វេទិកា ភាពជាដៃគូនៃការគ្រប់គ្រងនិងប្រឹក្សាលើទុនបម្រុងអន្តរជាតិ (RAMP)

(ភ្នំពេញ):កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចូលរួមវេទិកាប្រចាំឆ្នាំ របស់ធនាគារពិភពលោក ស្តីពី ភាពជាដៃគូនៃការគ្រប់គ្រង និងប្រឹក្សាលើទុនបម្រុងអន្តរជាតិ (RAMP)។
វេទិកានេះ ត្រូវបានចូលរួមដោយថ្នាក់ដឹកនាំ ធនាគារកណ្ដាល នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងមន្ត្រីជំនា-
ញគ្រប់គ្រងទុនបម្រុងអន្តរជាតិ។ គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បីផ្តល់ជាឱកាសពិភាក្សា លើស្ថានភាពសេដ្ឋកិច្ចពិភពលោក បទពិសោធន៍ នៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងទស្សនវិស័យនាពេលខាងមុខ។
វេទិកានេះ បានលើកយកបទពិភាក្សា នូវប្រធានបទបច្ចុប្បន្នភាពសំខាន់ៗ រួមមាន៖ ការកើនឡើងនៃអត្រាអតិផរណា ក្នុងប្រទេសអភិវឌ្ឍន៍ ការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុ ការកើនឡើងកម្រិតបំណុល ការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ អត្រាអតិផរណា នៅសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ កំណើននេះ អាចនាំឱ្យធនាគារកណ្តាលអាមេរិក ផ្លាស់ប្តូរគោលនយោបាយរូបិយ-វត្ថុវិត្ថារកម្ម ដែលអាចមានឥទ្ធិពល ទៅដល់ប្រទេសកំពុងលូតលាស់ ដូចជា លំហូរចេញនៃមូលធន និងសម្ពាធលើអត្រាប្តូរប្រាក់ជាដើម។ ទន្ទឹមនេះ ការទប់ទល់ នឹងវិបត្តិជំងឺ កូវីដ-១៩ ក៏បាននាំឱ្យមានកំណើនបំណុល អង្គភាពគ្រួសារ សាជីវកម្ម និងរដ្ឋាភិបាលផងដែរ។
ចំពោះវិធានការឆ្លើយតប ប្រទេសកំពុងលូតលាស់ អាចពង្រឹងយន្តការគ្រប់គ្រងមូលធន ការពង្រឹងបណ្ដា-
ញសុវត្តិភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុក្នុងស្រុក។ ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ក៏គួរធ្វើពិពិធកម្មទាំងប្រភេទរូបិយប័ណ្ណ និងទ្រព្យសកម្ម ដើម្បីរក្សាតម្លៃទុនបម្រុងអន្តរជាតិ។ កិច្ចពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់ នៃការបញ្ចូលបញ្ហាផ្លាស់ប្តូរអាកាសធាតុ ទៅក្នុងនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងទុនបម្រុង ដែលនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ ដែលអាចនាំឱ្យប៉ះពាល់ដល់កំណើន និងការអភិវឌ្ឍ។ ជាមួយនឹងការរីកចម្រើន ផ្នែកបច្ចេកវិទ្យា កិច្ចពិភាក្សាបានលើកឡើង ពីការកើនឡើងនូវការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជំរុញឱ្យមានការបង្កើតនូវ រូបិយប័ណ្ណអេឡិចត្រូនិក ជាពិសេស ផ្អែកលើបច្ចេកវិទ្យា Blockchain ដូចជា Crytocurrencies និងរូបិយវត្ថុអេឡិចត្រូនិក របស់ធនាគារកណ្ដាល (CBDC) ដែលកំពុងក្លាយជាជំហានថ្មីនៃការវិវត្តនៃរូបិយប័ណ្ណ។
ក្នុងស្ថានភាព ដែលកំណើនសេដ្ឋកិច្ចពិភពលោក បានងើបឡើងជាបន្តបន្ទាប់ ជាមួយនឹងល្បឿនខុសគ្នា និងមានភាពមិនច្បាស់លាស់ ខ្ពស់នៅឡើយ ធនាគារកណ្ដាល មានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងជំនឿទុក
ចិត្តលើសេដ្ឋកិច្ច និងគាំទ្រកំណើន តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុ ការគរពូនទុនបម្រុងអន្តរជាតិ និងវិភាគម៉ាក្រូប្រុងប្រយ័ត្ន។ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តតួនាទីទាំងនេះ ធនាគារកណ្តាល ក៏ត្រូវតែរក្សាបានឯករាជ្យភាព នៅក្នុងប្រតិបត្តិការរបស់ខ្លួនដែរ។
គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារពិភពលោក ដែលក្នុងនោះ
មានការគ្រប់គ្រង ទុនបម្រុងអន្តរជាតិផងដែរ ហើយធនាគារពិភពលោក បានផ្តល់ជំនួយបច្ចេកទេស និងកសាងសមត្ថភាពជំនាញ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា។ បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជា មានចំនួនប្រមាណ ២១ ប៊ីលានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់ ជាងកម្រិតអប្បបរមា ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។
ធនាគារជាតិនៃកម្ពុជា ក៏បានយកចិត្តទុកដាក់ លើការប្រែប្រួលអាកាសធាតុ ដោយបានវិនិយោគទុនបម្រុងមួយផ្នែក លើវិស័យដែលគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងបានបញ្ចូល ESG ទៅក្នុងការណែ
នាំនៃការវិនិយោគ។ ចំពោះការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានគាំទ្រការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើប និងបានដាក់ចេញប្រព័ន្ធទូទាត់ បាគង ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ជាប្រព័ន្ធទូទាត់កន្លោង ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តម្លាភាព គណនេយ្យភាព និងអាចទូទាត់ឆ្លងគ្រឹះស្ថានបាន (interoperability) ដើម្បីសម្រួលការទូទាត់ទាំងក្នុងស្រុក និងសមាហរណកម្មទៅក្នុងតំបន់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner