ទីបំផុតអ៊ីរ៉ង់ឯកភាពបន្តការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញនៅខែវិច្ឆិកាខាងមុខនេះ

តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់បានឯកភាពចាប់ផ្តើមបន្តការចរចាឡើងវិញនាខែក្រោយនេះ ជាមួយនឹងបណ្តាប្រទេសមហាអំណាចពិភពលោក ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។

នេះបើតាមការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri នៅថ្ងៃពុធម្សិលមិញ បន្ទាប់ពីបានពិភាក្សាជាមួយអ្នកសម្របសម្រួលសហភាពអឺរ៉ុបក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។ ចំនែកឯអ្នកចូលរួមផ្សេងទៀតនៅក្នុងកិច្ចចរចាដែលរួមបញ្ចូលការចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែត្រូវការបញ្ជាក់ពីការវិលត្រឡប់មកកាន់តុវិញ។ លោក Ali Bagheri ដែលជាប្រធានក្រុមអ្នកចរចារបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានសរសេរសារបង្ហោះនៅលើធ្វីតធើថា យើងយល់ព្រមចាប់ផ្តើមការចរចានៅមុនដំណាច់ខែវិច្ឆិកា ខណៈដែលកាលបរិច្ឆេទពិតប្រាកដនឹងត្រូវបានប្រកាសនៅក្នុងសប្តាហ៍បន្ទាប់។ កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង ចំពោះវិបត្តិលើកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ខ្លួន មានភាពធូរស្រាល ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដើរចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ ២០១៨ និងបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ។

អ្នកស្នងតំណែងរបស់លោក ត្រាំ គឺលោក ចូ បៃដិន បាននិយាយថា គាត់ត្រៀមខ្លួនជាស្រេចក្នុងការចូលទៅក្នុងកិច្ចព្រមព្រៀងនេះឡើងវិញ ដរាបណាអ៊ីរ៉ង់បំពេញលក្ខខណ្ឌសំខាន់ៗ រួមទាំងការអនុលោមពេញលេញជាមួយនឹងកិច្ចព្រមព្រៀងដែលខ្លួនបានរំលោភបំពានម្តងហើយម្តងទៀត ដោយការបង្កើនសកម្មភាពនុយក្លេអ៊ែរចាប់តាំងពីសហរដ្ឋអាមេរិកបានចាកចេញពីកតិកាសញ្ញា។ បច្ចុប្បន្នប្រទេសជាភាគីដែលនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មានដូចជា អ៊ីរ៉ង់ រុស្ស៊ី ចិន បារាំង អង់គ្លេស អាល្លឺម៉ង់ និងសហភាពអឺរ៉ុប៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner