពពាក់ព័ន្ធ។

        ក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ុយ សុធាវី​ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍គម្រោងទាំងអស់ ដូចជា៖ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមូលនីធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម(IFAD)ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចីដើម្បីជួយប្រជាពលរដ្ឋកហរីក្រក្នុងខេត្តគោលដៅ តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២។

     តាមរយៈសិក្ខាសាលានេះផងដែរ ទាំងអស់គ្នាដែលជាសេវាករ លោកមេឃុំ និងក្រុមការងារ នឹងចូលរួមក្នុងការផ្តល់ នូវធាតុចូល ដែលជាតម្រូវការចាំបាច់ ដើម្បីកសាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ដើម្បីឲ្យចំគោលដៅក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួននីមួយៗ និងពីគោលបំណងសំខាន់របស់គម្រោងដើម្បីធ្វើឲ្យសម្រេចបាននូវលទ្ធផលសំខាន់ៗចំនួន៣រួមមាន៖១.ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទគាំទ្រផលិតភាពកសិកម្មនិងកែលម្អជីវភាព ដោយបង្កើនសមត្ថភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។២.ការកែលម្អបរិយាកាសសម្រាប់ការបង្កើតផលិតភាពកសិកម្ម ពិពិធកម្មកសិកម្ម និភាពធន់ទៅនឹងអាកាសធាតុ តាមបច្ចេកទេសកសិកម្ម”វៃឆ្លាត”(Smart Agriculter)។៣.ការគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការតាមដានត្រួតពិនិត្យជាប្រចាំ និងប្រជុំបច្ចេកទេស ដើម្បីតម្រង់ទិសក្នុងការអនុវត្តគម្រោង៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner