ក្រុមហ៊ុន Merck ចុះកិច្ចព្រមព្រៀងនឹងស្ថាប័នរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់អាជ្ញាប័ណ្ណឥតថ្លៃក្នុងការផលិតថ្នាំគ្រាប់ព្យាបាល Covid-19 ដល់១០៥ប្រទេស

វ៉ាស៊ីនតោន៖ ក្រុម​ហ៊ុន​ឱសថ Merck & Co ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​អាជ្ញាប័ណ្ណ​ជា​មួយអង្គការ​សុខភាព​សាធារណៈ​ Medicines Patent Pool (MPP) ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​​ ​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ផ្សេង​ៗ​​អាច​ផលិត​ថ្នាំ​គ្រាប់​​ព្យាបាលកូវីដ-១៩​​កាន់​តែ​ទូលំទូលាយ។ ​

​ក្រុម​ហ៊ុន Merck និង​អង្គការ MPP បានចេញសេចក្តីថ្លែងការណ៍រួមថា នេះ​ជា​អាជ្ញាប័ណ្ណ​តម្លាភាព ការ​ស្ម័គ្រ​ចិត្ត​​ជំរុញ​សុខភាព​សាធារណៈ​​លើក​ដំបូង​ សម្រាប់​​បច្ចេក​វិទ្យា​វេជ្ជសាស្ត្រ​កូវីដ១៩។ ក្រុម​ហ៊ុន​នានាអាច​នឹង​​អនុវត្ត​​​អាជ្ញាប័ណ្ណ​រង​ពី​​​ MPP និង​អាជ្ញាប័ណ្ណ​ដែល​រាប់​បញ្ចូល​ទាំង​ការ​ផ្ទេរ​បច្ចេកវិទ្យា​​​នៅ​តែ​ជា​អាជ្ញាប័ណ្ណ​ឥត​គិត​ថ្លៃ​ ដរាប​ណា​អង្គការ​សុខភាព​ពិភព​លោក (WHO) ​នៅ​តែ​ចាត់ចំណាត់​ថ្នាក់​ជំងឺ​ឆ្លង​កូវីដ១៩​ជាគ្រាអាសន្ន​សុខភាព​សាធារណៈនៃកង្វល់អន្តរជាតិ។ បន្ថែមលើនេះ ក្រុម​ហ៊ុនឱសថ Merck បានបញ្ជាក់ថា អាជ្ញាប័ណ្ណ​ឥត​ថ្លៃ​នឹង​​អនុវត្ត​​ដល់​ប្រទេស​​​​​ចំណូល​ទាប និង​មធ្យម​​ចំនួន​១០៥​ប្រទេស។ វា​អនុញ្ញាត​ឲ្យ​អ្នក​ផលិត​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​អង្គការ MPP ​ដើម្បី​ផលិត​ឱសថ​ Molnupiravir ជា​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩ ​ដែល​សហ​ការ​​ផលិត​​ជា​មួយ​ក្រុម​ហ៊ុន Ridgeback Biotherapeutics។

ទន្ទឹមនេះ រដ្ឋបាល​ចំណី​អាហារ និង​ឱសថអាមេរិក (FDA) ក៏បាននិង​​កំពុង​ពិចារណា​អោយ​អនុញ្ញាត​ប្រើ​ប្រាស់​បន្ទាន់​សម្រាប់​ថ្នាំ​គ្រាប់​ Molnupiravir ដែល​បាន​បង្ហាញ​ក្នុង​ការ​សាក​ល្ប​ គឺ​មាន​ប្រសិទ្ធភាព​​​កាត់​បន្ថយ​ហានិភ័យ​​មិន​អោយ​ឈឺ​ធ្ងន់ និង​ស្លាប់​​បាន​ពាក់​កណ្តាល​ដោយសារជំងឺ​កូវីដ១៩៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner